ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ​១៦ ខែមីនា ឆ្នាំ​ ២០២២ មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​ក្នុង​បុរី​ជីបម៉ុង ក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​ខូចខាត​រថយន្ត​ចំនួន​ ២​ គ្រឿង និង ទ្រព្យសម្បត្តិ​មួយចំនួនធំ​។ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះទេ​។

លោក ព្រហ្ម យ៉ន ប្រធានការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គិភ័យ​នេះ បាន​ឆាបឆេះ​នៅ​វេលា​ម៉ោង​ប្រមាណ​ ៧ ​ព្រឹក​។ គ្មាន​នរណាម្នាក់​ស្នាក់នៅ​ក្នុងផ្ទះ​ល្វែង​នោះទេ ប៉ុន្តែ​មាន​ស្ដុក​គ្រឿង​សម្ភារ​សំណង់ ក្រដាស​សែន​កុងម៉ា និង​គ្រឿង​ឧបករណ៍ សម្ភារ​អគ្គិសនី​មួយចំនួនទៀត​។

លោក​បញ្ជាក់ថា​៖ «​ដោយ​បារម្ភ​ពី​ការឆេះ​រាល​កាន់តែ​ខ្លាំង ក្រុម​សមត្ថកិច្ច​យើង​បានសម្រេច​ទម្លាយ​កញ្ចក់​ទ្វារផ្ទះ​ហើយ​បាញ់​ទឹក​ចូលទៅ​ខាងក្នុង និង​ពី​ជាន់​ខាងលើ ដើម្បី​ទប់​អណ្ដាតភ្លើង​កុំឱ្យ​រាលដាល​បន្ត​។ ទោះយ៉ាងណា​រថយន្ត​ ២ ​គ្រឿង និង​ទំនិញ​ដែល​បាន​ស្តុក​ទុក​នៅក្នុង​អគារ​ផ្ទះល្វែង​នេះ​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។ ប៉ុន្តែ​គ្មាន​អ្នក​រងរបួស ឬ​ស្លាប់​ឡើយ​»​។

លោក​ថា តាម​ការត្រួតពិនិត្យ​អង្កេត​នៅ​កន្លែង​កើតហេតុ​ក្នុង​ជំហាន​ដំបូង​នេះ ក្រុមមន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា គ្រោះ​អគ្គិភ័យ​នេះ អាច​បណ្ដាល​មកពី​ «​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​» ប៉ុន្តែ​ក្រុមការងារ​កំពុង​បន្ត​ការស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​។

លោក សុខ ចាន់ អាយុ​ ៤២ ​ឆ្នាំ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Parts Station & Service Co.; Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្ទះល្វែង​ដែល​ឆេះ​នោះ គឺជា​កម្មសិទ្ធិ​របស់​កញ្ញា ប៊ូ នីកា ក្មួយ​ម្ចាស់​ក្រុមហ៊ុន Parts Station & Service Co.; Ltd​។ ផ្ទះ​នេះ​មាន​ទីតាំង​ស្ថិត​នៅជាប់​ជញ្ជាំង​គ្នា​ជាមួយ​ហាង​លក់ទំនិញ​របស់​ក្រុមហ៊ុន និង​មាន​ស្ដុក​ទំនិញ​ជាច្រើន​ប្រភេទ ដែល​ភាគច្រើន​ជា​គ្រឿង​សម្ភារ​សំណង់ ក្រដាសសែន​កុងម៉ា និង​គ្រឿង​ឧបករណ៍ សម្ភារ​អគ្គិសនី​។

លោក ចាន់ ថា​៖ «​ខ្ញុំ​មិនដឹងថា អគ្គិភ័យ​នេះ​បង្កឡើង​ពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​ទេ ព្រោះ​គ្មាន​នរណាម្នាក់​ស្នាក់នៅ​ក្នុងផ្ទះ​ហ្នឹង​ទេ​។ នៅពេលដែល​យើងខ្ញុំ​មកដល់​កន្លែងធ្វើការ ក៏​ស្រាប់តែ​ឃើញ​អគ្គិភ័យ​ឆាបឆេះ​ជា​អណ្ដាតភ្លើង​យ៉ាង​ពេញបន្ទុក និង​ឆាប​ចេញមកក្រៅ ឆេះ​រថយន្ត​ចំនួន​ ២ ​គ្រឿង ដែល​ចត​នៅខាងមុខ​ផ្ទះ​»​។

លោក​ ចាន់ ថា នៅពេលនេះ​កញ្ញា ប៊ូ នីកា នៅ​មិនទាន់​អាច​ប៉ាន់ប្រមាណ​អំពី​ការខូចខាត​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​នោះទេ ដោយ​គល់បញ្ជី​នៃ​មុខទំនិញ​ត្រូវបាន​ឆេះ​អស់​ទៅហើយ​។ ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ១៦ ​គ្រឿង ដោយ​ប្រើ​រយៈពេល​ជាង ​២ ​ម៉ោង​៕

វីដេអូ៖