ភ្នំពេញៈ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានទទួល​បណ្តឹង​សរុប​ចំនួន ១៦៦ បណ្តឹង​ដែល​ភាគច្រើន​ជា​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ប្ដឹង​ពាក់ព័ន្ធ​ជាមួយ​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ដែល​មិនចេះ​អក្សរ ក្រោយពី​មានការ​បិទ​ផ្សាយ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ដំបូង​របស់​គណបក្សនយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ២០២២​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែមីនា​នេះ ថា គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលបាន​បណ្តឹង​សរុប​ទាំងអស់ ១៦៦ ​បណ្តឹង ដោយនៅ​ក្នុងនោះ ១៤៦ ​បណ្តឹង​ត្រូវបាន​ប្តឹង​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ប៉ុន្តែ ១៤៤ បណ្តឹង​ត្រូវបាន​បដិសេធ ពាក់ព័ន្ធ​នឹងមិន​ឈរឈ្មោះ​របស់​បេក្ខជន​។ ចំពោះ ២ បណ្តឹង​ទៀត​ពាក់ព័ន្ធ​ការផ្តន្ទាទោស​មន្ត្រី គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត ប៉ុន្តែ​ត្រូវបាន​ធ្វើលិខិត​រដ្ឋបាល​បដិសេធ​ការប្តឹង​នោះ​។

លោក​បន្តថា ជាមួយ​គ្នា​នេះ នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ទទួលបាន​ចំនួន ៧ បណ្តឹង ដោយ​ក្នុង​នោះបាន​ប្តឹង​ផ្តន្ទាទោស សមាសភាព​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការបោះឆ្នោត ២ បណ្តឹង និង ៥ បណ្តឹង​ទៀត ករណី​ប្តឹងតវ៉ា ការបដិសេធ​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​នៃ​គណបក្សនយោបាយ​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត បដិសេធ​មិន ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​។ ដូច្នេះ គណបក្ស​​នយោបាយ​មាន​សិទ្ធិ​ប្តឹង​មក​គណៈកម្មការ​រាជធានី ខេត្ត​​រៀបចំ​ការបោះឆ្នោត​។

បើតាម​លោក សោម សូរីដា ចំណែក គ.ជ.ប ទទួលបាន​បណ្តឹង​សរុប​ចំនួន ១៤ បណ្តឹង ដោយ​ក្នុងនោះ ១៣ បណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​ដំបូង និង ១ បណ្តឹង ប្តឹង​បន្ត​ពី​គណៈកម្មការ​រាជធានី ខេត្ត​​រៀបចំ​ការបោះឆ្នោត ប្តឹង​ឱ្យមាន​ការ​ផ្តន្ទាទោស​មន្ត្រី គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។ ជាមួយ​គ្នានេះ គ.ជ.ប ទើបតែ​បើកសវនាការ​លើក​ដំបូង ដើម្បី​ដោះស្រាយ​លើ​បណ្តឹង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដំបូង​នៅ​ខេត្តកោះកុង​។

លោក​ថ្លែងថា​៖ «​ករណី​នៅ​ខេត្តកោះកុង​នេះ គ.ជ.ប បានសម្រេច​លុបឈ្មោះ បេក្ខជន​ចំនួន ៤ រូប និង​រក្សា​ឈ្មោះ ១ រូប​ទេ មកពី​គណបក្ស​ភ្លើងទៀន ដោយ​ការប្តឹង​នេះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បេក្ខជន​មិនចេះ​អាន និង​មិនចេះ​សរសេរ​អក្សរ​ខ្មែរ​។ ចាប់ពី​ (​ថ្ងៃទី​ ១៨ មីនា​) នឹង​បន្ត​បើកសវនាការ និង​ដោះស្រាយ​បណ្តឹង​បេក្ខជន​លើកដំបូង​ទៀត​។ បណ្តឹង​ទាំងអស់​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើងទៀន​»​។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែមីនា​ថា គណបក្ស​ភ្លើងទៀន​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ច្រើនជាងគេ​នៅ​គ្រប់ ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​បានធ្វើ​ឱ្យមាន​ការជួប​នូវ​បញ្ហា​ជាច្រើន ជាពិសេស​មានការ​គំរាមកំហែង​មកលើ​បេក្ខជន​ឈរឈ្មោះ​ឱ្យ​គណបក្ស​។ លោក​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យ​ទៅ​បើ​បេក្ខជន​របស់​យើង បើ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់ ដូចជា​មិនចេះ​អក្សរ ឬ មិនចេះ​អាន យើង​ត្រៀម​ផ្លាស់ប្តូរ ប៉ុន្តែ​ក្នុងករណី​ណា​ដែល​ស្រាវជ្រាវ​និង​ពិនិត្យ វា​មិន ដូចជា​ការសម្រេច​របស់ គ.ជ.ប យើង​បន្ត​ប្តឹង​ទៀត ដើម្បី​ទទួលបាន​ភាពយុត្តិធម៌​»​។ គ.ជ.ប ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​កាលពីដើម​ខែមីនា មាន​គណបក្ស​នយោបាយ​ចំនួន ១៧ បាន​ចុះបញ្ជី ដែល​បេក្ខជន​សរុប​ចំនួន ៨៤ ២០៨ រូប​ក្នុងនោះ​ស្ត្រី​សរុប​ចំនួន ២៦ ៥៨៤ រូប​៕

វីដេអូ៖