បន្ទាយមានជ័យៈ នគរបាល​ព្រហ្មណ្ឌ​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ១៦ មីនា កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការខេត្ត​ បន្ទាប់ពី​ចាប់ខ្លួនបាន​ ១​ ថ្ងៃ​ករណី​វាយ​ម្តាយ តែ​ត្រូវ​កូនស្រី​អាយុ​ ១ ​ខួប​ ៩ ​ខែ​ស្លាប់​ប្រព្រឹត្ត​នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​ ១៥ មីនា​។

លោក​ នូ ជីវ័ន្ត ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ មីនា​ថា ជនសង្ស័យ​ឈ្មោះ បូ ធំ អាយុ ២៨ ​ឆ្នាំ ហើយ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់លោក​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ទើប​បញ្ជូន​មកពី​ស្រុក​ហើយ​នៅ​ (​ថ្ងៃទី​ ១៦ មីនា​)​សមត្ថកិច្ច​ជំនាញ​របស់ខ្ញុំ​កំពុង​សាកសួរ​ជនសង្ស័យ​បន្តទៀត​។ យើង​កំពុង​រៀបចំ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​គាត់​ទៅ​តុលាការ​»​។

លោក​បន្តថា បើតាម​របាយការណ៍​របស់​នគរបាល​ស្រុក​ថ្មពួក​បង្ហាញថា នៅវេលា​ម៉ោង​ប្រមាណ​ជា​ ២ ​ជិត​ភ្លឺ ថ្ងៃទី​ ១៥ ​មីនា ជនសង្ស័យ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​នៅពេល​ឈ្លោះ​គ្នា​នោះ​ប្រពន្ធ​របស់​ជនសង្ស័យ​បាន​វាយ​តដៃ​ជាមួយ​ប្តី​។ នៅពេលនោះ​ជនសង្ស័យ​ប្រហែល​ជា​ខឹង​ខ្លាំង​ក៏​យក​កៅអី​ជ័រ​វាយ​ប្រពន្ធ​តែ​វាយ​ប្រពន្ធ​ខុស​ក៏​មក​ត្រូវចំ​សៀតផ្កា​កូនស្រី​បណ្តាលឱ្យ​របួសធ្ងន់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ខាង​ប្រពន្ធ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​បាន​ដាច់ខ្យល់​ស្លាប់​ បន្ទាប់ពី​ដល់​មន្ទីរពេទ្យ​។

លោក ហ៊ិប សាមៀត ជា​មេភូមិ ប្រសាទ​ត្បែង​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១៦ មីនា​ថា គ្រួសារ​មួយ​នេះ​ទើប​តែមាន​កូនស្រី​ម្នាក់​ឈ្មោះ ធំ ស្រីនី អាយុ​ ១ ​ខួប​ ៩ ​ខែ ជនសង្ស័យ​បាន​ដើរ​ស៊ីឈ្នួល​លីសែង​ឱ្យគេ​ ដើម្បី​យកលុយ​មក​ផ្គត់ផ្គង់​ជីវភាព​។ ជនសង្ស័យ​ក៏​ជា​មនុស្ស​ញៀន​ស្រា​ផងដែរ​៕