សៀមរាបៈ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន ១៤ ​បំពង់ នៅតាម​ម៉ូតូ​ចល័ត​ចំនួន ៧ ​គ្រឿង ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ប្រើប្រាស់​សម្រាប់​ល្បាត និង​ប្រចាំការ​នៅតាម​គោលដៅ​។ ការបំពាក់​នេះ​ដើម្បី​បង្ការ និង​ជួយសង្គ្រោះ​បឋម​ពេល​មាន​អគ្គិភ័យ​កើតឡើង​។

លោក សោម វីរៈ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែមីនា​ថា ក្នុងពេល​កន្លងមក​ធ្លាប់មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្តបុក​គ្នា​បណ្តាលឱ្យមាន​អគ្គិភ័យ មានការ​ឆេះ​តូបអាហារ និង​មាន​អគ្គិភ័យ​ទ្រង់ទ្រាយ​តូច​កើតឡើង​ផ្សេងៗ​មួយចំនួនទៀត ដែល​មន្ត្រី​ចរាចរណ៍​បាន​ទៅដល់​មុន ប៉ុន្តែ​មិនមាន​វិធី​ក្នុង​ការជួយ ក្រៅពី​ការសម្រួល​ចរាចរណ៍​នោះ ទើប​មាន​ការបំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នេះ​ដើម្បី​បាន​ជួយសង្គ្រោះ​បឋម​កុំឱ្យ​មាន​ការឆេះ​រីករាលដាល​ខ្លាំង​។

លោក​ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ប្រាប់ថា ការបំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នេះ​ទើប​ធ្វើ​ឡើងជា​លើកដំបូង ដែលមាន​ចំនួន ១៤ ​បំពង់ បំពាក់​លើ​ម៉ូតូ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន ៧​ គ្រឿង ក្នុង​ ១ ​គ្រឿង បំពាក់ ២​ បំពង់ ហើយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​សម្រាប់តែ​ក្នុង​ក្រុង​សៀមរាប​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ប៉ូលិស​ចរាចរណ៍​តែង​ទៅដល់​គោលដៅ​មុន ហើយ​ប៉ូលិស​ចរាចរណ៍​ច្រើនតែ​នៅតាម​គោលដៅ​គ្រប់​ទីកន្លែង​ផង អ៊ីចឹង​ការបំពាក់​នៅលើ​ម៉ូតូ​ប៉ូលិស​ចរាចរណ៍​ជា​រឿង​ល្អ​មួយ​។ នៅពេល​ដែល​ទទួល​ព័ត៌មាន ពេល​ភ្លើង​ទើបតែ​ចាប់ផ្តើម​ឆេះ យើង​ទៅដល់​ទាន់ពេលវេលា យើង​អាច​ធ្វើការ​ពន្លត់​ជួយសង្គ្រោះ​បាន មិន​ឱ្យ​រាលដាល​ធ្ងន់ធ្ងរ​»​។

លោក សោម វីរៈ បានឱ្យដឹង​ទៀតថា បំពង់​ពន្លត់​អគ្គិភ័យ​នេះ​ទៀតសោត គឺជា​របស់​ស្ថាប័ន​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កើតចេញពី​គំនិត​ផ្តួចផ្តើម​របស់លោក​ស្នងការ​ផ្ទាល់ មិនមែន​ជំនួយ​ពី​ខាង​ណា​ឡើយ ប៉ុន្តែ​ទៅ​ថ្ងៃក្រោយ​បើ​មាន​សប្បុរសជន​ជួយផ្តល់​បំពង់​ពន្លត់​អគ្គិភ័យ​នោះ មន្ត្រីនគរបាល​នឹង​ពង្រីក​ការបំពាក់​បន្ថែម​ទៅតាម​អធិការដ្ឋាន​នគរបាល​តាម​ស្រុក​ផ្សេងៗ​ទៀតផង​ដែរ​។ ដើម្បីឱ្យ​មន្ត្រីនគរបាល​ចរាចរណ៍ ចេះ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស នៅ​ថ្ងៃទី​ ១៥ ខែមីនា មន្ត្រី​ជំនាញ​ការិយាល័យ នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ធ្វើការ​បង្ហាត់បង្រៀន​អំពី​របៀប​រក្សាទុក​បំពង់​ពន្លត់​អគ្គិភ័យ និង​របៀប​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដោយបាន​ធ្វើកា​រហាត់​សម​ជាក់ស្តែង​។

លោក​ថ្លែងថា​៖ «​យើង​ជា​ប៉ូលិស​ចរាចរណ៍ យើង​ដឹង​ហើយ​ខ្លះៗ ប៉ុន្តែ​វា​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដូច្នេះហើយ​ទើប​យើង​បាន​អញ្ជើញ​គាត់​ដើម្បី​មក​ធ្វើ​បទ​បង្ហាញ​ដោយ​យើង​ធ្វើបាន​រួចរាល់​ហើយ ឥឡូវ​ចាប់ផ្តើម​ដំណើរការ ដោយ​ម៉ូតូ​ហ្នឹង​យើង​ដាក់​នៅតាម​គោលដៅ បើសិន​ជាមាន​បញ្ហា​អី គឺ​យើង​ទៅប្រើ​​តែម្តង​» ។

លោក រិន ដាវេត ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​សៀមរាប​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ១៦ ខែមីនា​ថា នេះ​ជា​រឿង​ល្អ​មួយ​គួរតែ​គាំទ្រ ព្រោះ​បើសិន​ជាមាន​ហានិភ័យ​បន្ទាន់​អ្វីមួយ​កើតឡើង​ ដោយសារ​អគ្គិភ័យ អាច​នឹង​ជួយ​សង្គ្រោះបាន​ទាន់ពេល​។ លោក​ថ្លែងថា​៖ «​ផ្ទះ​ខ្លះ​ផ្ទុះ​កំប៉ុង​ហ្គាស​តូចៗ​ហ្នឹង​ក៏​អាច​បង្ក​ជា​អគ្គិភ័យ​រហូត​ឆេះ​ផ្ទះ និង​រាលដាល​ខ្លាំង​ដល់ផ្ទះ​អ្នកជិតខាង​ក៏មានដែរ អ៊ីចឹង​ខ្ញុំ​គិតថា ការពន្លត់​ហេតុ​តិចតួច​ដំបូង​ហ្នឹង​សំខាន់​ណាស់ ហើយ​មាន​តែ​ប៉ូលិស​ចរាចរណ៍​ទេ​មកដល់​​មុនគេ អ៊ីចឹង​បើ​គាត់​មាន​បំពង់​ហ្នឹង​គាត់​អាចជួយ​បាន​»៕