ភ្នំពេញៈ គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC) អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ការពារ​ទន្លេមេគង្គ​ជាបន្ទាន់​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​អាស្រ័យ​ផល​ពី​ទន្លេមេគង្គ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ទន្លេមេគង្គ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រែប្រួល​អាកាសធាតុ​។

MRC នា​ថ្ងៃទី​ ១៥ ខែមីនា បានចេញ​ផ្សាយ​របាយការណ៍​កម្រាស់​ ១៧៤ ​ទំព័រ ដែល​បានបង្ហាញ​ពី​វិធានការ និង​សូចនាករ ដែល​ជួយ​លើកកម្ពស់​ការយល់ដឹង​ក្នុង​តំបន់​ទាំងមូល​ពី​របៀប​ដែល​ការអភិវឌ្ឍ ទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែល​កាន់តែ​ធ្ងន់ធ្ងរ ជះឥទ្ធិពល​លើ​អាង​ទន្លេមេគង្គ​ក្រោម ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។

MRC បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៥ ខែមីនា​ថា​៖ «​សព្វថ្ងៃនេះ​ដោយសារ​ទន្លេមេគង្គ ដែល​ទ្រទ្រង់​អាយុជីវិត​ប្រជាជន​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការប្រែប្រួល​អាកាសធាតុ​របាយការណ៍​ថ្មី​មួយ​អំពាវនាវ​ឱ្យមាន​ការទូត​ទឹកជា​បន្ទាន់​ ដើម្បី​គាំពារ​ទន្លេធំ​ជាងគេ​បំផុត​របស់​អាស៊ីអាគ្នេយ៍ និង​លើកកម្ពស់​ការអភិវឌ្ឍ​ដោយ​ចីរភាព​សម្រាប់​ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​តំបន់​នេះ​»​។

MRC បញ្ជាក់ថា សកម្មភាព​ទាំងនេះ​បាន​ជំរុញ​ប្រទេស​ជា​សមាជិក (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) ឱ្យ​ចាត់វិធានការ​បែប​សម្របសម្រួល​ និង​មិន​ធ្លាប់មាន​ពីមុនមក រួមទាំង​ប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​នៅ​ផែ្នក​ខាងលើ​ទន្លេ​ទាំង ២ គឺ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា​។

របាយការណ៍​បាន​លើក​ជា​អនុសាសន៍​ថា ទិន្នន័យ​ទាន់​ពេលវេលា និង​ចំណេះដឹង​ហ្មត់ចត់​បែប​វិទ្យាសាស្ត្រ គួរតែ​ជំរុញ​អ្នក​រៀបចំ​ផែនការ និង​អ្នកតាក់តែង​គោលនយោបាយ​ក្នុងការ​សម្រេចចិត្ត និង​ការអនុវត្ត​របស់គេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ដកស្រង់​សម្តី លោក វង្សសូវុន ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ថៃ​ថា​៖ «​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​បង្ហាញ​នូវ​ផលវិបាក​យ៉ាងខ្លាំង សម្រាប់​សុខុមាលភាព​សង្គម​ និង​សេដ្ឋកិច្ច​របស់​យើង​ដែល​វា​តំណាងឱ្យ​បញ្ហា​ប្រឈម​កំពុង​កើតឡើង​មួយ​សម្រាប់​អ្នក​តាក់តែង​គោលនយោបាយ​»​។

លោក​ថ្លែងថា ការទូត​ទឹក​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង ក្នុង​តំបន់​របស់​យើង ជាពិសេស​ទាក់ទិន​នឹង​កំណើន​នៃ​ចំនួន​គម្រោង​ទំនប់​វារីអគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ដទៃទៀត ព្រមទាំង​សកម្មភាព​អភិវឌ្ឍន៍​នានា​។ របាយការណ៍​នេះ បាន​ដកស្រង់​ឧទាហរណ៍​ជាក់ស្តែង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ប្រចាំ​តំបន់​របស់ខ្លួន ដែល​កាលពី​ឆ្នាំ​ ២០១៧ វា​ត្រូវបាន​ពង្រីក​ដោយ​ដាក់បញ្ចូល​នូវ​ការព្យាករ​ពី​គ្រោះរាំងស្ងួត​។ ចាប់តាំងពី​ពេលនោះ​មក សមត្ថភាព​ព្យាករណ៍​នេះ បាន​ជួយសង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាជន​ជាច្រើន​ដែល​រស់នៅ​តាម​អាង​ទន្លេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា អ្វីដែល​គួរឱ្យ​កត់សម្គាល់​ជាពិសេស​នោះ​គឺថា ការព្យាករ​ដែល​បាន​កែលម្អ​នេះ គឺជា​ផលិតផល​នៃ​ទំនាក់ទំនង​តំបន់​កាន់តែ​ស៊ីជម្រៅ​ជាពិសេស​ជាមួយ​នឹង​ទីក្រុង​ប៉េកាំង​។ នេះ​គឺជា​លើកដំបូង​បំផុត ដែល​ប្រទេស​ចិន​យល់ព្រម​ចែករំលែក​ទិន្នន័យ​ជលសាស្ត្រ​រដូវប្រាំង​របស់​គេ​។

កាលពី​ឆ្នាំ​ ២០២១ MRC និង​អាស៊ាន បានរៀបចំ​សម្ពោធ​កិច្ចសន្ទនា​ស្តីពី​សន្តិសុខ​ទឹក​ ដើម្បី​ជំរុញឱ្យមាន​ដំណោះស្រាយ​បែប​នវានុវត្តន៍​ចំពោះ​បញ្ហា​ប្រឈម​ដែល​កើតមាន​សម្រាប់​សន្តិសុខ​ទឹក​។

លោក​ សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​កាលពី​ថ្ងៃទី​ ១៥ ខែមីនា​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ទន្លេមេគង្គ​គឺជា​ប្រភពធនធាន​ដ៏​សំខាន់​នៃ​ជីវភាព​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ទន្លេមេគង្គ​គឺជា​ឧស្សាហកម្ម​ជលផល​ទឹកសាប​ធំជាងគេ​បំផុត​របស់​ពិភពលោក ដែលមាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ ដែល​ប្រទេស​ក្នុង​តំបន់​ទទួលបាន​ភោគផល​ពី​ទន្លេមេគង្គ​។ ទន្លេមេគង្គ​នេះ គឺជា​ជម្រក​ជីវសាស្ត្រ​ដ៏ធំ​សម្បូរបែប​ហើយ​លក្ខណ​ពិសេស​របស់​វា​ផ្តល់នូវ​ជីវចម្រុះ ក៏ដូចជា​ប្រូតេអ៊ីន (Protein) សម្រាប់​សត្វ​ និង​សម្រាប់​មនុស្ស​ជាង​ ៦០ ​លាន​នាក់​ដែល​អាស្រ័យ​តាម​ដង​ទន្លេមេគង្គ​៕