ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​បន្ដ​សម្របសម្រួល​ភាគី​ក្នុង​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ដើម្បី​ដោះស្រាយ​គ្នា​បន្តទៀត​ បន្ទាប់ពី​បាន​ជួយ​អន្ដរាគមន៍​ឱ្យ​ដោះលែង​មេដឹកនាំ​ និង​សមាជិក​សហជីព​ក្រុមហ៊ុន​នេះ​ចំនួន​ ៨​ នាក់​ឱ្យបាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ ក៏ប៉ុន្តែ​ក្រសួង​​បាន​អំពាវនាវ​កុំឱ្យ​មានការ​ប្រមូលផ្ដុំ​​គ្នា​បំពាន​វិធានការ​សុខាភិបាល​ ដែល​នាំឱ្យ​ប៉ះពាល់​ប្រយោជន៍​។

ការអំពាវនាវ​នេះ​ខណៈ​ក្រសួង​នេះ​​បន្តធ្វើ​ការសម្របសម្រួល​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នេះ​ដោយបាន​អញ្ជើញ​ភាគី​ទាំង​ ២ ​មក​ប្រជុំ​ដោះស្រាយ​បន្ត​នៅ​រសៀល​ថ្ងៃទី​ ១៦ ខែមីនា​ឆ្នាំ​ ២០២២​។

ទន្ទឹមនេះដែរ ក្រសួង​ការងារ​បាន​អំពាវនាវ​ដល់​អតីតបុគ្គលិក​ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យ​បញ្ឈប់​ការប្រមូល​ផ្តុំ​គ្នា​ដែល​បំពាន​នឹង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជំងឺ​កូវីដ ​១៩ ហើយ​បើ​ពុំនោះ​​ទេ ពួកគេ​នឹង​ប្រឈម​ការបណ្តេញចេញ​ដោយ​សន្តិវិធី ហើយ​ប្រឈម​ការបាត់បង់​ផលប្រយោជន៍​ហិរញ្ញវត្ថុ​ទៀតផង​។

ទាក់ទង​នឹង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើល​នេះ រាជរដ្ឋាភិបាល​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ កាលពី​ថ្ងៃទី​ ១៥ ខែមីនា ដោយបាន​​លើកឡើងថា ក្រសួង​ការងារ​កំពុងធ្វើការ​ដោយ​មិនចេះ​នឿយហត់​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​។

តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យដឹង​​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវបាន​បង្ខំ​ឱ្យ​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​ប្រហែល​ ២៥% ​មក​នៅត្រឹម​ជាង ៦ ០០០ ​នាក់​ដោយសារតែ​រង​ផលប៉ះពាល់​ជំងឺ​កូវីដ​ ១៩ មកលើ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​។ ​ក្នុងនោះ​កម្មករនិយោជិត​ចំនួន​ ៣៧៣ ​នាក់​បាន​ជំទាស់​ហើយ​កំពុង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ខ្លួន​ និង​អតីត​បុគ្គលិក​ផ្សេងទៀត​ចូល​​ធ្វើការ​វិញ​រួម​នឹង​ការទាមទារ​ផ្សេងទៀត​។

ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​ ១៥ ​ខែមីនា​ឆ្នាំ​ ២០២២ ​អតីត​បុគ្គលិក​ចំនួន​ ១៥៣ នាក់ ក្នុង​ចំណោម​ ៣៧៣ ​នាក់​បាន​យល់ព្រម​ទទួល​​យក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន​ដែល​ធ្វើឱ្យ​អតីត​បុគ្គលិក​ដែល​មិន​ព្រម​ទទួល​សំណង​នៅសល់​ត្រឹម ២២០ ​នាក់​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ថ្ងៃទី ​១២ ​ខែមីនា អតីត​បុគ្គលិក​ចំនួន ​៨ ​នាក់​បាន​​ធ្វើលិខិត​មក​ក្រសួង​ការងារ​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឱ្យ​ពួកគេ​បាន​នៅក្រៅ​ឃុំ​និ ង​ធ្វើជា​តំណាង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។

តាមរយៈ​សំណើ​នេះ ក្រសួង​បានស្នើ​​ទៅ​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​បន្ត​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​មាន​​ការដោះលែង​អ្នក​ទាំង​ ៨​ រូប​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​យប់​ថ្ងៃទី​ ១៤ ​ខែមីនា​។

ទន្ទឹមនឹងនេះ តប​តាម​សំណើ​អតីតបុគ្គលិក​ចំនួន​ ៣​ នាក់​ដែល​កំពុង​ជាប់ឃុំ​ក្រសួង​ក៏បាន​រៀបចំ​សំណើ ដើម្បី​ពិនិត្យ​ ​និង​ផ្ដល់​កិច្ច​អន្តរាគមន៍​ដោះលែង​តាម​នីតិវិធី​ច្បាប់​ផងដែរ​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ថ្លែងថា វិវាទ​ណាហ្គាវើលដ៍​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​បុគ្គលិក ព្រោះ​ជា​រឿង​វិវាទ​ការងារ​សុទ្ធសាធ ប៉ុន្តែ​បែរជា​មានការ​ចាប់​សមាជិក​សហជីព​បន្តបន្ទាប់ ។

លោក​ថា​៖ «​គ្រាន់តែ​បុគ្គលិក​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោយ​យក​ពួកគាត់​ចូលធ្វើការ​វិញ ហើយ​ឱ្យ​ចរចា​ជាមួយ​ភាគី​សហជីព ប៉ុន្តែ​បែរជា​មានការ​ចាប់ខ្លួន​រហូតដល់​ឃុំខ្លួន​...»​។

យ៉ាងណាក្ដី លោក​ទទួលស្គាល់​ថា ការដោះស្រាយ​វិវាទ មិនបាច់​និយាយ​ពី​អតីតកាល​ថា អ្នកណា​ខុសត្រូវ​ទេ រឿង​ដែល​សំខាន់​គឺ​ការដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​ បន្ទាប់ពី​ការដោះលែង​ឱ្យ​មេដឹកនាំ​សហជីព​បាន​នៅក្រៅ​ឃុំ​។

លោក​ថា​៖ «​ថា​តើ​បច្ចុប្បន្ន​គួរ​ធ្វើ​អ្វី​? អនាគត​ធ្វើ​អី្វ​? អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​ការចរចា​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ជាមួយ​បុគ្គលិក​ចរចា​ដោយ​ស្មើភាព​គ្នា​...»៕