កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នៅ​ពាក់​កណ្តាល​ខែមេសា​ខាងមុខ​នេះ ដែល​គម្រោង​ផលិត​ទឹកស្អាត​នេះ​នឹង​បម្រើឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមាណ ៦ ​ម៉ឺន​នាក់​។

អំឡុងពេល​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​រោងចក្រ​ទឹកស្អាត​ថ្មី នៅ​សង្កាត់​ព្រៃតាហ៊ូ កាលពី​ថ្ងៃទី ១៦ ខែមីនា​នេះ អភិបាលខេត្ត​កំពង់ធំ លោក ងួន រតនៈ បាន​ថ្លែងថា គម្រោង​នេះ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​បាន​ ១០០ ​ភាគរយ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ស្ទឹងសែន និង​ពង្រីក​វិសាលភាព​ចែកចាយ​ទឹកស្អាត​ដល់​ស្រុក​កំពង់ស្វាយ​ថែមទៀត​ផង​។

លោក​បាន​គូសបញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត​នេះ​នឹង​រួមចំណែក​លើកស្ទួយ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ដែល​អាច​ធានាបាន​នូវ​និរន្តរភាព​នៃ​ការប្រើប្រាស់​សេវា​ទឹកស្អាត ធានា​ផ្ដល់​សេវា​ទឹកស្អាត​ប្រកបដោយ​គុណភាព មិនមាន​ក្លិន ល្អក់កករ ឬ​មាន​ជាតិពុល​ និង​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។

អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ធំ​លោក យ៉ូវ សេងគុណ បាន​ថ្លែងថា បន្ទាប់ពី​ពិនិត្យឃើញថា​សម្រេចការ​សងសង់​ ១០០ ​ភាគរយ រដ្ឋបាលខេត្ត គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១១ ​ខែមេសា ឆ្នាំ​ ២០២២​។ លោក​បាន​បន្តថា រោងចក្រ​ថ្មី​នេះ អាច​ផលិត​​ទឹកស្អាត ៧ ៥០០ ​ម៉ែត្រគុប ក្នុង​ ១​ ថ្ងៃ ហើយ​មាន​បណ្តាញ​ចែកចាយ​ប្រមាណ ១៥២ ​គីឡូម៉ែត្រ​។ លោក​បន្តទៀតថា រោងចក្រ​ថ្មី​នេះ បម្រើឱ្យ​ក្រុង​ស្ទឹងសែន​ចំនួន ៨ ​សង្កាត់ និង​បម្រើឱ្យ​ស្រុក​កំពង់ស្វាយ​ចំនួន​ ២ ​ឃុំ ដែល​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៦ ​ម៉ឺន​នាក់ រស់នៅ​ ៤២ ​ភូមិ​។

លោក​ថា​៖ «​កន្លងមក​រដ្ឋាករទឹក​ផ្គត់ផ្គង់​បាន​ត្រឹម ៧ ​សង្កាត់ អ៊ីចឹង​គម្រោង​របស់​ជប៉ុន​នេះ​នឹង​ជួយ​ផ្គត់ផ្គង់​បាន​ ៨​ សង្កាត់ និង​បន្ថែម​ទៅ​ ២ ​ឃុំ​ទៀត​នៅ​ស្រុក​កំពង់ស្វាយ ហើយ​កន្លងមក​យើង​ផ្គត់ផ្គង់​បាន ២២ ​ភូមិ​ប៉ុន្តែ​ឥឡូវនេះ ពង្រីក​វិសាលភាព​បាន​ដល់ ៤២ ​ភូមិ​»​។

លោក ថា រោងចក្រ​ផលិត​ទឹកស្អាត​ដែលជា​ជំនួយ​របស់​​ជប៉ុន​នេះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ ដែល​ធ្វើឱ្យ​កម្រិត​ទឹកស្អាត​កាន់​តែមាន​គុណភាព​បន្ថែម​មួយកម្រិត​ទៀត​។ រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ជាង ២៨ លាន​ដុល្លារ​អាមេរិក ជូន​ដល់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកំពង់ធំ​។ រោងចក្រ​នេះ​បានចាប់ផ្តើម​សាងសង់​ឆ្នាំ​ ២០២០ ​និង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំនេះ​៕