ភ្នំពេញៈ អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប នៅ​ ៥ ​សម័យកាល​ផ្សេងគ្នា​ត្រូវបាន​ជ្រើសរើស​ក្នុងការ​ផ្តល់នូវ «​ពានរង្វាន់​ដឹងគុណ​» សម្រាប់​ការចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ការផ្តល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២​។

កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើម​គំនិត​រៀបចំឡើង ដោយ​ក្រសួង​ព័ត៌មាន ដើម្បី​ជាការ​រំឭក​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដល់​បច្ចុប្បន្ន​។

នេះ​ជា​លើក​ទី​ ១ និង​ជា​ឆ្នាំ​ទី​ ១​ ដែល​ក្រសួង​ព័ត៌មាន​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងនោះ​គណៈកម្មការ​រៀបចំ​កម្មវិធី មាន​ការជ្រើសរើស​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់ ដើម្បី​សិក្សា​អំពី​ប្រវត្តិ ស្នាដៃ​ការងារ និង​លក្ខណសម្បត្តិ ដាក់​ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។ នេះ​ជាការ​ថ្លែង​របស់លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ជា​ប្រធាន​គណៈកម្មការ វាយតម្លៃ​ពិនិត្យ​អ្នកសារព័ត៌មាន​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ​មីនា ថា ការបង្កើត​កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ឡើង គឺ​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ជើងចាស់​ទាំងអស់ ដែល​នៅតែ​បន្ត​ចូលរួម​ការងារ​ជាមួយ​នឹង​វិស័យ​សារព័ត៌មាន​នេះ​។ លោក​ថា​៖ «​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នក​សារព័ត៌មាន​ផ្ដល់ជូន​ដល់​អ្នក​សារព័ត៌មាន​នៅក្នុង​ឆ្នាំ​ ១៩៧០ ឆ្នាំ ​១៩៨០ ឆ្នាំ​ ១៩៩០ ឆ្នាំ​ ២០០០ និង​ឆ្នាំ​ ២០១០​។ ក្នុងនោះ​យើង​ផ្តល់​ពាន​ជូន​អ្នក​សារព័ត៌មាន​ជើងចាស់​ទាំងនោះ ដែល​បាន​ធ្វើជា​អ្នកព័ត៌មាន​តាំងពី​ទសវត្សរ៍​ទី​ ៧០ ​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ​ទើបនឹង​ធ្វើការ​ជ្រើសរើស​ពួកគាត់​សម្រាប់​ទទួលពាន​នេះ​»​។ លោក ផុស សុវណ្ណ បាន​បន្តថា អ្នកសារព័ត៌មាន​ជើងចាស់​ទាំងនេះ​បាន​ចូលរួម​ជួយ​វិស័យ​សារព័ត៌មាន​ជាច្រើន ហើយ​វិស័យនេះ​ក៏បាន​ជួយ​សង្គម​ច្រើន និង​ដោយ​មានការ​យកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ទើប​មាន​ការបង្កើត​ឱ្យមាន​នូវ​កម្មវិធី​ផ្តល់​ពាន​ដឹងគុណ​នេះ​ឡើង​។

បើតាម លោក ផុស សុវណ្ណ គោលបំណង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​នឹងមាន​ការរៀបចំ​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ​អាស្រ័យ​លើ​ថា តើ​ឆ្នាំ​ខាងមុខ​ទៀត មាន​អ្នក​ឧបត្ថម្ភ គាំទ្រ​កម្រិតណា ប៉ុន្តែ​ឆន្ទៈ​របស់​ក្រសួង​គឺ​ចង់​ធ្វើជា​រៀងរាល់ឆ្នាំ​តែម្តង​ដោយ​ជ្រើសរើស​ផ្តល់​ពាន​ឱ្យចំ​នឹង​ព្រឹត្តិការណ៍​របស់​ជាតិ​ផងដែរ ដូចជា​ថ្ងៃ​ជំនួប​អ្នកសារព័ត៌មាន​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ ឬ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ជាដើម​។

អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់​ពានរង្វាន់​លើកទឹកចិត្ត​នេះ​រួមមាន សម្រាប់​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ មាន​លោក ជេត សន និពន្ធ​នាយក​កាសែត ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​រដ្ឋបាល​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក ព្រហ្ម សាយ និពន្ធ​នាយក​អរិយធម៌​ខ្មែរ​។ សម្រាប់​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ មាន លោក​ ទាវ សារៈមុន្នី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធ​នាយក​ទូរទស្សន៍​ហង្ស​មាស និង​លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា​វិទ្យុ FM102​។

សម្រាប់​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​មាន​លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​ដើម​អំពិល លោក​ មឿន ឈានណារិទ្ធ បណ្ណាធិការរង និង​ជា​អ្នកសរសេរ​អត្ថបទ​បែប​ពណ៌នា​នៅ​កាសែត​ខ្មែរ-ថាមស៍ និង​ជា​សាស្ត្រាចារ្យ​សារព័ត៌មាន នៃ​វិទ្យាស្ថាន​សារព័ត៌មាន និង​លោក ជុន សុផល អ្នក​យក​ព័ត៌មាន​នៃ​ទស្សនាវដ្តី​អង្គរធំ​។

សម្រាប់​ទសវត្សរ៍​ឆ្នាំ ​២០០០ មាន លោក ម៉ៃ ទិត្យថារ៉ា មន្ត្រី​ជំនាញ​ផ្នែក​សារព័ត៌​មាននៃ Internews ប្រចាំ​កម្ពុជា និង​លោក លី ម៉េងហួរ អ្នក​សារព័ត៌មាន​នៃ​ទូរទស្សន៍ PNN​។ សម្រាប់​ទសវត្សរ៍​ឆ្នាំ ២០១០ មាន លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែក​បរិស្ថាន និង​សង្គម នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​អង្គភាព Fresh News លោក មិន ម៉ៅ​- សំណាង អ្នកសារព័ត៌មាន​ទូរ​-​ទស្សន៍ PNN និង​ជា​តំណាង​បណ្តាញ​អ្នកសារព័ត៌មាន​ផ្នែក​ទឹក និង​អនាម័យ​កម្ពុជា និង​អ្នកស្រី​ ញឹក ស្រីល័ក្ខ និពន្ធ​នាយិកា​សារព័ត៌មាន​ថ្មីៗ ២៥ ​រាជធានី​-​ខេត្ត​។

លោក មឿន ឈានណារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សម្តែង​នូវ​ការរីករាយ និង​ស្វាគមន៍​មិន​ត្រឹមតែ​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ទេ តែ​ក៏​សម្រាប់​សហការី​រួម​ការងារ​តាំងពី​ទសវត្សរ៍​ទី​ ៩០​ មកហើយ​លោក​ក៏​មិនដែល​រំពឹងថា បាន​រង្វាន់ ឬ​ការទទួលបាន​ការលើក​សរសើរ​ណាមួយ​ឡើយ ជាពិសេស​អ្នកសារព័ត៌មាន​ជំនាន់​របស់​លោក​ដែល​បានធ្វើ​ព័ត៌មាន​រយៈពេល​ ៣០ ​ឆ្នាំ​មកហើយ​នេះ​។ លោក​ថ្លែងថា​៖ «​យើង​រីករាយ​ដោយសារ​ក្រសួង​ព័ត៌មាន​ដែល​តាងនាម​ឱ្យ​រដ្ឋាភិបាល​បាន​ស្វាគមន៍ និង​ទទួល​ស្គាល់​នូវ​ការប្រឹងប្រែង​របស់​អ្នក​សារព័ត៌មាន​ជើងចាស់​កន្លងមក ហើយ​យើង​សង្ឃឹមថា ការទទួលស្គាល់​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​នានា​កាន់តែ​ផ្តល់​តម្លៃ គោរព​វិជ្ជាជីវៈ​សារព័ត៌មាន និង​ជាការ​លើកទឹកចិត្ត​ដល់​អ្នកជំនាន់ក្រោយ​ឱ្យ​ចាប់យក​អាជីព​អ្នក​សារព័ត៌មាន​នេះ​»​។

អ្នកសារព័ត៌មាន​វ័យក្មេង​ ១​ រូប ដែល​ត្រូវបាន​មហាជន​ទូទៅ ពិសេស​ក្នុង​វិស័យ​សារព័ត៌មាន​ស្គាល់​រហស្សនាម​ថា «​នាង​ថ្មីៗ​» ដែល​ហៅ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ញឹក ស្រីល័ក្ខ អាយុ​ ២៤ ​ឆ្នាំ​បាន​ប្រាប់ថា អ្នកស្រី​សប្បាយចិត្ត ដែល​ត្រូវបាន​ជ្រើសរើស​ផ្តល់​ពានរង្វាន់​នេះដែរ​។ អ្នកស្រី​ថា៖ «​ទោះបីជា​ខ្ញុំ​ទទួលបាន​ពានរង្វាន់​លើកទឹកចិត្ត​ ឬ​រង្វាន់​កិត្តិយស​ក៏ដោយ ក៏​ខ្ញុំ​សប្បាយចិត្ត​ដែល​ខ្ញុំ​ជា​បុគ្គល​ ១ ​រូប ត្រូវបាន​ជ្រើសរើស​ហើយ​ខ្ញុំ​ចង់ឱ្យ​ក្រសួង​ព័ត៌មាន​ ឬ​ដៃគូ​ផ្សេងៗ​ទៀត បន្ត​លើកទឹកចិត្ត​ និង​ផ្តល់នូវ​ពានរង្វាន់​បែបនេះ​ជា​បន្តទៀត ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​វ័យក្មេង ឬ​អ្នកសារព័ត៌មាន​ដែល​បាន​លះបង់​ពេលវេលា​ច្រើន​សម្រាប់​ធ្វើ​ការងារ​របស់​ពួកគាត់​»​។

អ្នកស្រី ញឹក ស្រីល័ក្ខ បានចាប់ផ្តើម​ចូលធ្វើការ​នៅ​សារព័ត៌មាន​ថ្មីៗ ពី​ឆ្នាំ​ ២០១៦ រហូតមកដល់​បច្ចុប្បន្ន​នេះ បាន​ចូល​ប្រឡូក​វិស័យនេះ​តាំងពី​អាយុ​ ១៨​ ឆ្នាំ ខណៈដែល​អ្នកស្រី​ទើប​ចូលរៀន​ឆ្នាំ​ទី​ ១ ​ប៉ុណ្ណោះ ដែលជា​អ្នកសារព័ត៌មាន​វ័យក្មេង​ជាងគេ​ផងដែរ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ២០១០​។

កម្មវិធី​ផ្តល់ «​ពានរង្វាន់​ដឹងគុណ​» នេះ បង្កើតឡើង​ដោយ​ក្រសួង​ព័ត៌មាន ដោយមាន​ការសហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយសារ​ព័ត៌មាន​ត្នោត និង​សារព័ត៌មាន​ថ្មីៗ​។

នាយក​មាតិកា​ភាសា​ខ្មែរ​នៃ​សារព័ត៌មាន​ត្នោត លោក ព្រំ សិលា ប្រាប់ថា គោលបំណង​របស់​ត្នោត​ក្នុងការ​សហការ​គាំទ្រ​កម្មវិធី​នេះ​ឱ្យ​លេច​ជា​រូបរាង​ឡើង​ដោយសារតែ​ចង់​លើកកម្ពស់​វិស័យ​សារព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយ​អ្នកសារព័ត៌មាន ក្នុងស្រុក​ដើម្បី​បង្កើន​ឱ្យមាន​មាតិកា​ចម្រុះ និង​មាន​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា​។ លោក​ឱ្យដឹងថា​៖ «​ការលើកកម្ពស់​តាមរយៈ​កម្មវិធី​ពានរង្វាន់​នេះ ដោយ​ផ្តល់​ការទទួលស្គាល់​ជា​ផ្លូវការ​នៅ​សម័យកាល​នីមួយៗ ដែល​អ្នក​សារព័ត៌មាន បាន​ខិតខំ​ឈ្មុសឈ្មុល និង​វិភាគទាន​ទាំង​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ដល់​ការយក​ព័ត៌មាន និង​ដល់​វិស័យនេះ​ទាំងស្រុង ពោលគឺ​ពួកគាត់​ជា​បុគ្គល​ឈានមុខ​ ដើម្បី​ជំរុញ​ឱ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​»៕