កែបៈ មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ស្នើ​ដល់​រដ្ឋបាល​ឃុំ-សង្កាត់ រដ្ឋបាល​ស្រុក​ឱ្យ​បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លិខិត​ទិញ​លក់​ដី​រដ្ឋ​ជាដើម​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន ខណៈ​ក្រសួង​កំពុង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានស្នើ​បែបនេះ​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២២ នៅពេល​ធ្វើជា​​អធិបតី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​រដ្ឋបាល​ខេត្ត​កែប​។ ​សិក្ខាសាលា​ដែលមាន​រយៈពេល​ ២​ ថ្ងៃ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​មេធាវី​ក្រសួងបរិស្ថាន​ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ដល់​មន្ត្រី​នៃ​ស្ថាប័ន​តុលាការ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ដែល​មកពី​ខេត្ត​កែប និង​ខេត្តកំពត​សរុប​ប្រមាណ ១៦០ ​នាក់​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ រដ្ឋបាល​ស្រុក បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍​នៅលើ​ដី​ដែល​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​»​។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​ទិញ​ ឬ​លក់​ដីធ្លី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​​ជីវចម្រុះ​នៅតាម​បណ្ដា​ខេត្ត​នានា​បានឡើយ​។ ក្រសួង​បរិស្ថាន​ស្នើឱ្យ​ពលរដ្ឋ​ឈប់​ចាញ់ បោក​មេខ្យល់ ឬ​ក្រុម​ជនខិលខូច ដោយ​នាំគ្នា​ទៅ​ទិញ​ដី ឬ​ទន្ទ្រាន​​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ពីព្រោះ​គ្មាន​ការទទួលស្គាល់​ឡើយ ហើយ​ថែមទាំង​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​ថែម​ទៀតផង​។

លោក​បានឱ្យដឹងថា កន្លងមក​មាន​ក្រុម​ជនខិលខូច​មួយចំនួន​​បាន​ជួល​ពលរដ្ឋ​ឱ្យ​ទន្ទ្រាន​ដី​ឱ្យ​ខ្លួន​លក់​ក្នុង​តម្លៃថោកៗ និង​ពេលខ្លះ​ជន​ទាំងនេះ​បាន​ប្រើប្រាស់​ពលរដ្ឋ​ជា​ខែល​ក្នុង​ការតវ៉ា​ជាមួយ​អាជ្ញាធរ​ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ឱ្យ​ខ្លួន​ទៀតផង​។

លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ក្រុម​ជនខិលខូច​ឱ្យ​​បញ្ឈប់​វប្បធម៌​ចូល​ទន្ទ្រាន​ដីព្រៃ​​រដ្ឋ​ខុសច្បាប់ ហើយ​ពេលខ្លះ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ដើម្បី​ទាមទារ​កាត់​ឆ្វៀល​ដី​មក​ធ្វើ​កម្មសិទ្ធិ​។ ​លោក​ថ្លែងថា​៖ «​មាន​ករណី​មិន​ប្រក្រតី​ជាច្រើន ត្រូវបាន​រកឃើញ​ហើយ​សមត្ថកិច្ច​បាននិងកំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​ក្រសួងបរិស្ថាន​សិក្ខាសាលា​នេះ​ធ្វើឡើង​ ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ភាគី​ពាក់ព័ន្ធ​អំពី​ទិដ្ឋភាព​​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​​ និង​ដើម្បី​​ចូលរួមចំណែក​ការពារ​អភិរក្ស​​និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព​។

លោក​បាន​ថ្លែងថា ដើម្បី​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព គឺ​តម្រូវឱ្យមាន​ការចូលរួម​ចំណែក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​​ទើប​អាច​សម្រេច​តាម​ផែនការ​ ​និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្ត​ទុកដាក់ និង​គិតគូរ​​ដល់​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប​ និង​លោក នៃ គង់ អភិបាលរង​ខេត្តកំពត​បាន​លើកឡើង​ស្រដៀង​គ្នា​ថា សិក្ខាសាលា​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបញ្ជ្រាប​ការយល់ដឹង​ដល់​ភាគី​ពាក់ព័ន្ធ​​អំពី​ទិដ្ឋភាព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​។

លោក​បាន​ក្រើន​រំឭកថា​៖ «​សិក្ខាកាម​ទាំងអស់​ត្រូវផ្តោត​​ការយកចិត្តទុកដាក់​ស្តាប់​បទ​បង្ហាញ​ ដើម្បី​ទទួលយក​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ទៅ​អនុវត្ត​តួនាទី​ភារកិច្ច​តាម​ជំនាញ​រៀងៗ​ខ្លួន​ក្នុងការ​រួមចំណែក​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ធនធានធម្មជាតិ និង​ការគ្រប់គ្រង​បរិស្ថាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

បើតាម​ក្រសួង​បរិស្ថាន តាមរយៈ​សិក្ខាសាលា​នេះ សិក្ខាកាម​​ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ និង​បទពិសោធ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ពាក់ព័ន្ធ​​នានា​ដែល​ត្រូវអនុវត្ត ។

ក្រៅពីនេះ សិក្ខាកាម​ក៏​អាច​ទទួល​នូវ​ចំណេះដឹង​និង​បទពិសោធ​ទាក់ទង​នឹង​ដំណើរ​វិវត្ដ​​នៃ​បទប្បញ្ញត្តិ​ច្បាប់​ដែល​ពាក់ព័ន្ធ​កាន់តែច្បាស់​បន្ថែមទៀត​អំពី​អំពើ​ដែល​ត្រូវបាន​ហាមឃាត់​ និង​ចាត់ជា​បទល្មើស​ក្នុង​តំបន់​ការពារធម្មជាតិ ក៏ដូចជា​ទោសទណ្ឌ​ និង​ជាពិសេស​គឺ ការអនុវត្ត​នីតិវិធី​រៀបចំ​សំណុំរឿង​ដាក់ជូន​តុលាការ​ ដើម្បី​ផ្តន្ទាទោស​ជនលើ្មស ។

ក្រៅពីនេះ លោក នេត្រ ភក្ត្រា បាន​សំណូមពរ​ដល់​សិក្ខាកាម​​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​ និង​ត្រងត្រាប់​ឱ្យបាន​សកម្ម និង​ពេញលេញ​។ លោក​សង្ឃឹមថា សិក្ខាសាលា​នេះ​នឹង​ផ្តល់ជូន​សិក្ខាកាម​នូវ​ធាតុ​ចូល​បន្ថែម​អំពី​ច្បាប់​ដែល​អនុវត្ត​លើ​តំបន់​ការពារ​ធម្មជាតិ ការត្រៀម​​លក្ខណៈ​ដើម្បី​បង្ការ​ និង​បង្ក្រាប​​បទល្មើស​ក្នុង​តំបន់​ការពារ​​ធម្មជាតិ និង​ការរៀបចំ​សំណុំរឿង​ប្រកបដោយ​ប្រសិទ្ធភាព និង​​អនុលោមភាព​ផ្លូវច្បាប់​ដើម្បី​ដាក់ជូន​តុលាការ​៕