ព្រះវិហារៈ ប្រជាពលរដ្ឋ​ដែលមាន​វិវាទ​ដីធ្លី​ចំនួន​ ៧ ​សហគមន៍​បាន​អះអាងថា អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​រារាំង​ពួកគាត់ មិនឱ្យ​ឡើងទៅ​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ព្រះវិហារ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ការអះអាង​នេះ ខណៈ​ដែល​មន្ត្រី​បាន​ចុះទៅ​ទទួលយក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ទាំង​ ៧​ សហគមន៍​នៅ​ពាក់​កណ្តាលផ្លូវ​។

កាលពី​ថ្ងៃទី​ ១៥ មីនា ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន ៧ ​សហគមន៍ ដែលមាន​គ្នា​ប្រមាណ​ជាង ២០០​ នាក់ បាន​ចេញពី​ភូមិ​រៀងៗ​ខ្លួន​ក្នុង​គោលបំណង​ទៅ​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ព្រះវិហារ​ ដើម្បី​ស្នើសុំ​អភិបាលខេត្ត​នេះ កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់​។

ប៉ុន្តែ​ការធ្វើដំណើរ​របស់​ពួកគេ​មិនបាន​ដល់​គោលដៅ​នោះទេ គឺ​ត្រូវបាន​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការ​រារាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៩ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បន្តដំណើរ​ទៅមុខ​នោះទេ ដោយ​ចាត់​ឱ្យ​មន្ត្រី​សាលាខេត្ត​ចុះមក​ទទួល​ញត្តិ​ដោយផ្ទាល់​វិញ​។ នេះ​បើតាម​លោក​ សឿន ថា ​ប្រធាន​សហគមន៍​ភូមិ​បុស្ស​ការពារ​ដីធ្លី​ប្រើស​ក្អក​។

លោក​ សឿន ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ មីនា​ថា សហគមន៍​ទាំង ៧ ​នេះ គឺមាន​វិវាទ​ដីធ្លី​ខុសៗ​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ចំណុចរួម​ដែល​ប្រជាសហគមន៍​រួមគ្នា​ដាក់​ញត្តិ​នេះ​គឺ​ចង់​ស្នើសុំ​ឱ្យមាន​ដំណោះស្រាយ​បញ្ហាដីធ្លី ដោយ​ការ​កាត់ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់ បាន​រារាំង​ពួក​ខ្ញុំ​ហើយ​ដាក់​កម្លាំង​ច្រើន​មែនទែន​មិនឱ្យ​ពួក​ខ្ញុំ​បន្តដំណើរ​ទៅ​សាលាខេត្ត​ទេ​។ អាជ្ញាធរ​គេ​ហាម​យើង​មិន​ឱ្យទៅ​ទាំងអស់​គ្នា​ទេ​ បើសិនជា​យើង​ចង់ទៅ​គឺ​គេ​ឱ្យ​យើង​ទៅ​តែ ​៥​ នាក់​ចុះក្រោម​ទេ​បើ​ទៅ​ទាំងអស់​គ្នាច្រើន​បែបនេះ​គឺ​គេ​មិន​អនុញ្ញាត​ទេ​»​។

លោក អុំ អោន​ប្រជាសហគមន៍​ប្រើស​ក្អក​ដែល​ចូលរួម​ការឡើង​មក​ដាក់​ញត្តិ​ដែរ​នោះបាន​សម្តែង​ការ​អន់ចិត្ត​ជាខ្លាំង​ដែល​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​បាន​ឡើងទៅ​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ ខណៈ​ការរារាំង​នេះ​គឺ​បាន​បិទ​សិទ្ធិសេរីភាព​របស់គាត់​ក្នុងនាម​ជា​ពលរដ្ឋ​។ លោក​រៀបរាប់ថា​៖ «​ការឃាត់​ដំណើរ​ពួក​ខ្ញុំ​នេះ​គឺ​មិនមែន​សម្រួល​នោះទេ​គឺ​គំរាម​តែម្តង​ ពីព្រោះ​ប៉ូលិស​មក​ដក​ទូរស័ព្ទ​មក​ដក​ឧបករណ៍​ពួកខ្ញុំ​អស់​ទៀត​ទម្រាំ​តែមាន​គេ​ចេញមក​អះអាងថា មាន​អ្នក​មក​ទទួល​ញត្តិ​ពី​ពួក​ខ្ញុំ​។ ខ្ញុំ​មិនដឹងថា ញត្តិ​ដែល​ពួកខ្ញុំ​ដាក់​នេះ​មាន​ដំណោះស្រាយ​យ៉ាងណាទេ​តែ​ពួកខ្ញុំ​នឹង​បន្ត​ការទាមទារ​ទៀត​ក្នុង​ពេលខាងមុខ​»​។

លោក នួន សុវិរិ​ទ្ធ ស្នងការរង នគរបាល​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ មីនា​ថា ការដែល​អាជ្ញាធរ​សុំឱ្យ​ពលរដ្ឋ​ឈប់​នៅ​ពាក់​កណ្តាលផ្លូវ​នេះ គឺ​មិនមែនជា​ការរារាំង ឬ​បិទ​សិទ្ធិសេរីភាព​ពលរដ្ឋ​នោះទេ​។ លោក​បន្តថា ដោយសារតែ​អាជ្ញាធរ​មិន​ចង់ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទើប​អាជ្ញាធរខេត្ត​ចាត់​ឱ្យ​មន្ត្រី​ចុះទៅ​ទទួល​ញត្តិ​ដល់​ពាក់​កណ្តាលផ្លូវ​យ៉ាង​ដូច្នេះ​។

លោក​បញ្ជាក់ថា​៖ «​ទទួលបាន​ព័ត៌មាន​ពី​ណា​ថា យើង​រារាំង​ហ្នឹង​? មាន​អ្នកណា​រារាំង​គាត់ គឺ​យើង​ចង់​ជួប​គាត់ ហើយ​មិន​ចង់ឱ្យ​គាត់​បន្តដំណើរ​ទៅ​ឆ្ងាយ​ទៀត ទើប​យើង​ជួប​គាត់​នៅ​កន្លែង​ហ្នឹង ដោះស្រាយ​ភ្លាមៗ​ឱ្យ​ពួកគាត់​។ យើង​ទទួល​ញត្តិ និង​សំណូមពរ​ពី​ពួកគាត់​ទាំង ៧ ​សហគមន៍​»​។ ជាមួយនឹង​ការអះអាង​នេះ លោក​ នួន សុវិរិទ្ធ ឱ្យដឹងថា អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​បានទទួល​ញត្តិ​ពី​ប្រជាសហគមន៍​ទាំង​ ៧ នឹង​ពិនិត្យ​ទៅលើ​ការស្នើសុំ​របស់​ពលរដ្ឋ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នឹងមាន​ការឆ្លើយតប​នៅពេល​ក្រោយ​។

លោក ថេង សាវឿន​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​ដែល​ឃ្លាំមើល​ករណីនេះ​យល់ថា អាជ្ញាធរ​គួរតែ​ផ្តល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ បាន​ដាច់ស្រេច និង​សមស្រប ដើម្បីឱ្យ​ពលរដ្ឋ​មានឱកាស និង​ចាប់ផ្តើម​ប្រើប្រាស់​ដីធ្លី​ដើម្បី​បង្កបង្កើន​ផល​។

សូមជម្រាបថា ប្រជាពលរដ្ឋ​ទាំង​ជាង ២០០ នាក់​នេះ គឺ​មកពី​សហគមន៍​ឫស្សីស្រុក សហគមន៍​ដីធ្លី​អូររំដួល សហគមន៍​ជោគជ័យ សហគមន៍​សំបូរ សហគមន៍​ការឡោត សហគមន៍​ភូមិ​បុស្សការពារ​ដីធ្លី​ប្រើស​ក្អក និង​សហគមន៍​ប្រមេរ ដែល​សហគមន៍​ទាំងនេះ​ស្ថិតក្នុង​ស្រុក​ឆែប​៕