ភ្នំពេញៈ ​ថ្នាក់ដឹកនាំ​ចារកម្ម​យោធា​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ឯកភាពគ្នា​ជំរុញ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ដើម្បី​សម្រេចបាន​នូវ​សហគមន៍​ចារកម្ម​យោធា​អាស៊ាន​ដ៏រឹងមាំ ដើម្បី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​ទាំងនេះ ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​គំរាមកំហែង​ដល់​វិស័យ​សន្តិសុខ​។

ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន លើក​ទី ១៩(AMIM-19) ក្រោម​មូលបទ​ «​សាមគ្គីភាព ដើម្បី​សន្តិភាព ប្រកបដោយ​ភាពសុខដុម​» ​នៅ​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃទី​ ១៥ ខែមីនា​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​លោក ហ៊ុន ម៉ានិត បាន​អរគុណ​ដល់​គណៈប្រតិភូ​ស្ថាប័ន​ចារកម្ម​យោធា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្ទាល់​នេះ បើទោះបី​បញ្ហា​ជំងឺ​កូវីដ​ ១៩ បាន​រីករាលដាល​ជា​សកល​ក្នុង​រយៈពេល​ជាង ​២ ​ឆ្នាំកន្លងមក​នេះ​ក្តី​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នេះ គឺជា​សក្ខីកម្ម ដែល​បានបង្ហាញ​ពី​ស្មារតី​កិច្ចសហប្រតិបត្តិការ​ល្អ​សាមគ្គីភាព និង​មិត្តភាព​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​ ១៥ ខែមីនា​។

មេដឹកនាំ​ចារកម្ម​យោធា​អាស៊ាន​បាន​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ការវិវឌ្ឍ​នៃ​សភាពការណ៍​ថ្មី បញ្ហា​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បែប​ប្រពៃណី និង​មិនមែន​ប្រពៃណី ពិសេស​គឺ​បញ្ហា​ភេរវកម្ម និង​បញ្ហា​ជំងឺ​​កូវីដ​ ១៩ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម និង​វិស័យសេដ្ឋកិច្ច​។ មេដឹកនាំ​ចារកម្ម​យោធា​អាស៊ាន បាន​ធ្វើការ​ពិភាក្សា​គ្នា​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួម​នៅក្នុង​តំបន់ និង​បាន​ឯកភាព​បន្ត​ជំរុញ និង​លើកកម្ពស់​មជ្ឈភាព​សាមគ្គីភាព និង​ឯកភាព​របស់​អាស៊ាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អង្គប្រជុំ​បានសម្រេច​ជំរុញ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ត​ចែករំលែក​ព័ត៌មាន​ឱ្យបាន​ទាន់ពេលវេលា និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​គំរាមកំហែង​ដល់​វិស័យ​សន្តិសុខ ដើម្បី​សម្រេចបាន​នូវ​សហគមន៍​ចារកម្ម​យោធា​អាស៊ាន​ដ៏រឹងមាំ​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​»​។

លោក​ ហ៊ុន ម៉ានិត បានប្រគល់​តួនាទី​ជា​ប្រធាន​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន​លើក​ទី​ ១៩(AMIM-19) ឆ្នាំ​ ២០២២ ដល់​ប្រធាន​គណៈប្រតិភូ​ចារកម្ម​យោធា​អាស៊ាន​កងទ័ព​ជាតិ​ឥណ្ឌូនេស៊ី ដែល​នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន​លើក​ទី​ ២០ (AMIM-20) ​ឆ្នាំ​ ២០២៣​។

ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៥ ខែមីនា កងយោធពល​ខេមរភូមិន្ទ​បាន​បើក​កិច្ចប្រជុំ​ចំនួន​ ២ គឺ​កិច្ចប្រជុំ​ចារកិច្ច​យោធា​អាស៊ាន (AMIM-19) និង​កិច្ចប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន លើក​ទី ​១២ (AMOM-12) ដែល​ធ្វើឡើង​តាម​ទម្រង់​ចូលរួម​ដោយផ្ទាល់​នៅ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​ទាំង​ ២ ​នេះ ធ្វើឡើង​ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ និង​ការឈាន​ទៅរក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាពេល​ខាង​មុខ​នៅ​ទីស្តីការក្រសួង​ការពារជាតិ​ដែល​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ឯកសារ​សម្រាប់​បម្រើឱ្យ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​ ១៩ (ACDFM-19) ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៧ ខែមីនា ក្រោម​មូលបទ «​សាមគ្គី​ដើម្បី​សេចក្តីសុខ​ប្រកប​ដោយ​ភាព​សុខដុម​»​។

គោលបំណង​នៃ​មូលបទ​នេះ គឺ​ដើម្បី​បង្កើន​ឱកាស​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ដែល​អាច​ទទួល​យកបាន​សម្រាប់​ទាំងអស់​គ្នា និង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ក្នុង​តំបន់ សម្រាប់​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​នីមួយៗ និង​តំបន់​ទាំងមូល​ផងដែរ​។ មូលបទ​នេះ​ក៏មាន​គោលបំណង​ចៀសវាង​ការ​អាត្មានិយម​ និង​ការកេងប្រវ័ញ្ច​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​តំបន់​ ខណៈពេល​ប្រឈមមុខ​នឹង​កាលៈទេសៈ​ផ្សេងៗ​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៦ ខែមីនា​ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ក្នុង​គោលបំណង​រក្សា​សណ្តាប់ធ្នាប់ ទប់ស្កាត់​បទល្មើស​ឆ្លងដែន បង្ការ​ភេរវកម្ម ការរត់ពន្ធ​មនុស្ស និង​ការលាង​លុយ ជា​បញ្ហា​អាទិភាព​ដែល​អាស៊ាន​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​លើកកម្ពស់​មុខមាត់ និង​រក្សា​ផលប្រយោជន៍​របស់​ប្រទេស​នីមួយៗ​ក្នុង​បរិបទ​នយោបាយ​តំបន់​ដែល​កំពុងតែ​ផ្លាស់ប្តូរ​។

លោក​ថ្លែងថា​៖ «​យ៉ាងណា​មិញ ការប្រឈម​ផ្សេងៗ​គ្នា​នៃ​សមាជិក​នីមួយៗ​នៃ​អង្គការ​តំបន់ ​[​អាស៊ាន​] ក៏​អាចជា​ឧបសគ្គ​ក្នុងការ​ពន្លឿន​ការងារ​ចារកម្ម​នេះ​ផងដែរ​»៕