ព្រះសីហនុៈ​ មន្ទីរ​វប្ប​ធម៌និង​វិចិត្រសិ​ល្បៈខេត្ត​ព្រះ​សីហនុ និង​អាជ្ញា​ធរ​ស្រុក​កំពង់​សិលាបាន​ចូលរួម​អភិ​រក្ស​ថែរក្សា​ទីតាំង​ព្រះរាជ​ដំណាក់​ចាស់​ ១ កន្លែង​ស្ថិត​ក្នុង​ភូមិ​បឹង​ត្រាចឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ។ ប៉ុន្តែ​សម្រាប់​ការរៀបចំ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ណា​នោះ​គឺជា​តួនាទី​របស់​ក្រសួង​ព្រះ​បរមរាជ​វាំង​ ។

លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិ​ចិត្រសិល្បៈ ខេត្ត​ព្រះសី​ហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ ខែមីនា​ថា កាលពី​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ​ ២០២២ មន្ត្រី​ជំនាញមន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះ​សីហនុ បាន​សហ​ការ​ជាមួយ​រដ្ឋ​បាល​ស្រុក​កំពង់​សីលានិង​សាលា​ឃុំ​ចម្ការ​ហ្លួងចុះ​ពិនិត្យ​លើ​ទីតាំង​អតីត​ព្រះ​រាជដំ​ណាក់ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​ ១៣៤​ និង​ ១៣៥ ​ក្នុងភូមិ​បឹង​ត្រាច ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហនុ​។

លោក​បន្ត​ថា តាម​ការ​ពិនិត្យ​ជាក់​ស្តែងទីតាំង​ព្រះ​រាជ​ដំណាក់​ដែល​ព្រះ​បរម​រតនកោដ្ឋ​ធ្លាប់​អាស្រ័យ​ពេល​ចុះ​មូល​ដ្ឋាន​ខេត្ត​កំពតនិង​កោះ​កុងក្នុង​អំឡុង​ឆ្នាំ​១៩៥០​នោះ ​ពេល​នេះ​នៅ​សល់​តែ​កម្ទេច​ឥដ្ឋនិង​ខឿន​តិច​តួច ​ព្រមទាំង​កាំជណ្តើរ​ចុះ​ទឹក​ប្រមាណ​ជាង​ ១០ កាំ​ប៉ុណ្ណោះ។ លោក​បន្តថា កន្លងមក​ទីតាំង​នោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ មន្ទីរ​រៀប​ចំដែន​ដី​នគរូប​នីយ​កម្ម​និង​សំណង់​ ក៏ដូច​ជារ​ដ្ឋបាល​ស្រុក​បាន​ចុះ​ធ្វើការ​ជា​មួយ​ក្រសួង​ព្រះប​រមរាជ​វាំង​ម្តង​រួច​មកហើយ​តាំង​ពី​ឆ្នាំ ​២០១៣​ ហើយ​ខាង​មន្ទីរ​រៀបចំ​ដែន​ដី​ក៏បាន​ចេញ​លិខិត​កម្ម​សិទ្ធិ​ជូន​ទៅ​ក្រសួង​ព្រះ​បរ​មរា​ជវាំង​ដើម្បី​គ្រប់​គ្រង​ហើយ​ដែរ​។

លោក ប៊ុត បុប្ផា បាន​​បញ្ជាក់​ថា ការ​ចុះទៅ​ពិនិត្យ​មើល​ទីតាំង​ព្រះរាជ​ដំណាក់​នេះ ដើម្បី​​ចង់​ដឹង​ថា ទីតាំង​នោះ​មាន​អ្វីខ្លះ​ដែល​ត្រូវ​បំពេញ​បន្ថែម ​ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​យើង​គឺ​អត់​មាន​អ្វី​សេស​សល់​នោះ​ទេ ​សូម្បីបង្គោល​ឬ​ប្រាសាទ​ណា​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​ក៏​គ្មាន​ដែរ។មួយ​វិញ​ទៀត​ ដោយ​សារ​តែ​ទីតាំង​នេះ បាន​ចុះ​បញ្ជីត្រឹមត្រូវ​ហើយ​ផង​នោះ ​រាល់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ លុះត្រា​តែមាន​គោល​ការណ៍​ពី​បរម​រាជ​វាំង​ទើប​អាច​ធ្វើ​ទៅ​បាន​។

លោក​ថ្លែង​ថា៖ «ដើម្បី​ចង់​ទាក់​ទាញ​ចាំមើល​យើង​នឹង​ពិភាក្សា​ជា​មួយ​ខាង​ព្រះបរ​មរាជវាំ​ងដោយ​សា​រតែ​គាត់​មាន​បណ្ណ​កម្មសិទ្ធិ​បើ​និយាយ​ឲ្យ​ចំ​ទៅ ដូច​ឯក​ជន​អ៊ីចឹង មាន​ន័យ​ថា​ទីតាំង​មាន​ម្ចាស់​ហើយ​ហ្នឹង ទាល់តែ​ម្ចាស់​គេ​រៀបចំ​ទើប​បាន។អ៊ីចឹង​ក្នុង​នាម​មន្ទីរ​គ្រាន់​តែ​ចូល​រួម​អភិ​រក្ស​និង​ស្វែង​យល់​ថា​ទីតាំង​នោះ​ពិតជា​ព្រះរាជ​ដំណាក់​ចាស់​មែន»​ ។

លោក​ ប៊ុត បុប្ផា​ ប្រាប់​ថា ពីមុន​ទីតាំង​កំពង់​សិលា​ជា​អនុ​ខេត្ត​មួយ​រវាង​ខេត្ត​កំពត និង​ខេត្ត​កោះ​កុង ដែល​កាល​នោះ​មិន​ទាន់​មាន​ខេត្ត​ព្រះ​សីហនុ​នោះ​ទេ ខណៈ​កំពង់​សោម​ជាទី​តាំង​ស្រុក​មួយ​របស់​ខេត្ត​កំពត​ ហេតុ​នេះ​ទីនោះ​ជា​ចំណុច​កណ្តាល​មួយ​រវាង​ខេត្ត​កោះ​កុង និង​ខេត្ត​កំពត។ ព្រះ​បាទ​នរោត្តម​សីហនុ​កាល​នោះ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ក្នុង​ការចុះ​ពិនិត្យ​ការងារ​ម្តង​ម្កាល​ផង ហើយ​តំបន់​នោះ​ធ្លាប់ជា​ទីប្រជុំ​ជន​ផង ទើប​ព្រះអង្គ​កសាង​ព្រះរាជ​ដំណាក់​មួយ​សម្រាប់​សម្រាក​ព្រះកាយ ​ព្រម​ជា​មួយ​និង​ការ​បំពេញ​ព្រះ​រាជ​កិច្ច​មួយ​ចំនួន​តាម​ខេត្ត​។

លោក​ថ្លែង​ថា៖ «ពីមុន​ក្នុង​ឆ្នាំ ​១៩៨០ ​ជាង ​ព្រះរាជ​ដំណាក់​ហ្នឹង​នៅទេ ប៉ុន្តែ​មក​ដល់​ឆ្នាំ ១៩៨៥ ប្រជាពល​រដ្ឋ​មិនបាន​យល់​ពី​តម្លៃ​នៃ​ការរក្សា​ព្រះរាជ​ដំណាក់​ហ្នឹង​ក៏​វាយយ​ក​ដែក​យក​អី​ទៅ​លក់​ហើយ​វាយ​រាប​ដល់​ដី​អស់​ហើយ​អ៊ីចឹង​ទាំង​ខឿន​ទាំង​អី ​គឺ​ខូច​អស់​ហើយ» ​។

លោក​ សៅ បុរី​វឌ្ឍនៈ អភិ​បាល​ស្រុក​កំពង់​សិលាបានថ្លែង​នៅ​ថ្ងៃទី ១៧ ​ខែ​មីនា​ថា អាជ្ញា​ធរ​ស្រុក​ក៏​ជា​អ្នក​ដែល​ត្រូវ​ចូលរួម​ថែរក្សា​ទីតាំង​នោះ​ផង​ដែរ​ហើយ​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ព្រះរាជ​ដំណាក់​ចាស់​នេះឃើញ​ថា​មិន​មាន​ការ​ទន្ទ្រាន​ប៉ះ​ពាល់​ណា​មួយ​ឡើយ​នៅ​ទីតាំង​នោះ។ មួយ​វិញ​ទៀត​អាជ្ញា​ធរ​ស្រុក ក៏​មិន​អាច​ធ្វើការ​អភិវឌ្ឍ​កែប្រែឬ​រៀបចំ​ទីតាំង​នោះបា​​ន​ដែរ​ព្រោះ​អ្នក​មាន​សិទ្ធិ​លើ​ទីតាំង​នោះ​មាន​តែ​ព្រះ​បរ​មរាជ​វាំង​។

លោក​ថ្លែង​ថា៖ «ចំពោះ​ការអ​ភិវឌ្ឍកែសម្រួល​ធ្វើ​ម៉េចក្នុង​ការ​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​ហ្នឹង​ទាល់តែ​ព្រះបរ​មរាជវាំងជា​អ្នក​ចាត់​ចែងខាង​ខ្ញុំ​បាន​តែ​ជួយ​ថែរក្សា​ទេ»៕​