ភ្នំពេញៈក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការ​សោក​សាយ​ចំពោះតំណាង​ភាគី​កម្មករ និយោជិត​ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​ខក​ខាន ​មិន​បានមក​ចូលរួម​ប្រជុំ ដើម្បី​ដោះ​ស្រាយ​វិវាទ តាម​ការ​កោះ​ហៅ ​នៅ​ថ្ងៃទី​ ១៦​ និង​ ១៧ ​ខែ​មីនា​ ​ខណៈ​​ដែល​អតីត​បុគ្គលិកក្រុម​ហ៊ុន​ណាហ្គាវើលដ៍​៣​នាក់​ចុង​ក្រោយ​​ ត្រូវបាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ នៅ​ល្ងាច​ថ្ងៃទី​ ១៧​ មីនា​​។

យោងសេចក្តី​បំភ្លឺ​របស់​ក្រសួង​ការងារ ចុះ​ថ្ងៃទី ១៧ ខែមីនា​ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃទី ១៥ ខែមីនា អតីត​​​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចំនួន ៣ នាក់ រួមមាន​ឈ្មោះ​លោក ជួប ចាន់​ណាត លោក សេង វណ្ណា​រិ​ទ្ធ និងលោក សៅ សម្បត្តិ បានធ្វើ​លិខិត​មក​ក្រសួង​ការងារ ស្នើសុំ​ជួយផ្ដល់​កិច្ច​អន្តរាគមន៍​តាមផ្លូវ​ច្បាប់​ឱ្យ​ពួកគាត់​ បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​បាន​ចូលរួម​ស្វែងរក​ដំណោះស្រាយ និង​ឈាន​ទៅ​​បញ្ចប់​វិវាទ​ការងារ​ នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍។

​ជា​មួយគ្នា​នេះ ពួកគេ​​បាន​សន្យាថា ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ ក្នុងការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល មិន​រារាំង​ការយក​សំណាក មិន​ធ្វើការ​ប្រមូលផ្តុំ ឬ​ដឹកនាំ​តវ៉ា​ណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គមជាតិ​នោះឡើយ។

ក្រសួង​បន្តថា ដើម្បី​បន្ត​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុនណាហ្គា​វើ​លដ៍ ដូចដែល​ក្រសួង​បាន​ខិតខំ​នាពេល​កន្លងមក និង​យោងតាម​លិខិត​ស្នើសុំ​ខាងលើ ក្រសួង​បានធ្វើ​លិខិត​ទៅ​ក្រសួងយុត្តិធម៌ និង​បាន​ចម្លងជូន​ក្រសួងសុខាភិបាល ហើយ​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើលិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្របតាម​នីតិវិធី​ច្បាប់​រួចហើយ​ដែរ។

ក្រ​សួ​បន្តថា ប៉ុន្តែ​មេធាវី​របស់​អតីត​បុគ្គលិក​ទាំង ៣ នាក់ មានការ​យឺតយ៉ាវ ​ក្នុង​ការដក​ពាក្យ បណ្ដឹង​របស់ខ្លួន​ នៅ​សាលាឧទ្ធរណ៍ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់។

ដូច្នេះ ដើម្បី​អាច​អនុវត្តតាម​នីតិវិធី​ តាមផ្លូវ​ច្បាប់ ​ក្នុងការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន អតីត​បុគ្គលិក​ទាំង ៣នាក់ មេធាវី​តំណាង ត្រូវ​ផ្តល់​ការសហការ​និង​ដក​ពាក្យបណ្ដឹង​របស់ខ្លួន​នៅ​សាលា​ឧទ្ធរណ៍ ជាមុនសិន។

ក្រសួង​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ មីនា​ មេធាវី​អតីត​បុគ្គលិក​ទាំង ៣នាក់ ​បាន​​ស្នើសុំ​ដក​ពាក្យបណ្ដឹង​របស់ខ្លួន​នៅ​សាលាឧទ្ធរណ៍។

សេចក្តី​បំភ្លឺ​បន្ត​ថា ក្នុង​កិច្ចការ​ដោះ​ស្រាវ​វិវាទ​ការងារ​ ដែល​អូសបន្លាយ​ច្រើន​ខែ​មកនេះ ក្រសួង​ការងារ បាន​អញ្ជើញ​តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក​ មក​បន្ត​ប្រជុំ​ដោះស្រាយ​វិវាទ​នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ ២០២២ វេលា​ម៉ោង ២ រសៀល។

ជាក់ស្តែង នៅ​រសៀល​ថ្ងៃទី ១៦ និង​ថ្ងៃទី​ ១៧​ ខែមីនា​ តំណាង​ភាគី​និយោជក​ បានមក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ចំណែក​តំណាង​ភាគី​កម្មករនិយោជិត ​មិន​បានមក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង​ឡើយ។

ក្រសួង​ការ​ងារ បាន​សម្តែង​ការសោកស្តាយ​ ដែល​កិច្ចប្រជុំ​នេះ​ មិនអាច​ដំណើរការបាន។

ជាថ្មី​ម្តងទៀត ក្រសួងការ​ងារ​ បាន​​អំពាវនាវ​ដល់​តំណាង​ភាគី​កម្មករ និយោជិត មេត្តា​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បី​ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​រួម​នេះ​ ឱ្យបាន​ឆាប់​ស្របតាម​នីតិវិធី​ច្បាប់។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​មេដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គា​ល​វើ​លដ៍ បាន​នៅឡើយ​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី ១៧ ខែមីនា​។

ប៉ុន្តែ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ បុគ្គលិក​កម្មក​រ​ខ្មែរនៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បានចេញ​លិខិត​ឆ្លើយ​តប​​ទៅនឹង​ករណីនេះ​ថា ស្របពេល​តំណាង​សហជីព និង​គណៈកម្មការ​សហ​ជីព៨នាក់ ទើប​ត្រូ​រ​បាន​ដោះ​លែង​ជា​បណ្តោះអាសន្ន​ឱ្យនៅ​ក្រៅ​ឃុំ ពួកគេ​​នៅ​ត្រូវ​ទន្ទឹងរង់ចាំ​ការដោះលែង​សកម្មជន​បីនាក់​បន្តទៀត​ ដែល​កំពុង​​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ PJ នៅ​ឡើយ​។

ក្នុង​លិខិត​ឆ្លើយតប​ចុះ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ បាន​​លើកឡើងថា៖ «យើងខ្ញុំ​ស្នើឱ្យ​ធ្វើការ​ដោះលែង​សកម្មជន​សហជីព​ចំនួន ៣ រូប​ ឱ្យបាន​ឆាប់​ក្នុងពេល​​នេះ ដើម្បី​យើងខ្ញុំ​បាន​ជួប​ពិភាក្សាគ្នា ក្នុងការ​ស្វែង​រក​ដំណោះស្រាយ​ឱ្យបានឆាប់»។

យ៉ាងណាមិញ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះលែង អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចំនួន ៣ នាក់​ ដែល​ជាអ្នក​ជាប់​ឃុំ​ចុង​ក្រោយ​ក្នុង​ចំណោម​ពួក​គេ​១១​ នាក់​ ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២៕

វីដេអូ៖