
បុរសម្នាក់កំពុងបើកបរម៉ូតូ កាត់ពីមុខក្រសួងព័ត៌មានកាលពីខែកញ្ញាឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ថា មូលហេតុដែលក្រសួងចេញលិខិត ប្រកាសមិនឱ្យបន្តអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន ៣ គឺចង់ឱ្យម្ចាស់អង្គភាពសារព័ត៌មានទាំងនោះ ពិនិត្យ និងកែកំហុសរបស់ពួកគាត់ ដែលបានធ្វើការចោទប្រកាន់អាជ្ញាធរសារធាណៈ។
លោក លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១៧ មីនាថា តាមពិតក្រសួងមិនទាន់ផ្អាកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង ៣ នេះទេ ក្រសួងគ្រាន់តែជម្រាបទៅមន្ទីរព័ត៌មាន ដែលជាអង្គភាពខ្សែបណ្ដោយនៅថ្នាក់ក្រោមជាតិ មិនត្រូវបន្តអាជ្ញាបណ្ណដល់អង្គភាពទាំងនេះទៀត ដោយសារបច្ចុប្បន្ននេះ ការបន្តសុពលភាពអង្គភាពទាំងនោះ គឺស្ថិតនៅលើការសម្រេចរបស់ថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «មូលហេតុដែលក្រសួងចេញលិខិត គឺចង់ឱ្យម្ចាស់អង្គភាពសារព័ត៌មានទាំងនោះ ពិនិត្យ និងកែកំហុសរបស់ពួកគាត់ថា ចំណុចណាជាសេរីភាពរបស់ពួកគាត់ ចំណុចណា ដែលជាការចោទប្រកាន់អាជ្ញាធរសារធាណៈដែលមានអាណត្តិ»។
លោកបានបញ្ជាក់ថា មន្ត្រីក្រសួងព័ត៌មានបានអញ្ជើញតំណាងអង្គភាពទាំង ៣ នេះ មកសួរនាំឱ្យកែតម្រូវ ស្របតាមច្បាប់ ប៉ុន្តែពួកគេមានបំណងប្រើប្រាស់អត្ថបទរបស់ពួកគេតថ្លៃ ទារប្រាក់ជាថ្នូរ និងការចុះផ្សាយ ឬមិនចុះផ្សាយ ជាចំណុចដែលច្បាប់ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទទួលយកមិនបាន។
លោក មិន ឃឿន ចាងហ្វាងការផ្សាយគេហទំព័រ www.khmercoverty.com បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១៧ មីនាថា អង្គភាពសារព័ត៌មានទាំង ៣ បាននិងកំពុងស្នើទៅលោករដ្ឋមន្រ្ដី ក្រសួងព័ត៌មាន ពិនិត្យលើការសម្រេច ផ្អាកផ្ដល់អាជ្ញាបណ្ណឡើងវិញ ដើម្បីស្នើសុំជួបពិភាក្សាលើអង្គហេតុ ដែលកើតឡើង និងស្នើសុំបន្តអាជ្ញាបណ្ណ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានជ្រាបរឿងហ្នឹង។ ខ្ញុំបានឆ្លើយឆ្លងតាមបណ្តាញសង្គមជាមួយគាត់។ យើងអត់ចង់វែងឆ្ងាយត្រង់ចំណុចនេះទេ យើងគ្រាន់តែចង់បកស្រាយ ករណីដែលចោទយើងថា មិនទៅតាមការកោះហៅរបស់ក្រសួង»។
យោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលប្រាប់ទៅមន្ទីរព័ត៌មានរាជធានី-ខេត្ដ កាលពីថ្ងៃទី ១៥ មីនា មិនឱ្យបន្តអាជ្ញាបណ្ណឱ្យអង្គភាពសារព័ត៌មានចំនួន ៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាព សារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news)។
លិខិតបានឱ្យដឹងថា ក្រសួងព័ត៌មាន សូមជម្រាបជូន ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ជ្រាបថា គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យនិងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានទាំង ៣ ខាងលើនេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
លិខិតបញ្ជាក់ថា៖ «ក្នុងន័យនេះ ក្រសួងព័ត៌មាន ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ»៕
វីដេអូ៖