The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ សុខ ទូច៖ យើង​ត្រូវ​រួមគ្នា​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​ការពារ​ធនធាន​ត្រី​បឹង​ទន្លេសាប

លោក​ សុខ ទូច៖ យើង​ត្រូវ​រួមគ្នា​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​ការពារ​ធនធាន​ត្រី​បឹង​ទន្លេសាប

Content image - Phnom Penh Post
លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​។ រូប យូរសុះ អាប់ឌុល រ៉ាស់ហ៊ីម​

លោក​ សុខ ទូច៖ យើង​ត្រូវ​រួមគ្នា​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​ការពារ​ធនធាន​ត្រី​បឹង​ទន្លេសាប

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ឆ្នាំ​ ២០២១ បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៅ​បឹង​ទន្លេសាប​ដែលមាន​ផ្ទៃដី​របស់​រដ្ឋ​ប្រមាណ ៦៤ ម៉ឺន​ហិកតា​។ លោក​បាន​រកឃើញ​ករណី​ការទន្ទ្រាន​យក​ដី​រដ្ឋ​ពី​អ្នក​មានអំណាច និង​ប្រជាពលរដ្ឋ​មួយចំនួន ទើប​ធ្វើ​របាយការណ៍​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ស្នើ​ចាត់វិធានការ​ច្បាប់ ដកហូត​ដី​រដ្ឋ​ទាំងនោះ​មកវិញ​ និង​ចាត់​វិធានការ​បន្ថែមទៀត ចំពោះ​បទល្មើស​នេសាទ​នានា​ ដើម្បី​ការពារ​ធនធានធម្មជាតិ​ត្រី​ទឹកសាប​។

កាលពី​ថ្ងៃទី​ ១០ ​មីនា កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ជារួម​លទ្ធផល​សម្រេច​បាន​ក្នុង​ខេត្ត​ទាំង​ ៦ ​ជុំវិញ​បឹង​ទន្លេសាប គឺ​ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង និង​ខេត្ដ​សៀមរាប​មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ចំនួន ១៥ ០០២ គ្រួសារ ស្មើ​ ៦៣ ១៩០,៨០ ​ហិកតា និង​ធ្វើការ​វាស់វែង​ជាក់ស្តែង​បាន​ចំនួន ៨ ៨៦០ ​គ្រួសារ ស្មើ ១០ ៨៣៧ ក្បាលដី និង​មាន​ទំហំ ៨៧ ០៤២,៤៥ ហិកតា​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ លោក សុខ ទូច ដើម្បី​បញ្ជាក់បន្ថែម​ពី​សមិទ្ធផល​ដែល​ក្រុមការងារ​សម្រេចបាន​ខាងលើ និង​ផ្ដល់​ជា​អនុសាសន៍​បន្ថែមទៀត​សម្រាប់​ការការពារ និង​អភិរក្ស បឹង​ទន្លេសាប ដែលមាន​ខ្លឹមសារ ដូចខាងក្រោម​៖

លោក​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​បឹង​ទន្លេសាប សូម​លោក​បង្ហាញ​ពី​ដំណើរ​ដើមទង​ខ្លះ​នៃ​ការធ្វើការងារ​នេះ​?

ការសិក្សា​ស្រាវជ្រាវ​នេះ យើង​ចែកចេញ​ជា ៣ ដំណាក់កាល ដំណាក់កាល​ទី​ ១ យើង​សិក្សា​ទៅលើ​ឯកសារ​ដែលមាន​នៅតាម​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក៏ដូចជា​អ្វីដែល​មាន​ជា​ប្រវត្ដិសាស្ដ្រ​។ ក្រោយពី​យើង​សិក្សា​លើ​ឯកសារ​ចប់សព្វគ្រប់​យើង​ចាប់ផ្ដើម​ផ្ទៀងផ្ទាត់​រវាង​ឯកសារ​ និង​វត្ថុតាង​ជាក់ស្ដែង​នៃ​បឹង​ទន្លេសាប​។ តាម​ឯកសារ បឹង​ទន្លេសាប​មាន​ផ្ទៃដី​រហូត​ទៅដល់ ៦៤ ម៉ឺន​ហិកតា ដែល​គ្របដណ្ដប់​លើ​ខេត្ដ​ចំនួន ៦​។ ប៉ុន្ដែ​ក្នុងនោះ​ខេត្ដ​បន្ទាយមានជ័យ គ្រាន់​តែមាន​ចំណុច​មួយ ដែលជា​ស្ទឹង​ហូរ​ចូល​ពី​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ហើយ​ខេត្ដ​ដែលមាន​ផ្ទៃដី​បឹង​ទន្លេសាប​ធំជាងគេ​គឺ​ខេត្ដ​កំពង់ធំ​។ បឹង​ទន្លេសាប​នេះ បាន​បែងចែក​ជា ៣ ដោយ​យក​អ័ក្ស​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៦ ក្នុងនោះ​យក​ផ្លូវជាតិ​លេខ​ ៥ ជា​ចំណុច​ទី​១ នៃ​ខេត្ត​ចំនួន ៣ គឺ​ខេត្ដ​បាត់ដំបង ពោធិ៍សាត់ និង​ខេត្ដ​កំពង់ឆ្នាំង ហើយ​បាន​បែង​ចែកជា ៣ តំបន់ គឺ​តំបន់​ប្រជាជន​រស់នៅ តំបន់​អាស្រ័យផល និង​តំបន់​អភិរក្ស​។

តំបន់​អភិរក្ស​នេះ យើង​បានបញ្ជាក់​ទៀត​ទៅកាន់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បូក​ទៅនឹង​ឯកសារ​ដែល​យើង​មាន ដែល​គ្រាន់តែ​យើង​ចុះទៅ​ដំណាក់កាល​ទី​ ១ ទៅ​មើលឃើញ​ភ្លាម យើង​ឃើញ​ហាក់បី​ដូចជា​ត្រូវតែ​ប្រកាសអាសន្ន ក្រោយពី​យើង​បាន​សិក្សា​ទៅលើ​ឯកសារ និង​ចុះទៅពិនិត្យ សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង​។

ពេល​យើង​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង យើង​បានស្នើ​ទៅកាន់​រាជរដ្ឋាភិបាល​ថា បើ​យើង​ទុក​ដល់​ឥឡូវនេះ គឺ​ខ្ទេច​តែម្ដង ព្រោះ​គេ​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដី​នៅពេល​ណា គឺ​នៅពេល​ទឹក​ស្រក​អស់ គឺ​គេ​ចូលទៅ​កាប់​ទន្ទ្រាន​យកតែ​ម្ដង​។

តើ​ដី​ដែល​ត្រូវបាន​គេ​កាប់​ទន្ទ្រាន​វាត​យក​នោះ ត្រូវបាន​ដកហូត​មកវិញ​អស់ហើយ​ឬ​នៅ​?

យើង​ជម្រាប​ជូនទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ចាប់ផ្ដើម​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជុំវិញ​បឹង​ទន្លេសាប​ចុះទៅ​ស្រាវជ្រាវ និង​ដកហូត​ដី​រដ្ឋ​មកវិញ​។ ឥឡូវនេះ​យើង​ឃើញថា រដ្ឋាភិបាល​បាន​ដកហូត​ដី​ដែល​ត្រូវបាន​គេ​ទន្ទ្រាន​យក​នោះ​មកវិញហើយ​។ ទោះបី​ក្នុងករណី​ណាក៏ដោយ ក្នុង​តំបន់​ ៣​ ដែល​បាន​បោះបង្គោល ហើយ​នឹង​មិនទាន់បាន​បោះបង្គោល គឺ​យើង​ឃើញថា រដ្ឋាភិបាល​បាន​រឹបអូស​ដី​ដែល​ត្រូវគេ​ទន្ទ្រាន​យក​នោះ​មកវិញ​អស់ហើយ​។

តើ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​នៅ​បឹង​ទន្លេសាប មាន​សភាព​យ៉ាង​ដូចម្តេច​ដែរ​?

នៅ​រដូវវស្សា ធារ​បឹង​ទន្លេសាប​មាន​ជម្រៅ ៥,៥ ម៉ែត្រ សម្រាប់​ខេត្ដ​សៀមរាប បាត់ដំបង និង​ពោធិ៍សាត់​។ ប៉ុន្តែ​បើ​នៅតាម​ព្រែក ធារទឹក​មាន​ដល់​ ៧ ម៉ែត្រ​។ ចំណែក​នៅ​តំបន់​ឆ្នុកទ្រូ​ធារទឹក​មាន​ ១៣ ម៉ែត្រ​ហើយ​នៅមុខ​ព្រះបរមរាជវាំង​ធារទឹក​មាន​ជម្រៅ ២៣ ម៉ែត្រ​។ ប៉ុន្ដែ​ឥឡូវ​ធារទឹក​ត្រង់​ទីតាំង ៥,៥ ម៉ែត្រ​នោះ​គឺ​នៅសល់តែ​ ១ ​ម៉ែត្រ​ប៉ុន្ដែ​បរិមាណ​នេះ មិនទាន់​កំណត់​បាន​ច្បាស់​ទាំងស្រុង​ទេពី​ព្រោះ​ទឹក​ដែល​នៅ​រាក់​បំផុត គឺ​នៅ​ខែមេសា​ខាងមុខ​។ ដូច្នេះ​នៅ​ខែមេសា​យើង​នឹង​បន្ត​ចុះទៅ​ពិនិត្យមើល​ម្ដងទៀត​។

ហេតុអ្វី​បានជា​លោក​ធ្វើការ​សិក្សា​ពី​ទឹក សិក្សា​ពី​ព្រៃឈើ​នៅ​បឹង​ទន្លេសាប​?

ការដែល​យើង​សិក្សា ពីព្រោះ​ទឹក​គឺជា​ផ្ទះ​របស់​ត្រី និង​ជា​ជម្រក​របស់​សត្វ​លើគោក ចំណែក​ព្រៃ គឺជា​ចំណី​របស់​សត្វ​ទាំងនេះ​។ ត្រី​មាន​ស្រកា វា​ស៊ី​រុក្ខជាតិ ស្លែ ចំណែក​ត្រី​គ្មាន​ស្រកា វា​ស៊ីសាច់ ឬ​ស៊ី​ត្រី​គ្នា​វា​។ កាលពី​សប្ដាហ៍​មុន ខ្ញុំ​បាន​ចុះទៅ​ដល់​បឹង​ទន្លេសាប ទឹក​នៅសល់​រាក់​មែនទែន​ហើយ​ត្រី​ក៏​ខ្សត់​ដែរ​។ ការ​ខ្សត់​ត្រី​នេះ​ដោយសារ​ការនេសាទ​ខុសច្បាប់ ដូចដែល​ខ្ញុំ​បានបង្ហាញ​ហើយ រួមមាន​ការធ្វើ​នេសាទ​គ្រប់​រដូវ ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​លប​ស្បៃមុង ដែលមាន​ប្រវែង​រាប់គីឡូម៉ែត្រ និង​ការនេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ជាដើម​។

ចំណែក ការចូលទៅ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​មក​ធ្វើស្រែ ក៏​ជា​កត្ដា​បង្កឱ្យ​មាន​ការប៉ះពាល់​ដល់​ជម្រក​ត្រី​ទឹកសាប​ដែរ​។ ត្រី​ទឹកសាប ប្រភេទ​ត្រី​ស្រកា វា​ស៊ី​រុក្ខជាតិ​ជា​ចំណី ដូច្នេះ​នៅពេល​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​ជាប់​បឹង​ទន្លេសាប​ទៅធ្វើ​ស្រែ​នឹង​ប្រើប្រាស់​ថ្នាំ​គីមី​ក៏​នាំឱ្យ​ប៉ះពាល់​ដល់​ចំណី​ត្រី​បណ្ដាលឱ្យ​បាត់បង់​ត្រី​ដែរ​។

ចំណុច​នេះហើយ​ជា​បញ្ហា ដូច្នេះហើយ​បានជា​យើង​សុំឱ្យ​បញ្ឈប់​ការនេសាទ​ត្រី​ខុសច្បាប់ ប៉ុន្ដែ​ខ្ញុំ​ជឿជាក់ថា ប្រជាជន​កម្ពុជា​ខឹង​ខ្ញុំ​នៅពេលនេះ​។ ប៉ុន្ដែ​គាត់​នឹង​នឹកឃើញ​នៅពេល​ក្រោយ​ថា យើង​អស់ហើយ​លក្ខណៈ​ធម្មជាតិ​។ ខ្មែរ​មិនទាន់​ប្រកាសអាសន្ន​នឹងខ្វះ​ដី​ធ្វើស្រែ​ទៅប្រើប្រាស់​ដី​បឹង​ទន្លេសាប ៦៤ ម៉ឺន​ហិកតា​នឹង​ទេ ប្រជាជន​យើង​មានតែ ១៦ លាន​នាក់​ទេ មាន​ផ្ទៃដី​ធំ​ជាង​ប្រទេស​កូរ៉េខាងត្បូង​ដែល​គេ​មាន​ប្រជាជន​ដល់​ទៅ ៥២ លាន​នាក់ ប៉ុន្ដែ​គេ​រក្សា​ធនធាន​ធម្មជាតិ​របស់គេ​។

ហេតុអ្វី​បានជា​ធារទឹក​នៅ​​បឹង​ទន្លេសាប​រួម​តូច​?

ធារទឹក​តូច​នេះ​គឺ​ទី​ ១ ដោយសារ​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ ទី ២ ដោយសារតែ​វារី​អគ្គិសនី​ច្រើន ទី​ ៣ គឺ​យើង​អត់​ចេះ​សន្សំសំចៃ​ទឹក​។ អ៊ីចឹង​យើង​ត្រូវធ្វើ​ម៉េច គឺមាន​ជម្រើស​ត្រង់ចំណុច​នេះ​។ ជម្រើស​ទី​ ១ គឺ​ជម្រើស​ធ្វើ​ទំនប់ ការធ្វើ​ទំនប់​នេះ​មាន​ ៣ ​ប្រភេទ តើ​យើង​ធ្វើជា​ទំនប់​បង្ហៀរ ទំនប់​ទ្វារ​ទឹក​ ឬ​ទំនប់​បែប​នៅ​ប៉ាណាម៉ា​។

ការរក្សា​ធារទឹក គឺ​បានផ្ដល់​ផលចំណេញ អត់​អាចមាន​អ្នក​កាប់​ព្រៃឈើ​លិច​ទឹក​។ កសិករ​អាចធ្វើ​ស្រែ​បាន​ពីព្រោះ​រាល់​ប្រព័ន្ធ​ប្រឡាយទឹក ស្ទឹង​ឬ​អូរ ដែល​ហូរ​ចូលមក​ទន្លេសាប​ធ្វើឱ្យ​នីវ៉ូទឹក​ស្មើគ្នា ដូច្នេះ​នៅពេល​នីវ៉ូទឹក​ស្នើ​គ្នា​យើង​រក្សាបាន​ទឹក​តាម​ស្ទឹង​បាន​ទាំងអស់​ដែល​អាច​ឱ្យធ្វើ​កសិកម្ម​បាន​។

តើ​ការធ្វើ​ទំនប់​ទប់ទឹក​ផ្ដល់​ផលប្រយោជន៍ និង​ផលប៉ះពាល់​អ្វីខ្លះ​?

ការធ្វើ​ទំនប់​ទប់ទឹក​បែបនេះ​ច្បាស់​ជា​គេ​ចោទសួរ​យើង​ហើយ​ថា ចុះបើ​ទប់ទឹក​បែបនេះ ត្រី​បំ​ផ្លាស់​ទី​ម្ដេច​កើត​? អ៊ីចឹង​មើល ធនធាន នៅពេល​ខែវស្សា​មកដល់ យើង​មាន​លំបាក​អី គឺ​យើង​បើកទ្វារ​ទឹក​ទាំងអស់ ព្រោះ​យើង​លែង​ត្រូវការ​ទឹក​ហើយ​ទឹកបាន​ហូរ​បុក​ចូល​ពី​ទន្លេមេគង្គ​ទៅហើយ​។ ចាំ​ពេល​ខែប្រាំង​ចាំ​បិទទ្វារ​ទឹក​ទៅ​។ ប៉ុន្ដែ​បើ​ធ្វើ​ទំនប់​បង្ហៀរទឹក ឧបមា​ថា យើង​ចង់បាន​ទឹក​នៅ​ទន្លេសាប​នៅ​រដូវប្រាំង ៣ ម៉ែត្រ អ៊ីចឹង​យើង​លើក​ទំនប់​នឹង ៣ ម៉ែត្រ​បើ​ទឹក​ផុតពី​ ៣ ម៉ែត្រ​ឱ្យ​ហូរ​ចេញទៅ លើសពី ៣ ម៉ែត្រ​ហូរ​ចូលមក ធ្វើបែបនេះ​ក៏បាន​ដែរ​។ ពីព្រោះ​មិនមែន​ដូច​មុន​ទៀត​ទេ គេ​ធ្វើ​វារីអគ្គិសនី​បាន ហេតុ​អីយើ​ង​ធ្វើ​អាហ្នឹង​មិនបាន​អាហ្នឹង​ហើយ​ដែល​យើង​ត្រូវ​គួរ​គិតពិចារណា​។

មួយទៀត​ក្នុងករណី​ត្រី​មិន​បំផ្លាស់​ទី បើសិន​ត្រី​បំផ្លាស់​ទី​មិនបាន​យើង​មាន​ក្រពះ​បឹង​ទន្លេសាប គឺ​ទន្លេ​ឆ្មារ​ដែលមាន​ទំហំ​ជាង ១១ ០០០ ហិកតា យក​កន្លែង​នេះ​ជា​កន្លែង​ត្រី​ភ្ញាស់ ហើយ​លែង​ត្រី​នោះមក​បឹង​ទន្លេសាប​មក មិនបាច់​លែង​ផង វា​ហែល​ខ្លួន​វា​ធម្មជាតិ​។

ចំណុច​មួយទៀត​ចំណុច​ដែល​យើង​ត្រូវ​រក្សា​ឱ្យបាន​នោះ​គឺ​ត្រូវតែ​ម៉ឺងម៉ាត់ ការអនុវត្ដ​ច្បាប់​ជលផល​។ រដូវ​ត្រី​ពង​ហាម​ដាច់ខាត​មិន​ឱ្យ​នេសាទ បើ​ចាប់បាន​ត្រូវ​អនុវត្ដ​ច្បាប់​។ ក្រោយពី​បើក​ឱ្យ​នេសាទ តើ​ត្រូវធ្វើ​របៀប​ម៉េច ឧទាហរណ៍ គេ​ឱ្យ​ដាក់​លប​ត្រឹម ៦០០ ម៉ែត្រ គឺ​ត្រូវដាក់​តែ ៦០០ ម៉ែត្រ​បាន​ហើយ កុំទៅ​ដាក់​រាប់គីឡូម៉ែត្រ​។ កុំឱ្យ​ឆក់​ត្រី បើ​ឆក់​ចាប់បាន​ត្រូវធ្វើ​ម៉េច​។ បទល្មើស​នេសាទ​នេះ អ្នក​ល្មើសច្បាប់​រស់​តែ​ម្នាក់ ២ ​នាក់​ប៉ុន្ដែ​ក្រ​នៅ​ទូទាំង​ប្រទេស​រឿងនេះ គឺ​មិន​ត្រឹមត្រូវ​ទេ​។ គេ​ថា យើង​ស្អប់​ជាតិ​សាសន៍ យើង​អត់​ស្អប់​ទេ​។ ឥឡូវ​ប្អូនឯង​ទៅ​ប្រទេស​កូរ៉េ បើ​ប្អូនឯង​ធ្វើ​ខុសច្បាប់​គេ​ចាប់​ដាក់គុក​បាត់​ឥឡូវ​។ ទៅ​ថៃ វៀតណាម​បើ​យើង​ធ្វើ​ខុសច្បាប់​គេ​ចាប់​ដាក់គុក​ឥឡូវ​។ រឿងនេះ​ហើយ​ដែល​យើង​ត្រូវ​ជួយ​ទាំងអស់គ្នា​។ ពលរដ្ឋ​កុំ​គិតថា​ជា​រឿង​ស្អីៗ នេះ​ជា​រឿង​ជាតិ​ទាំងមូល មនុស្ស​ទៅ​បាត់ (​ស្លាប់​) ប៉ុន្ដែ កូន ចៅ យើង​នៅ​។ ចៅ​នោះ​ជា​ស្អី គឺជា​ឈាម​របស់​យើង​។

តើ​បទល្មើស​នេសាទ​ចម្បង​មាន​អ្វីខ្លះ​ហើយ​ត្រូវ​ទប់ស្កាត់​បែបណា​?

បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នេះ គឺមាន​ច្រើន​ប្រភេទ វា​សឹងតែ​ការនេសាទ​នៅ​ទីនោះ គឺ​ល្មើស​ទាំងអស់​ទាំង​អ្នកនេសាទ​ក្នុងស្រុក និង​អ្នកនេសាទ​មកពី​ក្រៅ​ស្រុក គ្រាន់តែ​បទល្មើស​នោះ មាន​ខ្លះ​ធ្ងន់ ខ្លះ​ស្រាល ទៅតាម​ឧបករណ៍​នេសាទ​របស់​ពួកគេ​។

ចំណុច​នេះ យើង​កុំ​បន្ទោស​ជលផល​គឺ​យើង​ត្រូវ​ដឹង​ទាំងអស់​គ្នា​ថា ពីមុន​អំណាច​បានផ្ដល់​វិមជ្ឈការ​ទៅ​ថ្នាក់ក្រោម​ជាតិ អ៊ីចឹង ខេត្ដ​គឺជា​អំណាច​ធំ​ណាស់ ខ្ញុំ​ចង់ឃើញ​លោក​អភិបាលខេត្ដ ខ្ញុំ​មិនដឹង​ខេត្ដ​ណា ខ្ញុំ​អត់​និយាយ​ទេ​ ប៉ុន្ដែ​បើ​និយាយ​ពី​បឹង​ទន្លេសាប​នេះ​បើ​ធ្វើ​កន្លែង​នឹងមិន​កើត​សូម​លាលែង​ទៅ មិនមែន​ដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​អ៊ីចឹង​ទេ​។ អត់​ចេះ​ខ្មាសអៀន​សោះ​។ ខ្ញុំ​បើ​ធ្វើ​មិនកើត នៅមុខ​នាយករដ្ឋមន្ដ្រី ថ្ងៃ​ខ្ញុំ​ទៅ​ទទួល​ត្រា ៣ ឆ្នាំ​ខ្ញុំ​ធ្វើ​មិនកើត​ខ្ញុំ​ដើរចេញ ព្រោះ​យកមក​ធ្វើ​អី​។ អ៊ីចឹង​អ្នកធ្វើ​នីមួយៗ​ត្រូវ​បង្ហាញ​អ្វី​? ធ្វើ​ដើម្បី​អ្វី គឺ​ធ្វើ​ដើម្បី​ជួយ​សង្គម​នេះ ព្រោះ​ជា​ប្រទេស​របស់​យើង​ទាំងអស់​គ្នា​។ ធ្វើ​មក​ដើម្បី​ផលប្រយោជន៍​យើង​ទាំងអស់​គ្នា អ៊ីចឹង​យើង​ត្រូវតែ​ហ៊ាន​មាន​ឆន្ទៈ​ហ្នឹង​។

តើ​លោក​មាន​អនុសាសន៍​អ្វី ដើម្បី​រក្សា​សម្បត្ដិ​ធម្មជាតិ​នៅ​បឹង​ទន្លេសាប​ឱ្យ​បាន​គង់វង្ស​?

ចំណុច​នេះ​ធ្វើ​ម៉េច​យើង​ត្រូវ​ពន្យល់​ប្រជាជន​យើង​ឱ្យ​យល់​សិន ដើម្បីឱ្យ​ពួកគាត់​ចូលរួម កាលណា​ពួកគាត់​អត់​យល់ ពិបាក​ណាស់ ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ​អ៊ីចឹង​។ អ៊ីចឹង ចំណុច​នេះ សួរថា ហេតុអ្វី​យើង​អាច​លើក​ស្លាក​ផ្សព្វផ្សាយ​ពី​ស្រាបៀរ​បាន ដូច្នេះ​ហេតុអ្វី​យើង​មិនអាច​លើក​ស្លាក​ពន្យល់​ប្រជាជន​យើង​ឱ្យ​ចូលរួម​អភិរក្ស​បឹង​ទន្លេសាប​បាន​។ យើង​ត្រូវ​ពន្យល់​ប្រជាជន​ឱ្យ​ពួកគាត់​យល់​នេះ​ជា​ចំណុច​ទី​ ១ ចំណែក​ទី​ ២ គឺ​ការ​អនុវត្ដ​ច្បាប់​ក្រោយពី​ការពន្យល់​រួចហើយ​គឺ​យើង​ត្រូវ​អនុវត្ដ​ច្បាប់​។ ចំណុច​មួយទៀត គឺ​យើង​ត្រូវបង្កើត​ពូជ​ត្រី​ដែល​ជិត​ផុត​ពូជ​នោះ​ឡើងវិញ ហើយ​យើង​នាំគ្នា​អភិរក្ស​អភិវឌ្ឍ​វា​ទាំងអស់គ្នា​។ យើង​ត្រូវតែ រៀបចំ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការនេសាទ​ហួស​ដែន​កំណត់ បើ​មានការ​នេសាទ​ហួស​ដែន​កំណត់ គឺ​ត្រូវ​អនុវត្ដ​ច្បាប់​។ យើង​ត្រូវ​ដឹងថា បើ​យើង​មិន​ធ្វើ វា​អស់ តែបើ​យើង​ធ្វើ​ហើយ​វា​មិនបាន​ជោគជ័យ វា​ក៏បាន​បន្សល់ទុក​នៅក្នុង​ប្រវត្ដិសាស្ដ្រ​ដែរ​ថា មិនមែន​គ្មាន​អ្នកណា​ធ្វើ​ទេ មាន​គេ​ធ្វើ ប៉ុន្ដែ​ទប់​វា​មិនបាន​។

អ៊ីចឹង ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាបជូន​ថា ការធ្វើ​កិច្ចការងារ​នេះ ហានិភ័យ​របស់ខ្ញុំ​ខ្ពស់​ប៉ុន្ដែ​ហេតុអ្វី​ខ្ញុំ​ធ្វើ​? បើ​ខ្ញុំ​មិន​ធ្វើ​រឿង​ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​ទំនុកចិត្ដ​មកលើ​ខ្ញុំ ប្រគល់​ភារកិច្ច​មកឱ្យ​យើង ហើយ​បើ​យើង​ធ្វើ​ដូច​តែ​គេ​តើ​យើង​យក​តំណែង​មក​ធ្វើ​អី​? ព្រោះ​តំណែង​ទាំងអស់​ហ្នឹង មិនមែន​ជា​តំណែង​សម្រាប់​ឱ្យគេ​គោរព​ទេ ប៉ុន្ដែ​ជា​តំណែង​សម្រាប់​យកមក​អនុវត្ដ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍