ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​ស្ថានទូត​អាមេរិក និង​តំណាង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​(WFP) រួមគ្នា​ពង្រីក​បន្ថែមទៀត​នូវ​កម្មវិធី​ជាតិ​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ក្នុងនោះ​សាលារៀន​ចំនួន​ ៨៥ ​បន្ថែមទៀត​ដែល​អនុវត្ត​កម្មវិធី​នេះ​ត្រូវបាន​ផ្ទេរ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជូន​ដល់​រាជរដ្ឋាភិបាល​។

ការប្រកាស​រួមគ្នា​នេះ​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ​១៧ ​ខែមីនា ក្នុង​ពិធី​ទស្សនកិច្ច​ទៅកាន់​ខេត្តសៀមរាប​របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ បានឱ្យ​ដឹងថា ភាគី​ទាំង​ ៣ បានរួម​គ្នា​ពង្រីក​កម្មវិធី​ជាតិ​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន និង​បាន​ផ្ទេរ​ជា​ផ្លូវការ​នូវ​សាលារៀន​ដែល​អនុវត្ត​កម្មវិធី​នេះ​ចំនួន​ ៨៥ ​បន្ថែមទៀត​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជូន​ដល់​រាជរដ្ឋាភិបាល​។

សេចក្តី​ប្រកាស​ដដែល​បានឱ្យដឹង​បន្តថា កម្មវិធី​នេះ​ផ្តល់នូវ​របប​អាហារ​មាន​ជីវជាតិ ដែល​ជួយ​រួមចំណែក​ឱ្យ​កុមារ​មាន​សុខភាព​ល្អ និង​ដើរតួ​ក្នុង​ការលើកកម្ពស់​ដោយ​ប្រយោល​នូវ​ប្រាក់ចំណូល​របស់​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត​ផងដែរ​។ ​ក្រៅពីនេះ​កម្មវិធី​នេះ​ក៏​​បានរួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​តាម​មូលដ្ឋាន​តាមរយៈ​ការដាំដុះ និង​ទិញដូរ​កសិផល​នៅក្នុង​សហគមន៍​ផង​ដៃរ​។

សេចក្តី​ប្រកាស​បានបញ្ជាក់​ថា «​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ផ្តល់​អាហារ​មាន​ជីវជាតិ​ដល់​សិស្ស​ ដើម្បី​ទទួលទាន​នៅតាម​សាលារៀន​។

ការទទួល​ទាន​អាហារ​នៅ​សាលារៀន​មាន​សារៈសំខាន់​ណាស់​ដោយ​បាន​រួមចំណែក​ដល់​ការអប់រំ​តាមរយៈ​ការបង្កើន​ការចុះឈ្មោះ​ចូលរៀន​វត្តមាន ការយកចិត្ត​ទុកដាក់ និង​ភាពរហ័សរហួន​របស់​សិស្ស​ក្នុង​ថ្នាក់រៀន​»​។

នៅ​កម្ពុជា​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ថ្នាក់​មត្តេយ្យ​ និង​បឋមសិក្សា​ចំនួន ២៨ ​ម៉ឺន​នាក់ នៅក្នុង​សាលារៀន​ចំនួន​ ១ ១១៣ នៅក្នុង​ខេត្ត​ចំនួន​ ១០​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​អ្នកផ្ដល់​មូលនិធិ និង​ចាត់ចែង​កម្មវិធី​នៅតាម​​សាលា​ចំនួន​ ២៩០ (២៦%) ​និង​បាន​បែងចែក​ថវិកា​ចំនួន​ ២៩​ លាន​ដុល្លារ សម្រាប់​កម្មវិធី​នៅក្នុង​ឆ្នាំនេះ​។ ​នេះ​បើតាម​ការអះអាង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ការប្រគល់ជូន​រដ្ឋាភិបាល​នូវ​សាលារៀន​ទាំងនេះ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជា​ដែល​លោក​ចាត់ទុកថា វា​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រីក​កម្មវិធី​នេះ​ជា​បណ្តើរៗ ដោយ​ទទួល​ស្គាល់​ពី​ឥទ្ធិពល​ជា​វិជ្ជមាន​របស់​កម្មវិធី​នេះ​ទៅលើ​ការអប់រំ អាហារូបត្ថម្ភ និង​កិច្ចគាំពារ​សង្គម​។

លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជាមួយ​បណ្ដាញ​សកល​នៃ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​កាលពី​ខែសីហា ឆ្នាំ​ ២០២១ និង​បាន​ទទួលស្គាល់ថា ការផ្តល់​អាហារ​តាម​សាលារៀន​កាន់តែ​មាន​សារៈសំខាន់​ជាពិសេស​ក្នុង​ការជួយ​ទប់ទល់​ទៅនឹង​ផលប៉ះពាល់​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​ទៅលើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​»​។

លោកស្រី គ្លែរ កូណាន់ តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការគាំទ្រ​សប្បុរស​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែលមាន​ទឹកប្រាក់​សរុប​ជាង ​៨៤ ​លាន​ដុល្លា ចាប់​តាំងពី​ឆ្នាំ​ ២០២១ បានអនុញ្ញាត​ឱ្យ​កុមារ​​កម្ពុជា​មកពី​ក្រុមគ្រួសារ​ក្រីក្រ​ទទួលបាន​អាហារ​ពេលព្រឹក​ដែលមាន​ជីវជាតិ និង​បាន​រួមចំណែក​លើកកម្ពស់​ការអប់រំ​​ និង​អាហារូបត្ថម្ភ​របស់​ពួកគេ​។

លោកស្រី​បានបញ្ជាក់​បន្ថែមថា​៖ «​អ្វី​ដែលជា​ចំណុច​សំខាន់បំផុត​នោះ​គឺ វា​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្មវិធី​ជាតិ ដោយ​ជួយ​អភិវឌ្ឍ​សមត្ថភាព​ជាតិ​ក្នុង​ការចាត់ចែង​កម្មវិធី​ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​​ទទួលទាន​អាហារ ទឹកស្អាត ក៏ដូចជា​អនាម័យ​នៅក្នុង​សាលារៀន​ទូទាំង​ប្រទេស​»​។

ចំណែក​លោក Patrick W. Murphy ឯកអគ្គ​រដ្ឋទូត្ឋអាមេរិក​ប្រចាំ​កម្ពុជា​បានបង្ហាញ​នូវ​សេចក្តី​សោមនស្ស​រីករាយ​ដោយ​​បានឃើញ​លទ្ធផល​នៃ​ការគាំទ្រ​កន្លងមក​របស់​សហរដ្ឋអាមេរិក​សម្រាប់​អាហារូបត្ថម្ភ​តាម​សាលារៀន​នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្ដល់​អាហារ​ប្រកបដោយ​គុណភាព​តាម​សាលារៀន​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស និង​ក្រុមគ្រួសារ​របស់​ពួកគេ​ហើយ​នេះ​គឺជា​សកម្មភាព​ជា​ទីរីករាយ​ និង​សាទរ​ដែល​ក្រសួង​អប់រំ​ទទួលយក​កម្មវិធី​នេះ និង​ពង្រីក​នៅតាម​សាលារៀន​ទូទាំងប្រទេស​»​។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​​កម្ពុជា សហការ​ជាមួយ​ម្ចាស់​ជំនួយ​ដទៃទៀត​បាន​ចូលរួមចំណែក​ផ្ដល់​មូលនិធិ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក សម្រាប់​ដំណើរការ​កម្មវិធី​នៅ​​តាម​សាលារៀន​ដែល​នៅ​សេសសល់​ដោយបាន​ផ្ដល់​វិភាគទាន​សរុប​ចំនួន ២៤ ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ២០០៧ មក​៕