ភ្នំពេញៈ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​និង GIZ រួមគ្នា​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង ក្រោម​ប្រធានបទ “​ការលើក​កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដោយ​ស្មើភាព និង​ស្មោះត្រង់ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​បុគ្គល​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពី​ភាគី​ជាតិ និង​អន្តរជាតិ​នៅ​សណ្ឋាគារ​ហៃយ៉ាត់ រីជិនស៊ី​ភ្នំពេញ និង​តាមរយៈ​វីដេអូ អនឡាញ ក្រោម​ប្រធានបទ «​ការលើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដោយ​ស្មើភាព និង​ស្មោះត្រង់​៖ ​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​សុខុមាលភាព អ្នកប្រើប្រាស់​»​។

អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យ​ដឹងថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ណែនាំ និង​លើកកម្ពស់​ការយល់ដឹង​របស់​បុគ្គល​ធ្វើ​ធុរកិច្ច​លើ​ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និយតករ អ្នកប្រតិបត្តិ​ច្បាប់ និង​បុគ្គល​ធ្វើ​ធុរកិច្ច ក្នុង​ការធានា​ឱ្យ​មាន​ការអនុវត្ត​ច្បាប់ និង​​បទប្បញ្ញត្តិ​នានា​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​លើកកម្ពស់​ការធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ក្រមសីលធម៌ និង​ការប្រកួតប្រជែង​ដោយ​ស្មោះត្រង់​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ថ្លែងថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ទើប​មានច្បាប់​ស្តីពី​ការប្រកួតប្រជែង​ចុងក្រោយ​គេ ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដទៃទៀត​។ ដូច្នេះ ការប្រកាស​ផ្សព្វផ្សាយ​នូវ​ច្បាប់​នេះ​ឱ្យបាន​ទូលំទូលាយ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការចូលរួម​ពី​សាធារណជន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ជាពិសេស​គឺ​បុគ្គល​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​បើទោះជា​កម្ពុជា​ទើប​តែ​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​នេះ​ក៏ដោយចុះ កម្ពុជា​នឹង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការពង្រឹង ការយកចិត្ត​ទុកដាក់ និង​ការធានា​សិទ្ធិ ការការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ក៏ដូចជា​ធុរជន​​តាមរយៈ​លិខិតបទដ្ឋាន​គតិយុត្ត និង​តាមរយៈ​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​»​។

ជាមួយ​នឹង​ការផ្សព្វផ្សាយ​ច្បាប់​នេះ លោក ផាន អូន ក៏បាន​អះអាង​ដែរ​ថា ដើម្បី​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ និង​តម្លាភាព រដ្ឋាភិបាល ក៏​កំពុង​តាក់តែង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​នានា​មួយចំនួនទៀត ដើម្បី​បំពេញបន្ថែម និង គាំទ្រ​ឱ្យ​ដំណើរការ​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នៅក្នុង​ប្រទេស​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក ផាន អូន បាន​ឱ្យដឹង​ដែរ​ថា មន្ត្រី​នៃ​អគ្គនាយដ្ឋាន ក.ប.ប. ចំនួន ៥៤២ នាក់ បានទទួល​ការតែងតាំង​ជា​មន្ត្រី​ស៊ើបអង្កេត​ក្រោម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រកួតប្រជែង​រួចមកហើយ ខណៈ​ដែល​មន្ត្រី​ជិត​ ៣០០ ​នាក់​បន្ថែមទៀត​នឹង​ទទួលបាន​ការតែងតាំង​ជា​មន្ត្រី​ស៊ើបអង្កេត​នៅក្រោម​ច្បាប់​នេះ​។

ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នេះ ​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ដ​លេខា​ប្រកាស​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ ២០២១ ​ដែល​ច្បាប់​នេះ ផ្តោត​សំខាន់​លើ​ការរារាំង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ការរំលោភបំពាន​លើ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​ និង​ការរួមបញ្ចូល​​គ្នា​នៃ​ធុរកិច្ច រីឯ​សកម្មភាព​បំពាន​ច្បាប់​ប្រកួតប្រជែង​ភាគច្រើន​កើតឡើង​ក្រោមរូបភាព​ជា​កិច្ចព្រមព្រៀង​មិន​ស្របច្បាប់ ដែល​តម្រូវឱ្យ​ស្ថាប័ន​ប្រកួតប្រជែង​ត្រូវតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​៕