ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឱ្យដឹងថា លោក​បានសម្រេច​លុបចោល​នូវ​លក្ខខណ្ឌ​មួយចំនួន​ សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ដោយ​លោក​មិន​តម្រូវឱ្យ​មាន​ការបង្ហាញ​លទ្ធផល​តេស្ត PCR និង​មិនមាន​ការធ្វើតេស្ត​រហ័ស​ពេលមកដល់​ប្រទេស​កម្ពុជា​ទៀត​ទេ ហើយ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ការផ្តល់​ទិដ្ឋាការ​ពេល​មកដល់​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើង​ដូចនេះ នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែមីនា​ឆ្នាំ​ ២០២២ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ «​ភូមិ​កុមារ​ SOS» ​ស្ថិត​នៅក្នុង​​ខេត្តព្រៃវែង ក៏ប៉ុន្តែ​​លោក​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ក្នុង​កិច្ចការពារ​ខ្លួន​តាមរយៈ​ ៣ ​កុំ ៣ ​ការពារ ជាមួយ​នឹង​រដ្ឋាភិបាល​ ខណៈ​មានការ​កាត់បន្ថយ​នូវ​​ការរឹតបន្តឹង​លើ​បញ្ហា​មួយចំនួន​​ផងដែរ​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា៖ «​ម្សិលមិញ ខ្ញុំ​បានសម្រេច​លើ​បញ្ហា​ ៣ ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ​តទៅ​ ក្នុងនោះ​អ្នក​ដែល​មកពី​ក្រៅប្រទេស​មិន​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​ PCR ​អវិជ្ជមាន ក្នុង​រយៈពេល ​៧២ ​ម៉ោង​មុនពេល​មកដល់​កម្ពុជា​ទៀត​នោះទេ ហើយ​ការលើកលែង​ទី ​២ ​គឺ​នៅពេលដែល​មកដល់​ព្រលាន​យន្តហោះ​របស់​យើង​មិន​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​រហ័ស​ទេ​»​។

ចំណែក​ការលើកលែង​ទី​ ៣ គឺ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការផ្តល់​ទិដ្ឋាការ​​ពេលមកដល់​ (Visa on Arrival) ​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ ទាំង​តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក​។

លោក​បញ្ជាក់ថា៖ «​អ្នកដំណើរ​​មិនចាំបាច់​ទៅយក​វីសា​តាម​ប្រទេស​ណា​ទេ​គឺ​ពួកគាត់​យក​វីសា​​ពេលមកដល់​តែម្តង តាម​សំណូមពរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។ ​ដូច្នេះ​មុនពេល​មកដល់​កម្ពុជា​គឺ​ពួកគាត់​ចាំបាច់​ទៅយក​​វីសា​នៅ​កន្លែង​នេះ​ ឬ​កន្លែង​នោះ ប៉ុន្តែ​ឥឡូវនេះ​យើង​ប្រើ​វីសា​ពេលមកដល់​តែម្តង​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ ១ ​ថ្ងៃៗ​ទៅលើ​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩​ សម្លៀកបំពាក់​ពេទ្យ​ការពារ​ពី​ការឆ្លង​​កូវីដ ១៩ ​ពេលធ្វើ​តេស្ត ហើយក៏​វា​ជាការ​រំខាន​ទៅដល់​ការធ្វើ​​ការងារ​ផងដែរ​។

លោក ហ៊ុន សែន បាន​ថ្លែង​​ថា​៖ «​យើង​សម្រួល​លើ​ការងារ​នេះ​ដើម្បី​ទាក់ទាញ​ការធ្វើ​វិនិយោគ និង​សម្រួល​ទៅឱ្យ​អ្នក​ដែល​ធ្វើ​ធុរកិច្ច​ដែល​មក​ទេសចរណ៍​នៅ​កម្ពុជា​។ ​ចំណុច​ទាំងនេះ ជា​ចំណុច​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​បន្ត​ក្នុង​ការធ្វើ​សកម្មភាព​ឆ្ពោះទៅមុខ​ ដើម្បី​គោលដៅ​នៃ​ការអភិវឌ្ឍ​រៀន​រស់​ជាមួយ​នឹង​កូវីដ​ ១៩»​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ ​១៩ លោក ម៉ម ប៊ុនហេង ​ក៏បាន​លើកឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៧ ខែមីនា ដែរ​ថា ទោះបី​មាន​ការលុបចោល​លក្ខខណ្ឌ​ទាំងនេះ​ក៏ដោយ ក៏​ក្រសួង​សុខាភិបាល​នៅតែ​លើកទឹកចិត្ត​ដល់​អ្នកដំណើរ​ទាំងអស់ គប្បី​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង​។

លោក​បាន​បន្តថា ជាមួយ​គ្នា​នេះ អ្នកដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ នៅពេល​មកដល់​កម្ពុជា​ផងដែរ​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា៖ «​ចំពោះ​អ្នកដំណើរ​​ដែល​ពុំបាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ពេញលេញ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ​១៤ ​ថ្ងៃ​នៅ​តាម​ទីតាំង​ដែល​កំណត់ដោយ​ក្រសួង​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។

ដោយឡែក ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៧ ខែមីនា ក៏​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​​ពី​ការធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ការ​ការចម្លង​វីរុស​កូវីដ ​១៩​ជាពិសេស​ប្រភេទ​អូមីក្រុង​នៅ​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០២២ នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ ក្រោម​ប្រធានបទ​ «​កូវីដ​ ១៩ ​បំប្លែង​ថ្មី​អូមីក្រុង ឆ្លង​ខ្លាំង​ជាង​មុន អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​ដល់​អ្នក និង​គ្រួសារ​»​។

ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត ឬក៏​អនុវត្ត​មិន​បាន​ត្រឹមត្រូវ មិនបាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់ នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូវីដ ​១៩ ជាពិសេស​ការជួបជុំ​គ្នា​នៅតាម​ពិធី​​ផ្សេងៗ មាន​ការខ្វះខាត​ ឬ​មិនមាន​ការប្រតិបត្តិ​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ដែលជា​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩​។

ការធ្វើ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ជំរុញ​នូវ​ការទទួល​ខុសត្រូវ​របស់​​បុគ្គល គ្រួសារ សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួល​ខុសត្រូវ​ក្នុង​ស្មារតី​​សាមគ្គីភាព​ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ឱ្យ​មាន​និរន្តរភាព​នៃ​ការរស់នៅ​ជាមួយ​នឹង​វីរុស​កូវីដ​ ១៩ ​តាម​គន្លង​ប្រកតីភាព​ថ្មី​ផងដែរ​៕