ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ណែនាំ​ដល់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី ខេត្ត ទាំងអស់​ឱ្យ​យកចិត្ត​ទុកដាក់​ពង្រឹងសមត្ថភាព​កម្លាំង​ប្រជាការពារ​ឱ្យមាន​គុណភាព​ និង​លទ្ធភាព​សមស្រប​ជា​កម្លាំង​ជំនួយ​ក្នុងការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​​ និង​សុវត្ថិភាព​សង្គម ស្របតាម​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​»​។

តាមរយៈ​លិខិត​មួយ​ផ្ញើ​ទៅកាន់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត កាលពី​ថ្ងៃទី​ ១៦ ខែមីនា លោក​ នេត សាវឿន បញ្ជាក់ថា តាមរយៈ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​»​ និង​ការអនុវត្ត​ការងារ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាម​ទម្រង់​ការងារ​នគរបាល និង​សហគមន៍​កន្លងមក ពិនិត្យ​ឃើញថា កម្លាំង​ប្រជា​ការពារ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ និង​បាន​ក្លាយជា​កម្លាំង​ជំនួយ​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​​នៅតាម​មូលដ្ឋាន​។

លោក​សរសេរ​ក្នុង​លិខិត​នេះ​បន្ត​​ថា ក្នុង​បំណង​បន្ត​លើកទឹកចិត្ត​ដល់​កម្លាំង​ប្រជាការពារ​...«​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​សូម​ធ្វើ​ការណែនាំ​​ឯកឧត្តម​អស់លោក​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី ខេត្ត ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​កម្លាំង​ប្រជា​ការពារ​ឱ្យមាន​គុណភាព​ និង​លទ្ធភាព​សមស្រប​ជា​កម្លាំង​ជំនួយ​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​...»​។

ជាមួយ​គ្នានេះ​លោក​អគ្គស្នងការ​នគរបាលជាតិ​បាន​ជំរុញ​ឱ្យ​បច្ចុប្បន្នភាព​ពង្រឹង​កង​ជួរ​របស់​កម្លាំង​ប្រជាការពារ នៅតាម​ឃុំ សង្កាត់​ឱ្យបាន​ច្បាស់លាស់ និង​ថែបំប៉ន លើកទឹកចិត្ត និង​ត្រូវ​បណ្ដុះបណ្ដាល ហ្វឹកហ្វឺន អប់រំ​អំពី​​វិន័យ​កងជួរ សីលធម៌ អាកប្បកិរិយា​ និង​ពាក្យសម្តី​ក្នុងពេល​បំពេញ​ការងារ​​ ឬ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា «​ត្រូវធ្វើ​សេនាធិការ​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់​ក្នុង​ការរៀបចំ​ផែនការ កសាង ពង្រឹង និង​គាំទ្រ​លើក​ទឹកចិត្ត​កម្លាំង​ប្រជា​ការពារ​ឱ្យ​ក្លាយជា​កម្លាំង​ជំនួយ​ប្រកប​ដោយ​សមត្ថភាព​ចូលរួម​ក្នុង​ចលនា​សន្តិសុខ​មាតុភូមិ ក៏ដូចជា​ជំរុញ​ចលនា​អនុវត្ត​គោលនយោបាយ​ «​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ឱ្យ​ទទួលបាន​ជោគជ័យ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែមេសា ថា កម្លាំង​ប្រជាការពារ​នេះ​កើតឡើង​ពី​ការស្ម័គ្រចិត្ត​របស់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ ​ដូច្នេះ​ពួកគាត់​គ្មាន​មូលដ្ឋាន​​ចំណេះដឹង​ផ្នែក​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌ និង​ច្បាប់ទម្លាប់​នោះទេ ប៉ុន្តែ​ពួកគាត់​គឺជា​កម្លាំង​ជំនួយ​យ៉ាងសំខាន់​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​។

លោក​បន្តថា​៖ «​ពួកគាត់​បាន​ជួយ​សម្រួល​សណ្តាប់ធ្នាប់​នៅតាម​ទីផ្សារ ទីប្រជុំជន រោងការ និង​បុណ្យទាន​ផ្សេងទៀត ប៉ុន្តែ​ពេលខ្លះ​ពួកគាត់​ច្រឡំ​ខ្លួនឯង​ជា​សមត្ថកិច្ច ដើម្បី​ចៀសវាង អាហ្នឹង យើង​ឱ្យ​គាត់​ធ្វើការ​ប្រកប​ដោយ​​ក្រមសីលធម៌​។ ដូច្នេះ​យើង​ឱ្យ​ខេត្ត​ទាំងអស់​អប់រំ​គាត់ រៀបចំ​គាត់​ឱ្យបាន​ហ្មត់ចត់ ណែនាំ​ឱ្យ​គាត់​បាន​ត្រឹមត្រូវ មាន​សីលធម៌ មាន​អាកប្បកិរិយា​ទន់ភ្លន់​ក្នុងការ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​»​។

លោក​ពន្យល់ថា បើ​ពួកគាត់​ (​ប្រជាការពារ​) ​ទៅ​ទាត់​កញ្ច្រែង​គេ​លក់​នៅ​​តាម​ផ្សារ​ទាំង​មិនមាន​សីលធម៌ គេ​នឹង​ជេរ​បញ្ចោរ ប៉ុន្តែ​បើ​ពួកគាត់​ទៅ​លួងលោម​គេ​ថា​ធ្វើ​នេះ​ខុសពី​គោលការណ៍​ឃុំ​សង្កាត់ មិនឱ្យ​មានការ​លក់ដូរ​នៅតាម​ផ្លូវ​ទេ​។ ​ដូច្នេះ​ត្រូវ​បង្រៀន​ពួកគាត់​ឱ្យ​យល់ដឹង​ពី​បញ្ហា​នេះ​ ដើម្បី​កុំឱ្យ​មានទំនាស់​នៅក្នុង​មូលដ្ឋាន​។

លោក លឹម ពុទ្ធាឡា ស្នងការរង​​នគរបាល​ខេត្តបាត់ដំបង ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែមីនា ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្នងការ​ខេត្ត​បាន​ណែនាំ​ទៅកាន់​ផ្នែក​ជំនាញ​ទទួល​បន្ទុក​កិច្ចការងារ​ប៉ុស្តិ៍ ចុះទៅ​អប់រំ និង​ណែនាំ​ដល់​ប្រជាការពារ​ទាំងនោះ​ ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ ជាពិសេស​​ភូមិ ឃុំ​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​ស្នងការ​គាត់​ណែនាំ​ឱ្យ​ស្នងការរង​ ១ ​រូប ស្រុក​ ១​ រូប​ឱ្យ​ចុះ​​អនុវត្តតាម​ការណែនាំ​របស់ ឯកឧត្តម អគ្គស្នងការ នៅ​គ្រប់​ស្រុក និង​ឃុំ-សង្កាត់​។ ​ពួកគាត់​ (​ប្រជាការពារ​ភូមិ​)​ ដោយ​ខាង​ប៉ុស្តិ៍​បាន​ហៅ​គាត់​មក​សហការគ្នា និង​ណែនាំ​ឱ្យធ្វើ​កិច្ចការ​រួមគ្នា​លើ​ការងារ​ដែល​ពាក់ព័ន្ធ មិនមាន​ជា​បញ្ហា​អ្វី​ទេ ព្រោះ​ពួកគាត់​ពេញចិត្ត​ចំពោះ​ការងារ​ហ្នឹង​»៕