ភ្នំពេញៈ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការបិទផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ.សប​) និង ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ជំទាស់​លើ​បញ្ជី​បេក្ខជន​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ២០២២​។

លោក មាន សទិ សមាជិក គ.ជ.ប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ​១៧ ខែមីនា ថា បន្ទាប់ពី​បញ្ចប់​រយៈពេល​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ហើយ ការប្ដឹង​តវ៉ា​ទាំងអស់​ត្រូវបាន​ដោះស្រាយ រួចរាល់ គ.ជ.ប ត្រូវ​ចាត់​ឱ្យ គឃ.សប បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ទីស្នាក់ការ​របស់ខ្លួន​នូវ​បញ្ជី​បេក្ខជន​ដំបូង ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ​។ គោលបំណង​នៃ​ការបិទ​ផ្សាយ​នេះ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ មាន សិទ្ធិ​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍ អក្សរ​ទៅ គ.ជ.ប អំពី​បេក្ខជន ឬ បញ្ជី​បេក្ខជន​ដំបូង ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​ជា​សាធារណៈ​។

លោក​បន្តថា ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​ត្រូវធ្វើ​ទៅតាម​ករណី​នៃ​ឃុំ សង្កាត់​នីមួយៗ គឺ​មិន​ធ្វើ​ព្រម​គ្នា​ទូទាំងប្រទេស​នៅ​ថ្ងៃ​តែមួយ​ដូចជា​ការបិទ​ផ្សាយ បញ្ជី​បោះឆ្នោត​ដំបូង​នោះឡើយ​។ នេះ​មានន័យថា បើ​ឃុំ- សង្កាត់​ណា​ដោះស្រាយ​ចប់សព្វគ្រប់ ចំពោះ​គ្រប់​គណបក្ស​នយោបាយ ដែល​បានដាក់​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ឃុំ សង្កាត់​នោះ​ត្រូវ​បិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នៃ​ឃុំ សង្កាត់ របស់​ខ្លួន​ក្នុង​រយៈពេល​យ៉ាងយូរ ៣​ ថ្ងៃ​បន្ទាប់​ពីថ្ងៃ​បានបញ្ចប់​ដំណោះស្រាយ​រួចរាល់​។

ចំណុច​នេះ លោក​បញ្ជាក់ថា បើ​ឃុំ សង្កាត់​ណា​បាន​ដោះស្រាយ​បញ្ហា​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២២ ឃុំ សង្កាត់​នោះ​អាច​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃទី​ ១៦ ឬ ១៧ ខែមីនា ឆ្នាំ​ ២០២២ និង​យ៉ាងយូរ​នៅ​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២២​។

លោក​បន្តថា ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង ឃុំ សង្កាត់ មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ គ.ជ.ប អំពី​បេក្ខជន ឬ​បញ្ជី​បេក្ខជន​ដំបូង ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​ជា​សាធារណៈ​។ បើ​ឃុំ សង្កាត់​ណា​បិទ​ផ្សាយ នៅ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២ នោះ​ប្រជាពលរដ្ឋ​អាច​ប្ដឹងជំទាស់​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ​ ២០២២ ហើយ​បើ​ឃុំ សង្កាត់ បាន​បិទ​ផ្សាយ​នៅ​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២២ វិញ​នោះ បណ្ដឹង​ជំទាស់​អាច​ធ្វើ​បាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២២​។ បណ្ដឹង​ជំទាស់​ត្រូវ​ចោទប្រកាន់​ទៅលើ​បេក្ខជន ឬ​​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ណាមួយ ដែល​បំពេញ​មិនបាន​តាម​លក្ខខណ្ឌ​ដូច​មានចែង​​ក្នុង​មាត្រា ៣៥ ៣៦ ៣៧ ៣៩ ៤០ ៤១ និង​៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

បើតាម​លោក មាន សាទិ គ.ជ.ប ត្រូវ បើកសវនាការ​ជា​សាធារណៈ​ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ ក្រោយពី​បានទទួល​ពាក្យបណ្ដឹង ដោយ គ.ជ.ប ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​គណបក្ស​នយោបាយ ដែល​បានដាក់​ស្នើ​បញ្ជី​បេក្ខជន​មាន​ការប្ដឹង​ជំទាស់ ឬ​តំណាង និង​ផ្តល់ព័ត៌មាន​ដល់ អ្នកប្ដឹង ជំទាស់ ហើយ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​កាលបរិច្ឆេទ ពេលវេលា និង​​ទីកន្លែង​ដែល​ត្រូវ​បើកសវនាការ​នោះ​។

លោក​ថ្លែងថា​៖«​ក្នុងករណី គ.ជ.ប យល់ព្រម​តាម​បណ្ដឹង​ជំទាស់​ចំពោះ​បេក្ខជន​នោះ គឃ.សប ត្រូវ​បដិសេធ​​បេក្ខភាព ដោយ​លុប​បេក្ខភាព​របស់​បេក្ខជន ដែល​ត្រូវបាន​ប្ដឹង​ជំទាស់ តែ​រក្សា​ការយល់ព្រម​ចុះបញ្ជី​បេក្ខជន​របស់​គណបក្ស ​នយោបាយ​។ តែបើ គ.ជ.ប យល់ព្រម​តាម​បណ្ដឹង​ជំទាស់​ចំពោះ​បញ្ជី​បេក្ខជន​វិញ​នោះ គឃ.សប ត្រូវបដិសេធ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ ដែលមាន​ការប្ដឹង​ជំទាស់​នោះ រួចហើយ​លុប​បញ្ជី​បេក្ខជន និង​បដិសេធ​លិខិតបញ្ជាក់​ការចុះបញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​នោះ​»​។

លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែមីនា​នេះ ថា បញ្ជី​បេក្ខជន​ឈរឈ្មោះ​ដែល​គណបក្សនយោបាយ ដែល​បានដាក់​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ជាទូទៅ​មាន​ត្រឹមត្រូវ​រហូត​ដល់ ៦០%​។

ចំពោះ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ណាមួយ​ដែល​រកឃើញថា បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​ដាក់​បាន​ត្រឹមត្រូវ​ហើយ គឺអាច​ប្រកាស​ចេញ​ជា​បញ្ជី​បោះឆ្នោត​ដំបូង​យ៉ាងយូរ​រយៈពេល ៣ ថ្ងៃ​ដែល​ក្នុងអំឡុង​ពេលនេះ ភាគី​ពាក់ព័ន្ធ​អាចធ្វើ​ការប្តឹង​ជំទាស់​បាន​ ដើម្បី​ទាមទារ​ការកែតម្រូវ បន្ទាប់ពី​ពិនិត្យឃើញ​មាន​ភាពមិន​ប្រក្រតី​ណាមួយ​។

លោក ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែមីនា នេះ ថា ចំពោះ​បេក្ខជន​ឈរឈ្មោះ ដែល​មិន​គ្រប់​លក្ខខណ្ឌ​ច្បាប់​តម្រូវ ហើយ​ត្រូវបាន​លុប​ចេញពី​បញ្ជី គឺ លោក​គាំទ្រ ព្រោះ​ជា​អ្វីដែល​ផ្ទុយ​ពី​ច្បាប់​បានកំណត់ ក្នុង​អំឡុងពេល​នៃ​ការបិទបញ្ជី​បេក្ខជន​ដំបូង​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការអនុវត្ត​បទបញ្ជា​នីតិវិធី តាម​ប្រតិទិន​របស់​ គ.ជ.ប ក្នុង​ការបិទ​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ.សប​) និង​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ជំទាស់​លើ​បញ្ជី​បេក្ខជន​​ដំបូង គឺជា​ការត្រឹមត្រូវ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​ជា​មតិ និង​មានការ​ប្តឹង​ជំទាស់​តវ៉ា អ្វីដែល​ប្រជាពលរដ្ឋ មើលឃើញ​ភាពមិនប្រក្រតី និង​មាន​សិទ្ធិ​ក្នុង​ការតវ៉ា​»៕