​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា​បានប្រកាស​និង​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២២​ នេះ បានឱ្យដឹងថា ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ​ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត (​តំបន់​ ១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍ​មិន​សមស្រប ​(​តំបន់ ​២)​។

​ប្រភព​ដដែល​បាន​បន្តថា ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​ទាំងនេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ ចុះ​ថ្ងៃទី​ ២៨ ខែ ឧសភា ឆ្នាំ​ ១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​ចុះ​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​ ១ និង​តំបន់​ ២​។​

​អាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់ថា៖ «​ដើម្បី​បានដឹង​អំពី​ទីតាំង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ឱ្យបាន​ច្បាស់លាស់ សូម​ទាញយក​ផែនទី​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ដាក់ចូល​ក្នុង​កម្ម​វិធី​ Google Earth​ នៃ​ទូរ​សព្ទ​ដៃ​ឬ​កុំព្យូទ័រ​របស់លោក​អ្នក​»៕​