ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ នៅតែ​បន្ត​អូសបន្លាយ​និង​កំពុង​វិ​វត្ត ជាពិសេស​តាមរយៈ​ការ​បង្កើតជា​ប្រភេទ​មេរោគ​បំប្លែង​ខ្លួន​ថ្មីៗ​ជា​បន្តបន្ទាប់ ដែលជា​កត្តា​មួយ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយបាន​ព​ន្លឿ​ន​និង​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង សំដៅ​បង្កើត​ភាពស៊ាំ​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​នេះ​ជាការ​ថ្លែង​ឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២២​ នេះ ក្នុង​ពិធី​ប្រគល់​​ទទួល​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ប្រភេទ ​AstraZeneca​ ពី​ប្រជាជន និង​រដ្ឋាភិបាល​ហុង​គ្រី​ផ្តល់​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​ជាង​៥២​ម៉ឺន​ដូ​ស​។​

​ហុង​គ្រី គឺជា​ប្រទេស​ទី ៦ ដែល​បានផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​ប្រជាជន និង​រា​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ហើយ​អំណោយ​នេះ គឺជា​សក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​កាយវិការ​មនុស្សធម៌ និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រជាជន និង​រដ្ឋាភិបាល​ហុង​គ្រី លើ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា និង​នៅលើ​សកលលោក​ទាំងមូល​។​

​លោក​បាន​ថ្លែងថា ៖ «​ការចែករំលែក​នូវ​វ៉ាក់សាំង​កូ​វីដ​១៩ ពិត​ជាមាន​សារៈសំខាន់ និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ កម្ពុជា​ជឿជាក់ថា ការចាក់​វ៉ាក់សាំង​គឺជា​កិច្ចការ​អាទិភាព សម្រាប់​យើងទាំងអស់គ្នា ហើយ​វ៉ាក់សាំង​នឹង​បន្ត​ដើរតួនាទី​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ ក្នុងការ​ទប់ទល់​នឹង​ការឆ្លង​រាលដាល ក៏ដូចជា​ការរៀន​រស់​នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩ និង​ការបើក​កិច្ចដំណើរការ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ឡើងវិញ​»​។​

​លោក អិស​វ៉ាន់ បា​កូ​ស (István BAKOS) ភារធារី​ស្តីទី​ស្ថានទូត​ហុង​គ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​នាឱកាស​នោះដែរ​ថា ប្រទេស​ហុង​គ្រី​ពិតជា​មាន​សេចក្តី​សោម​ន្ស​រីករាយ​ដែល​ឃើញ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​នូវ​ការប្រយុទ្ធប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​ឈានដល់​អត្រា​ចាក់​វ៉ាក់សាំង​បាន​ខ្ពស់បំផុត​និង​អត្រា​មរណភាព​ទាប​បំផុត បើ​ប្រៀបធៀប​ក្នុង​តំបន់​និង​ទូទាំង​ពិភពលោក​។​

​លោក​មានប្រសាសន៍ថា ៖ «​ការប្រគល់​អំណោយ​វ៉ាក់សាំង​AstraZeneca​ជាង​កន្លះ​លាន​ដូ​ស​នៅថ្ងៃនេះ ជា​ជំហាន​ថ្មី​នៃ​សហប្រតិបត្តិការ​ទ្វេភាគី ហើយ​ហុង​គ្រី​សូម​ប្តេជ្ញាចិត្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ដើម្បី​ជា​ផលប្រយោជន៍​រួមគ្នា​របស់​ប្រទេស​យើង​ទាំង​២​។ យើង​មានការ​ជឿជាក់ថា​ជំនួយ​ក្នុងពេល​មាន​តម្រូវការ​គឺជា​ជំនួយ​ពិតប្រាកដ​»​។​

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២, កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធនាការ ជាតិ​ចាក់​វ៉ាក់សាំង ដោយ​សម្រេចបាន​អត្រា​ចាក់​វ៉ាក់សាំង​ប្រមាណ ៩២,៣៤ ភាគរយ​នៃ​ប្រជាជន​សរុប ប្រមាណ ១៦ លាន​នាក់​៕