ភ្នំពេញៈ ក្រសួង​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន រួមគ្នា​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី ឬ Earth Hour ឆ្នាំ ២០២២ ក្រោម​ប្រធានបទ «​អនាគត​ដែល​យើង​ប្រាថ្នា​» ​ខណៈ​ក្រសួងបរិស្ថាន មាន​មហិច្ឆតា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅត្រឹម​ឆ្នាំ​ ២០៥០​។

សម្រាប់​ឆ្នាំ ២០២២ ទិវា​នេះ ត្រូវបាន​ប្រកាស​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​អនាគត​ដែល​យើង​ប្រាថ្នា​» ដោយ​ក្នុងនោះ​ភាគី​ពាក់ព័ន្ធ​ក៏បាន​ជជែក​ពិភាក្សា ថា​តើ​កម្ពុជា ត្រូវ​ត្រៀមខ្លួន​បែបណា ដើម្បី​កសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព ដែល​កម្មវិធី​ទាំងនេះ ត្រូវ​បាន​សហការ​រៀប​ចំ​ពី​សំណាក់​ក្រសួងបរិស្ថាន អង្គការ WWF កម្ពុជា ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និង​ឯកជន រួមមាន​ក្រុមហ៊ុន ព្រមទាំង​អង្គការ​អន្តរជាតិ និង​ដៃគូ​ផ្សេងទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​បាន​ឱ្យដឹងថា ទិវា​មួយ​ម៉ោង សម្រាប់​ភពផែនដី ឬ Earth Hour បាន​ក្លាយជា​ចលនា​បរិស្ថាន​ដ៏ធំ​បំផុត​មួយ ដែល​ប្រារព្ធ​ជា​សកល​រៀងរាល់​ឆ្នាំ​ និង​មាន​ការចូលរួម​ច្រើនឡើង​ពី​ប្រជាជន​នៅលើ​ពិភពលោក​ពី​គ្រប់​ស្រទាប់​ទាំងអស់​នៃ​សង្គម រដ្ឋាភិបាល ក្រុមហ៊ុន​សហគមន៍ គ្រឹះស្ថាន អង្គការ​នានា បុគ្គល​ម្នាក់ៗ​នៅក្នុង​ជាង​ ១៩០ ​ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​ជា​វិជ្ជមាន សម្រាប់​ការការពារ​បរិស្ថាន និង​ធម្មជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​ឆ្នាំ​កន្លងៗ​ទៅ ទិវា Earth Hour បាន​ផ្តោតលើ​ប្រធានបទ​របស់ខ្លួន​ទៅលើ​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទិវា​នេះ ក៏បាន​ផ្តល់​សារៈសំខាន់​ទៅលើ​បញ្ហា​នៃ​ការបាត់បង់​ធម្មជាតិ​ផងដែរ ក្នុង​គោលបំណង​ ដើម្បី​បន្ត​បំផុស​ការចូលរួម និង​បង្កើន​សកម្មភាព​ជា​វិជ្ជមាន​បន្ថែមទៀត​សម្រាប់​ការការពារ​ធម្មជាតិ​មិន​ខុសពី​ការដែល​ទិវា​នេះ​បាន​កៀរគរ​ប្រជាជន​ពិភពលោក​ឱ្យ​រួមគ្នា​ផ្ដល់​ដំណោះស្រាយ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​នោះទេ​។ «​ចលនា​បរិសា្ថន​សកល​មួយ​នេះ​ទទួល​ស្គាល់​តួនាទី​របស់​បុគ្គល​ម្នាក់ៗ​ជា​ស្នូល​ក្នុង​ការបង្កើត​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​បរិស្ថាន​ធម្មជាតិ​នៃ​ភពផែនដី​របស់​យើង​កំពុង​ពើប​ប្រទះ ហើយ​ផ្តល់​សារៈសំខាន់​ដល់​ឥទ្ធិពល​នៃ​ការរួម​កម្លាំង​គ្នា​ពី​មនុស្ស​រាប់​លាន​នាក់​នៅលើ​ពិភពលោក ក្នុង​ការជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​បរិស្ថាន និង​ធម្មជាតិ​»​។

សូមជម្រាបថា កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០១០ បន្ទាប់ពី​ទិវា​នេះ​ត្រូវ​បានប្រកាស​ជា​លើកដំបូង​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​ ២០០៧ ហើយ​វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​មាន​ប្រជាប្រិយភាព​មួយ ក្នុងចំណោម​សាធារណជន​ទូទៅ​នៅ​ទូទាំង​ប្រទេស​ជាពិសេស​យុវជន​រហូតដល់​បច្ចុប្បន្ន​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​និយាយថា ធម្មជាតិ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ ហើយ​បើ​ធម្មជាតិ​បាត់បង់ អនាគត​មនុស្សជាតិ​នឹងមិន​ស្ថិតស្ថេរ​នោះទេ​។ ដូច្នេះ​លោក​យល់ថា ក្នុង​ឆ្នាំ ​២០២២​ នេះ ទិវា​មួយ​ម៉ោង សម្រាប់​ភពផែនដី​ជា​ឱកាស​មួយ ត្រូវយក​ចិត្តទុកដាក់​លើ​អាទិភាព​នៃ​ការយក​ធម្មជាតិ​ជា​ស្នូល​ក្នុង​ការបង្កើត​ដំណោះស្រាយ​សម្រាប់​កសាង​សេដ្ឋកិច្ច សង្គម​ឱ្យ​ប្រសើរឡើង​ក្រោយ​វិបត្តិ​ដូវីដ​ ១៩​។

លោក​រំពឹង​​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹងចូលរួម​ជាមួយ​ប្រជាជន​នៅលើ​ពិភពលោក ដើម្បី​បញ្ចេញ​គំនិត ចំណេះដឹង និង​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ធម្មជាតិ និង​ភាពចាំបាច់​នៃ​សាមគ្គីភាព​រួមគ្នា​ ដើម្បី​ការពារ​បរិស្ថាន​ និង​កសាង​អនាគត​មួយ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ភពផែនដី​យើង​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ប្រកបដោយ​សុខភាព​ល្អ បរិស្ថាន​មាន​គុណភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ជា​​អនាគត​ដែល​យើង​គ្រប់គ្នា​ប្រាថ្នា​ចង់​​បាន​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ចាប់ពីពេលនេះ​ទៅក្នុង​ការថែរក្សា​ និង​ការពារ​បរិស្ថាន​ធម្មជាតិ​ក្នុងនោះ​មាន ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី​ដ៏សម្បូរបែប​របស់​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ទាំងនេះ​បន្ត​ទ្រទ្រង់​ជីវភាព​ប្រជាជន បង្កើន​ភាពធន់​ទៅនឹង​ហានិភ័យ​អាកាសធាតុ និង​ហានិភ័យ​ជំងឺឆ្លង​ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​ដោយ​ចីរភាព​»​។

ជាមួយ​នឹង​ការប្រារព្ធ​ទិវា​នេះ លោក​ នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​មាន​មហិច្ឆតា​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ស្មើសូន្យ “Net Zero” នៅត្រឹម​ឆ្នាំ​ ២០៥០​ ដែលមាន​សារៈសំខាន់​ក្នុង​ការបំពេញ​តាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​រក្សា​ការកើនឡើង​សីតុណ្ហភាព​ជា​មធ្យម​របស់​ពិភពលោក​ឱ្យនៅ​ក្រោម ១,៥ អង្សាសេ ហើយ​ប្រទេស​កម្ពុជា ប្តេជ្ញា​ក្នុង​ការឆ្ពោះ​ទៅកាន់​ផ្លូវ​មួយ​នេះ​។

លោក បញ្ជាក់​បន្ថែមថា​៖ «LTS4CN នេះ ជា​ចំណុច​ចាប់ផ្តើម​មួយ​យ៉ាងសំខាន់​ដើម្បី​ឈាន​ដល់​អព្យាក្រឹត កាបូន​នៅ​ឆ្នាំ​ ២០៥០​។ ការសម្រេច​បាន​នូវ​សេណារីយោ LTS4CN របស់​ប្រទេស​កម្ពុជា គឺជា​គោលដៅ​ប្រកបដោយ​មហិច្ឆតា​។ វា​នឹង​អាចធ្វើ​ទៅបាន​ដោយមាន​ការបង្កើត​បរិយាកាស​អំណោយផល​ឱ្យ​ទូលាយ លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​អាកាសធាតុ​ និង​បច្ចេកវិទ្យា​គ្រប់គ្រាន់ និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ និង​ការអប់រំ​យ៉ាង​ទូលំទូលាយ​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការទិញ ផលិតផល​សត្វព្រៃ ហើយ​ងាក​មក​រួមគ្នា​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​របស់​កម្ពុជា​យើង​ឱ្យ​ស្ថិតនៅ​គង់វង្ស សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​តទៅ​ខាងមុខ​យូរអង្វែង​ទៀត​៕