ភ្នំពេញៈ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក សុខ ស៊ីឡូ ​លើកឡើង​ថា អាហារ គ្មាន​សុវត្ថិភាព បង្ក​ការគំរាមកំហែង​ដល់​សុខភាព​ជា​សាកល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់រូប ក្នុង​នោះ​ក៏មាន​ទារក កុមារ​តូច ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​គឺ​ងាយរងគ្រោះ​ជាមួយ​នឹង​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​។

លោក​ សុខ ស៊ីឡូ ថ្លែង​ដូចនេះ​ក្នុង​ពិធី​បើក​វេទិកា​យុវជន​ស្តីពី “​សុវត្ថិភាព​ចំណីអាហារ​” នា​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២២ ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ចំការដូង ដែល​បាន​រៀបចំឡើង​ដោយ អង្គការ Helen Keller International និង​គម្រោង MUSEFO នៃ​អង្គការ GIZ​។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ហើយ​ថា ជា​រៀងរាល់ឆ្នាំ​កុមារ ២២០​ លាន​នាក់​កើត​ជំងឺរាក​រូស​ហើយ​ ៩៦ ០០០ នាក់​បាន​ស្លាប់ ដោយ​បញ្ញា​សុវត្ថិភាព​ចំណីអាហារ​។ ចំណីអាហារ​គ្មាន​សុវត្ថិភាព​បាន​បង្កើត​វដ្ត​ដ៏កាច​សាហាវ​នៃ​ជំងឺរាគរូស​ និង​កង្វះ​អាហារូបត្ថម្ភ ដែល​គំរាមកំហែង​ដល់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។

លោក សុខ ស៊ីឡូ ថ្លែងថា៖ «​អាហារ​ក្នុង​ចាន​របស់​យើង មាន​ឥទ្ធិពល​ខ្លាំងណាស់ ចំពោះ​សុខភាព​យើង​។ យើង​ទាំងអស់​គ្នា​ប្រាថ្នា​ចង់បាន​អាហារ ដែល​មាន​គុណភាព និង​សុវត្ថិភាព ដើម្បី​ធានាបាន​នូវ​សុខ​ភាពល្អ ប៉ុន្តែ​អាហារ​អាច​ក្លាយ​ទៅជា វត្ថុ​កខ្វក់​ ឬ​មាន​ជាតិពុល​ដោយសារ​តែមាន​សារធាតុ​គីមី​ហួស​កម្រិត ដែល​ធ្វើឱ្យ​បាត់បង់​សុវត្ថិភាព​នៅ​ចំណុច​ណាមួយ​នៃ​ការផលិត​ការកែច្នៃ​និង​ការចែកចាយ និង​ការរក្សាទុក​»​។

នៅក្នុង​ប្រទេស​កម្ពុជា​ប្រជាជន​ទូទៅ​រួមទាំង​យុវជន​ផងដែរ មាន​ការព្រួយបារម្ភ​ខ្លាំង​ពី​សុវត្តិភាព​ម្ហូបអាហារ ហើយ​តែងតែ​ពិភាក្សា​ពី​បញ្ហា​បន្លែ​ និង​ផ្លែឈើ ព្រមទាំង​ផលិតផល​អាហារ​មួយចំនួនទៀត នៅលើ​ទីផ្សារ​មាន​សារធាតុគីមី​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

របាយការណ៍​របស់​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០២១ មាន​មនុស្ស​ ១១៩​ នាក់​បាន​ស្លាប់​ក្នុងករណី​ពុល​ចំណីអាហារ និង​មាន​អ្នករងគ្រោះ​សរុប​មាន​ចំនួន ៤ ៦៩៩ ​នាក់​។ នេះ​បើតាម​លោក សុខ ស៊ីឡូ​។

លោក​បាន​ថ្លែងថា៖ «​កម្ពុជា​បាននិង​កំពុង​ប្រឈមមុខ​ជាខ្លាំង​លើ​សុវត្ថិភាព​ចំណីអាហារ​ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​ជា​ប្រព័ន្ធ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​មួយ​។ ថ្ងៃនេះ​ជា​ឱកាស​ដ៏ល្អ​មួយ ដែល​ភាគី​ពាក់ព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​ទាំងអស់ រួមទាំង​យុវជន​បាន​មក​ជួបជុំគ្នា ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ដ៏សំខាន់​នេះ​»​។

ជាមួយ​គ្នា​នោះដែរ លោកស្រី Sanne Sigh តំណាង​គម្រោង MUSEFO នៃ​អង្គការ GIZ បាន​លើកឡើង​ដែរ​ថា​យុវជន គឺជា​អនាគត​របស់​កម្ពុជា និង​ជា​តួអង្គ​សម្រាប់​ការផ្លាស់ប្តូរ និង​ជា​អ្នកដឹកនាំ​នាពេល​ខាងមុខ​នៅក្នុង​ការធានា និង​លើកកម្ពស់​របប​អាហារ​សុខភាព​ល្អ សុវត្ថិភាព​ចំណីអាហារ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ទាំងអស់គ្នា​។ ជាពិសេស​សម្រាប់​ស្ត្រី​ដែល​ងាយរងគ្រោះ​ និង​កុមារ​តូច ដើម្បី​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​។ លោកស្រី​បាន​ថ្លែងថា​៖ «​យុវជន​!​អ្នក​គឺជា​អ្នកមាន​ឥទ្ធិពល​។ អ្នក​គឺជា​អ្នក​អាច​ផ្លាស់ប្តូរ​! ហើយ​ក្នុងពេល​ជាមួយ​គ្នានេះ អ្នក​គឺជា​តួអង្គ​សកម្ម​ខ្លាំង​នៅក្នុង​ប្រព័ន្ធ​ស្បៀង និង​សុវត្ថិភាព​ចំណីអាហារ​។ ថ្ងៃមួយ អ្នក​អាច​ដឹកនាំ​ផ្លូវ​ដោយ​មិនដឹង​ខ្លួន​លើ​ការលើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ចាប់ពី​ការគ្រប់គ្រង​រហូតដល់​ការរៀបចំ និង​ការរក្សា​ទុក​ចំណីអាហារ​»​។

អ្នកដឹកនាំ​ក្រុមយុវជន​ជើងឯក​អាហារូបត្ថម្ភ​របស់​អង្គការ​ហេទ្បែន ខេលល័រ អន្តរជាតិ​ (Helen Keller International Cambodia) កញ្ញា ឈុន បូរមី ឱ្យដឹង​ដែរ​ថា យុវជន​ទាំងអស់គ្នា ប្រាថ្នា​ចង់បាន​នូវ​ការធានា​សុវត្ថិភាព​លើ​ចំណី​អាហារ​ទាំងឡាយ​ដែល​ដាក់លក់​នៅតាម​សាលា​ និង​ទីផ្សារ​ទាំងអស់​នៅ​កម្ពុជា ប្រយោជន៍​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​មនុស្ស​គ្រប់ៗ​រូប​។ កញ្ញា​បាន​ថ្លែងថា ៖ «​បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​កង្វល់​របស់​យុវជន​ទាំងអស់​។ យើង​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​លើ​ចំណីអាហារ​ដែល​ដាក់លក់​លើ​ទីផ្សារ​នាពេល​សព្វថ្ងៃនេះ ជាពិសេស​បន្លែ ផ្លែឈើ ត្រី សាច់​ដែល​នាំចូល​ និង​ផលិតផល​អាហារ​កែច្នៃ​ដែល​ប្រើប្រាស់​សារធាតុ​គីមី​លើស​កម្រិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​វែង​ដូចជា​ជំងឺមហារីក​ជាដើម​»​។

តំណាង​យុវជន​រូបនេះ​ក៏បាន​ស្នើឱ្យ​សមត្ថកិច្ច និង​អ្នកជំនាញ​គ្រប់លំដាប់​ថ្នាក់ មេត្តា​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​សុវត្ថិភាព​ និង​គុណភាព​ចំណីអាហារ​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​លើ​សារ​អប់រំ​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​នេះ​ឱ្យបាន​យល់ដឹង​ស៊ីជម្រៅ ក្នុង​ចំណោម​សាធារណជន​ទូទាំងប្រទេស រួមទាំង​អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នកលក់ដូរ​ផងដែរ​៕