​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​នៅ​កំណាត់​មហាវិថី​យោធពលខេមរភូមិន្ទ ចាប់ពី​ស្ពាន​អាកាស​៧​មករា ដល់​វិថី​ឧកញ៉ា​ទេព​ផន និង​កំណាត់​ផ្លូវ​លេខ​២៦៥ ចាប់ពី​មហាវិថី​កម្ពុជា​ក្រោម ដល់​វិថី​ឧកញ៉ា​ទេព​ផន ចាប់ពី​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុស​មៈ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​នា​ថ្ងៃទី​១៨ ខែមីនា​ថា នៅ​ថ្ងៃទី​២១ ចាប់ពី​ម៉ោង ០៥:០០​នាទី ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុស​មៈ នឹង​រៀបចំ​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុស​មៈ ដែល​ស្ថិតនៅ​ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី រហូតដល់​បញ្ចប់​កម្ម​វិធី​។​

​កំណាត់​ផ្លូវ​ដែល​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​គឺ​នៅ​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ចាប់ពី​ស្ពាន​អាកាស​៧​មករា ដល់​វិថី​ឧកញ៉ា​ទេព​ផន (​ផ្លូវ​លេខ​១៨២) និង​កំណាត់​ផ្លូវ​លេខ​២៦៥ ចាប់ពី​មហាវិថី​កម្ពុជា​ក្រោម (​ផ្លូវ​លេខ​១២៨) ដល់​វិថី​ឧកញ៉ា​ទេព​ផន (​ផ្លូវ​លេខ​១៨២)​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទាំងនេះ​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​នេះ​។ នៅពេល​ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជាធម្មតា​វិញ​ជាធម្មតា​៕

វីដេអូ៖