លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ពីថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​ ២០២២​ ខាងមុខនេះ តប​តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៨ ខែមីនា​នេះ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ គណៈប្រតិភូ​សំខាន់ៗ​មួយចំនួន​ទៀត​ក៏​នឹង​រួម​ដំណើរ​ជាមួយ​នឹង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​នេះ​ផងដែរ​។ ក្នុងនោះ​មាន លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន​, លោក លី យ៉ាម មីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) និង​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ​។

ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​មាន​គោលបំណង​ ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​ដើម្បី​ឈាន​ទៅដល់​ការបញ្ចប់​អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​ទាំងអស់​, ការចែកចាយ​ជំនួយ​មនុស្សធម៌ ដោយមាន ការគាំទ្រ​និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​, និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ចពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​នយោបាយ ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បាន​បញ្ជាក់​ទៀតថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​, លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងារ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី​ ៧-៨ ខែមករា ឆ្នាំ​ ២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មីង អ៊ុងឡាំង រួម​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​៕

វីដេអូ៖