មណ្ឌលគិរីៈ ពលរដ្ឋ​ជា​ជនជាតិ​ដើម​ក្នុង​សហគមន៍​សុខដុម​ចំនួន​ ៥០ ​នាក់​បាន​ឃាត់​មិនឱ្យ​មានការ​ឈូសឆាយដី​ព្រៃ​ស្ថិតនៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ កាលពី​ថ្ងៃ​​ទី​ ១៥ ​ខែមីនា ដោយ​សំអាងថា ទីតាំង​នោះ​ពួកគាត់​រក្សាទុក​ ដើម្បី​ចុះបញ្ជី​ជា​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​ព្នង​ហើយ​​ការឈូសឆាយ​នោះ​នឹង​បណ្តាល​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ពិសេស​កន្លែង​អាស្រ័យផល​​របស់​ជនជាតិដើម​ភាគតិច​ព្នង​។

អ្នកស្រី ភ្លឹក ភីរុំ តំណាង​សហគមន៍​សុខដុម នៅ​ភូមិ​​សុខដុម ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពីថ្ងៃ​ទី ​១៦ ខែមីនា ថា កាលពី​ថ្ងៃទី​ ១៥ ខែមីនា អ្នកស្រី​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផ្សេងទៀត​​សរុប​ ៥០​ នាក់​បាន​ចុះទៅ​ឃាត់​ផ្អាក​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង​កំពុង​ឈូសឆាយ​ដីព្រៃ​កាយ​ព្រំ​ឱ្យ​ក្រុមហ៊ុន​វីឡា​ឌីវេឡុបមេន​។

អ្នកស្រី បន្តថា ការ​ឈូសឆាយ​នេះ​ស្ថិតនៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយ​ការឃាត់​មិនឱ្យ​បន្ត​មាន​ការឈូសឆាយ​នេះ ព្រោះ​មានការ​ព្រួយបារម្ភ​ខ្លាច​ក្រុមហ៊ុន​វីឡាឌី​វេឡុបមេន ទន្ទ្រាន​យក​ដី​ដែល​ជនជាតិដើម​ភាគតិច​ព្នង​ខំ​រក្សាទុក​សម្រាប់​អាស្រ័យផល បើ​មាន​ការឈូសឆាយ​នឹង​ធ្វើឱ្យ​បាត់បង់​ដើម​ជ័រទឹក​ប្រមាណ​ ១ ០០០​ ដើម​ដែល​កំពុង​អាស្រ័យផល​នៅ​ទីនោះ​។ ​ម្យ៉ាងទៀត​ដី​នោះ​ក៏​ជា​ដី​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​រក្សាទុក​សម្រាប់​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ផងដែរ​។

អ្នកស្រី បញ្ជាក់ថា ក្រុមហ៊ុន វីឡាឌីវេឡុបមេន ធ្លាប់បាន​អភិវឌ្ឍ​នៅ​ភូមិ​ឡៅកា​ម្តង​រួចមក​ហើយ​ដោយបាន​បំផ្លាញ​ដើម​ជ័រទឹក​របស់​ជនជាតិដើម​ភាគតិច​អស់​រាប់ពាន់​ដើម​មិនទាន់​បាន​សង​មក​សហគមន៍​វិញ​ផង​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ពួកខ្ញុំ​រក្សាទុក​មាន​ដើម​ជ័រទឹក ដើម​ជ័រចុង​មាន​ផ្សិត​មានអី​នៅក្នុង​ហ្នឹង រដូវ​ផ្សិត​ពួកខ្ញុំ​រក​ផ្សិត រដូវ​ទឹកឃ្មុំ​រក​ទឹកឃ្មុំ ហើយ​ការដងជ័រ​ហ្នឹង​គឺ​អត់​មាន​រដូវ​ទេ​គឺ​យក​រាល់ថ្ងៃ​តែម្តង បើ​ឈូសឆាយ​យក​កន្លែង​ហ្នឹង​អស់​ទៅ ពួកខ្ញុំ​បាន​អី​»​។

លោក គ្រើង តុលា អ្នកប្រឹក្សា​យោបល់​ក្រុម​បណ្តាញ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែមីនា​ថា ចំពោះ​រឿងនេះ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន​គួរតែបង្កើត​គណៈកម្មការ​មួយ​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ចុះទៅ​ពិនិត្យមើល​កុំឱ្យ​មានការ​កាយ​ប៉ះពាល់​ដល់​ព្រៃឈើ​។ មួយវិញទៀត ការកាយ​ដែលនាំឱ្យ​មាន​ការប៉ះពាល់​ដល់​ដើម​ជ័រទឹក គឺជា​រឿង​មួយទៀត​ដែល​អ្នក​ឈូសឆាយ​ ឬ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុសត្រូវ​សង​សំណង​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់លាក់​មួយ​ជូន​ដល់​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​គួរតែ​ដោះស្រាយ​សម្រុះសម្រួល​ដោយ​សន្តិវិធី​ក្រៅ​ប្រព័ន្ធ​តុលាការ មិនមែន​ធ្វើ​ដោយ​អត្តនោម័ត​អ៊ីចឹង​ទេ មិនមែន​អាង​តែ​ដី​ក្រុមហ៊ុន ផែនទី​ក្រុមហ៊ុន ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ប៉ះពាល់​ដល់​ដើម​ជ័រ ប៉ះពាល់​ដល់​កន្លែង​រក​អនុផល​របស់​ប្រជាពលរដ្ឋ​នោះទេ​»​។

ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន វីឡាឌីវេឡុបមេន បានទេ នៅ​ថ្ងៃទី​ ១៦ ខែមីនា ប៉ុន្តែ​លោក សុងឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​ឱ្យដឹងថា លោក​បាន​តាមដាន​មើល​រឿងនេះ ហើយ​ជាក់ស្តែង​គឺ​គ្រឿងចក្រ​ដែល​ចូល​ឆូសឆាយ​នៅ​ទីនោះ ពិតជា​បាន​កាយ​ព្រំដី​ឱ្យ​ក្រុមហ៊ុន វីឡា​ឌី​-​វេឡុ​ប​មេន​ប្រាកដ​មែន​។ លោក​ថា ក្រុមហ៊ុន​នេះ​មាន​ការចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដោយ​ដាំ​កៅស៊ូ និង​មាន​ផ្ទៃដី​ជាង ៧០០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​តាមពិត​គាត់​កាយ​ព្រំ​ទេ ដើម្បី​សម្គាល់​ដី​គាត់​ត្រឹមណា ហើយ​កៅស៊ូ​គាត់​ហ្នឹង​ធំ​ហើយ ប៉ុន្តែ​គាត់​ទើបបាន​ចុះបញ្ជី​មាន​ប្លង់ អ៊ីចឹង​គាត់​កាយ​ដើម្បី​កំណត់សម្គាល់​ព្រំដី​ឱ្យបាន​ច្បាស់​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៦ ខែ​​មីនា​ថា ការ​ឈូសឆាយ​នោះ​គឺ​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​មន្ទីរ​កសិកម្ម ប៉ុន្តែ​យ៉ាងណា​លោក​ក៏បាន​ឱ្យ​មន្ត្រី​ចុះទៅពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ផងដែរ​ខ្លាចក្រែង​មានការ​ឈូសឆាយ​លើស​ចូលដល់​ដី​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​។

លោក​ថ្លែងថា​៖ «​អាហ្នឹង​ជា​រឿង​របស់​កសិកម្ម កសិកម្ម​គាត់​តាមមើល ប៉ុន្តែ​ខ្ញុំ​ក៏​តាមមើល​ដែរ​ដើម្បី​ដឹងថា តើ​ក្រុមហ៊ុន​ហ្នឹង​មាន​កាយ​ចូលក្នុង​ដី​ដែន​ ឬមួយ​មិន​ចូល​យើង​អត់​ទាន់​ដឹង​ដែរ​ ព្រោះ​ពេលនេះ​មន្ត្រី​បរិស្ថាន​កំពុង​ចុះ​ពិនិត្យ​មិនទាន់​ត្រឡប់​មកវិញ​ទេ​ប្រហែល​ល្ងាច​ ឬក៏​ស្អែក​បានដឹង​»៕