ផលិតផល​ចំនួន​ ២​ ដែល​បាន​ផ្សព្វផ្សាយ​លក់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ត្រូវបាន​ក្រសួង​សុខាភិបាល ជូនដំណឹង​ហាមឃាត់​ការចែក​ចាយ​ ឬ​លក់ ស្ព្រៃ​បាញ់​ច្រមុះ​ម៉ាក BIDU QING និង Suai ដែល​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​បានឱ្យដឹងថា តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​គណនី​ឈ្មោះ​ថ្នាំ​ព្យាបាល អាឡែកហ្ស៊ី​ច្រមុះ កំពុង​ផ្សព្វផ្សាយ​លក់​ស្ព្រៃ​បាញ់​ច្រមុះ BIDU QING និង Suai គ្មាន​លេខ​បញ្ចិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ០៧ ខែមីនា ឆ្នាំ​ ២០២២​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការចរាចរ​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុង​ការបង្ការ ឬ ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ចិកា ពី​ក្រសួង​សុខាភិបាល​ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា៖ «​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់ ឱសថ គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ឆិកា​ពី​ក្រសួង​សុខាភិបាល​បន្តទៀត ព្រោះ​ផលិតផល នេះ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​បានឡើយ​»​។

ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនេះ និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ដែល​បាននិង​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​ទាំងនេះ​ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕

វីដេអូ៖