ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នា​រសៀល​ថ្ងៃទី ​១៨ ខែមីនា ឆ្នាំ​ ២០២២ ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​ប្រទេស​ទាំង ​២ ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​រាល់​សកម្មភាព និង​សក្តានុពល​ដែល​កម្ពុជា​មាន​។

យោងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះមហាក្សត្រ និង​ព្រះរាជទាយាទ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី និង​បាន​ជម្រាប​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​ដើម្បី​ពង្រីក​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ផង និង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ ​ផង តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ប្រទេស​ទាំង​ ២ ​មាន​សក្តានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហប្រតិបត្តិការ​។

សក្តានុពល​ទាំងនោះ​មានដូចជា វិស័យ​ទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម​។​ល​។ ក្នុងន័យនេះ​ព្រះអង្គម្ចាស់​ក៏បាន​គោរព​សុំ​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។

ជា​ការឆ្លើយតប លោក ហ៊ុន សែន បាន​យល់ស្រប​ជាមួយ​ព្រះអង្គម្ចាស់ ហើយ​ក៏បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឱ្យ​ព្រះអង្គម្ចាស់​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​រាល់​សកម្មភាព និង​សក្តានុពល​ដែល​យើង​មាន ជាពិសេស​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការ​សកម្មភាព និង​ជំរុញ​ការអនុវត្ត​ឱ្យ​បាន​ជោគជ័យ​នាពេល​ខាងមុខ​៕