ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ប្រកាស​សន្យា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ មក​ដល់​ប្រទេស​កម្ពុជា​ចំនួន​រហូត​ដល់​ ២០ លានដូស​បន្ថែម​ទៀត ដែល​ក្នុង​នោះ​វ៉ាក់សាំង​ចំនួន ៥ លាន​ដូស​នឹង​ដឹក​មក​ដល់​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០២២ នេះ ខណៈ​ដែល​ខាង​ចិន​ក៏​បានប្រកាស​ធ្វើ​ការ​រួមគ្នា​ជាមួយ​នឹង​ភាគី​កម្ពុជា​ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នា​ពេល​ខាង​មុខ​នេះ​ផងដែរ។

ការ​សន្យា​ផ្តល់​វ៉ាក់សាំង​នេះ ត្រូវ​បាន​មេដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើក​ឡើង​នា​ជំនួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នា​ថ្ងៃទី​១៨ ខែ​មីនា​នេះ តាម​រយៈ Video Conference។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក កៅ គឹមហួន រដ្ឋមន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី។

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​ដែរ​ក៏​បាន​លើក​ឡើង​ពី​ការ​បន្ត​ជំរុញ​បង្កើន​ជើង​យន្តហោះ​រវាង​ប្រទេស​ទាំង ២ រួម​នឹង​គម្រោង​មួយចំនួន​ទៀត​ក្នុង​នោះ​មាន​ដូចជា ផ្លូវ និង​ការ​កសាង​សាលារៀន​ជាដើម។

លោក កៅ គឹមហួន មាន​ប្រសាសន៍​ថា៖ «លោក ស៊ី ជិនពីង បាន​ប្រកាស​គាំទ្រ​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២​នេះ ហើយ​ជា​ពិសេស​ប្រកាស​គាំទ្រ​តួនាទី​របស់​អាស៊ាន​នៅ​ក្នុង​តំបន់​ក៏​ដូចជា​ក្នុង​ពិភព​លោក។ ក្នុង​នេះ អាស៊ាន​ចិន គាំទ្រ​ក្នុង​ការចូលរួម​ចំណែក​ការ​រក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ និង​វិបុលភាព​នៅ​ក្នុង​តំបន់ ជា​ពិសេស​បន្ត​ពង្រីក​កិច្ច​សហការ​អាស៊ាន​ចិន ដែល​កម្ពុជាធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ»។

ក្នុង​ការ​ពិភាក្សា​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​អញ្ជើញ​លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា តាម​ពេលវេលា​សមស្រប ហើយ​ជា​ការ​ឆ្លើយតប​តាម​សំណើ​អញ្ជើញ​នេះ លោក ស៊ី ជិនពីង ក៏​បាន​ទទួល​យក​និង​ធ្វើការងារនេះ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ទស្សនកិច្ច​នេះ​ផងដែរ។

លោក កៅ គឹមហួន បាន​លើក​ឡើង​ទៀត​ថា ចំណែក លោក ស៊ី ជិនពីង ក៏​បាន​អញ្ជើញ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​ទស្សនកិច្ចនៅ​ប្រទេសចិន​តាម​ពេល​វេលា​សមស្រប​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សម្តេចតេជោ​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រធានាធិបតី​ចិន​ចំពោះ​ការ​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ក៏​ដូចជាការ​ផ្តល់​នូវ​ជំនួយ​មក​ដល់​ប្រទេស​កម្ពុជា ជាពិសេស វ៉ាក់សាំង​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​នា​ពេលនេះ​ផងដែរ»៕