ភ្នំពេញៈ កងទ័ពកម្ពុជា និង​វៀតណាម​នឹង​បង្កើត​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ដើម្បី​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតមាន​ឡើង​ឱ្យ​ទាន់​ពេលវេលា និង​បង្កើត​ឱ្យ​មាន​កិច្ច​ប្រជុំ​នៅ​តាម​ព្រំដែន​ដើម្បី​ពង្រឹង​មិត្តភាព​លើ​កិច្ចការពារជាតិ។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នា​ថ្ងៃ​ទី​១៩ ខែ​មីនា ដកស្រង់​សំដី​លោក ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម និង​ជា​អនុរដ្ឋ​មន្ត្រី​ការពារ​ប្រទេស​វៀតណាម ថ្លែង​ថា៖ «កងទ័ព​ទាំង​ ២ នឹង​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​នៅ​ព្រំដែន ដើម្បី​ពង្រឹង​មិត្តភាព ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការពារ​ជាតិ ការ​បង្កើត Hotline ដើម្បី​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហាដែល​អាច​កើត​មាន​ឡើង​ឱ្យ​ទាន់​ពេលវេលា ហ្វឹកហាត់​ការ​ស្រាវជ្រាវ និង​សង្គ្រោះ​បន្ទាន់ រួម​ទាំង​ចែក​រំលែក​ព័ត៌មាន រក្សា​សន្តិសុខ និង​សុវត្ថិភាព​តាម​ព្រំដែន»។

លោក ង្វៀន តឹនគឿង ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នាថ្ងៃទី១៩ ខែមីនា នៅ​វិមានសន្តិភាព រាជធានី​ភ្នំពេញ។

លោក​បាន​អបអរសាទរ​ដល់​លោក ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩ បាន​ជោគជ័យ ដោយ​បាន «ចាក់​ស្រោច​វ៉ាក់សាំង» ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​ ៩០ ភាគរយ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក និង​នៅ​ក្នុង​តំបន់។ នេះបើ​តាម​ហ្វេសប៊ុក​ដដែល។

លោក ង្វៀន តឹនគឿង ថែម​ទាំង​បាន​អបអរសាទរ​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ ២០២២ ជាពិសេស ទទួល​បាន​ជោគជ័យក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី១៩ (ACDFM-19) ដែល​ធ្វើ​ដោយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​អាក់ខាន​ការ​ប្រជុំ​ដោយ​ផ្ទាល់​ ២ ឆ្នាំ​កន្លងមក។

លោក ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ថ្លែង​របស់​លោក ង្វៀន តឹនគឿង និង​លើក​ទឹក​ចិត្ត​ឱ្យ​កង​ទ័ព​ទាំង​ ២ បន្ត​កិច្ច​សហប្រតិបត្តិការទាំង​នេះ និង​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​បាន​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាជន​រស់​នៅ​តាម​ព្រំដែន ដើម្បី​ឱ្យ​ពួកគាត់​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ការ​ភ័យខ្លាច ប្រែ​ក្លាយ​ព្រំដែន​ដែល​ធ្លាប់​ជា​ទីតាំង​សមរភូមិ​ឱ្យ​ទៅ​ជា​តំបន់​គ្រប​ដណ្តប់​ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។

លោក ហ៊ុន សែន ក៏​បាន​ប្រាប់​លោក ង្វៀន តឹនគឿង អំពី «យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង» នៅ​កម្ពុជា ដែល​នាំ​ដល់​ការ​ទទួល​បានជោគជ័យ និង​បើក​ប្រទេស​ឡើងវិញ ដោយ​អ្នក​ដំណើរ​ដែល​មក​កម្ពុជា​ពុំ​ចាំបាច់​មាន​វិញ្ញា​បនបត្រ​បញ្ជាក់​ការ​ធ្វើ​តេស្ត PCR ៧២ ម៉ោង​មុន​ធ្វើដំណើរ​មក​កម្ពុជា​ទេ។

លោកថ្លែងថា អ្នកដំណើរ​ក៏​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​នៅ​ពេល​មក​ដល់​កម្ពុជា​នោះ​ដែរ ហើយ​ទិដ្ឋាការ​ត្រូវ​បាន​អនុញ្ញាត​នៅ​ពេល​មក​ដល់​កម្ពុជា។

លោក ហ៊ុន សែន បាន​កោតសរសើរ​ដល់​ការ​ចូលរួម​ចំណែក​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​២ ក្នុង​ការ​កសាង​ការពារ ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង វៀតណាម៕