កំពត/​ព្រះសីហនុៈ​បុរស​ម្នាក់​បាន​ស្លាប់​ និង​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ​២៣៤​ ខ្នង​បាន​រង​កា​រខូច​ខាត​យ៉ាង​ដំណំ​ ដោយ​សារ​​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃទី​ ១៩​ ខែមីនា

ឆ្នាំ ២០២២​ នៅ​ក្នុង​ខេត្ត​ចំនួន​៣​រួម​មាន​ ខេត្ត​កំពត​ព្រះ​សីហនុ និង​ខេត្ត​កំពង់ស្ពឺ។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពីមន្ត្រី​អាជ្ញាធរ​មូល​ដ្ឋាន​។

លោក​មុំ ក្រឹ​ង នាយក​ប្រតិ​បត្តិ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​កាល​ពី​ល្ងាច​ថ្ងៃទី​ ១៩​ ខែមីនា​បាន​បង្ក​ផល​ប៉ះពា​ល់​ផ្ទះ​ប្រជា​ពលរដ្ឋ​សរុប​ ១៦២ ​ខ្នង​ នៅ​ក្នុង​ស្រុក​ចំនួន ​៣ រួម​មាន ស្រុក​អង្គរ​ជ័យ ​៩៥​ ខ្នង ស្រុក​ឈូក​ ៤៩ ​ខ្នង និង ​ស្រុក​ជុំ​គិរី ១៨​ ខ្នង​។

លោក​បាន​បញ្ជាក់​ថា៖ ​«ផ្ទះ​ចំនួន​ ១២ ​ខ្នង ក្នុង​ចំណោម​ផ្ទះ ១៦២ ​ខ្នង​ដែល​រង​ប៉ះ​ពាល់​ទាំងនោះ ​បាន​ដួលរលំ​ និង​បាក់​ខូច​ខាត​ទាំង​ស្រុង។ ប៉ុន្តែគ្មា​ន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដោយ​បាតុ​ភូត​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​នេះ​ទេ»​។

បើ​តាម​លោក មុំ ក្រឹ​ង ករណី​នេះ​​ក្រុម​ការងា​រ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត សហ​ការ​ជា​មួយ​បញ្ជា​ការ​ឯក​ភាព​នៃ​ស្រុក​អង្គរ​ជ័យ ឈូក ​និងជុំ​គិរី កំពុង​ចុះ​សួរសុខ​ទុក្ខ​ និង​ជួយ​ជួស​ជុល​ផ្ទះ​ឡើង​វិញ​ជូន​ដល់​គ្រួសារ ពលរដ្ឋ​រង​គ្រោះ​ដោយ​បាតុ​ភូត​ខ្យល់​កន្ត្រាក់​ទាំង​នោះ និង​បាន​ផ្ដល់​អំណោយ​សង្គ្រោះ​បឋម ​រួម​មាន​អង្ករ​ ទឹកស៊ី​អ៊ីវ ទឹក​ត្រី និងមី​កញ្ចប់ ​មួយចំ​នួន​ ដើម្បី​ជួយ​សម្រាល​​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។

ចំណែក​លោក​ ហួត​ ចាន់​ធី អធិការ​ស្ដីទី​ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហនុបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយ​ឡំ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ផល​ប៉ះ​ពាល់ ​និង​ខូច​ខាត​ផ្ទះ ​៣០ ​ខ្នង​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ដំណំ​នៅ​ក្នុង​ភូមិ​ចាំ​ស្រី ភូមិ​ថ្មី និង​ភូមិ​វាល​នៃ​ឃុំ​កំពង់​សីលា ​ព្រម​ទាំង​ខូច​ខាត​ដំបូល​សា​លារៀន​ចំនួន​ ៣ និ​ង​សំណង់​អគារ​រដ្ឋ​បាល​របស់រ​ដ្ឋ​ និង​ឯក​ជន​មួយ​ចំនួន​ផង​ដែរកាលពី​រសៀល​ថ្ងៃទី​ ១៩​ ខែ​មីនា។ ប៉ុន្តែ​មិន​មាន​ប្រជា​ពលរដ្ឋ​សិស្សានុ​សិស្ស លោក​គ្រូ​អ្នក​គ្រូ​បុគ្គ​លិក និង​មន្ត្រី​រាជ​ការ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​នា​រសៀល​ថ្ងៃ​ម្សិល​មិញ​ពិត​ជា​ខ្លាំង​មែន​ដោយ​បាន​បង្ក​ការ​ខូចខាត​ផ្ទះ​ប្រជា​ពលរដ្ឋ សាលា​រៀន និង​សំណង់​អគារ​រដ្ឋ​បាល​របស់រ​ដ្ឋ​និង​ឯកជន​ជាច្រើន​ខ្នង។ ប៉ុន្តែ​នៅពេល​នេះ អាជ្ញា​ធរ​យើង កំពុង​ចុះ​អន្ត​រាគមន៍​ជួយ​ជួស​ជុល​ផ្ទះ​ឡើង​វិញ​ជូន​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ»​។

ដោយ​ឡែក​គ្រោះ​ធម្ម​ជាតិ​​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​ក៏បាន​បង្ក​ការខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ប​​សេដ្ឋ ​ស្រុក​ថ្ពង ​និងស្រុក​គង​ពិសី​នៃ​ខេត្ត​កំពង់​ស្ពឺស​រុប ៤២ ​ខ្នងនិង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ផ​ងដែរ​កាល​ពី​រសៀល​ថ្ងៃទី ១៩ ​ខែមីនា​ឆ្នាំ​ ២០២២។ ​នេះ​បើតាម​​សម្ដី​លោក ​កង វណ្ណា​រ៉ូ នាយក​រដ្ឋ​បាល​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ​។

លោក​​បាន​ថ្លែងថា​ ជនរ​ងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ធម្មជា​តិ​រន្ទះ​បាញ់ ឈ្មោះ ស​ផន់ អាយុ​ ៦៧ ​ឆ្នាំ ជា​ប្រជា​កសិករ​នៅ​ក្នុង​ភូមិ​ក្រុម​ហ៊ុន​ ឃុំ-ស្រុក​បសេដ្ឋ។ ជនរ​ងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​សាច់​ញាតិ​អះអាង​ថាបា​ន​ចេញទៅ​ឃ្វា​ល​គោនៅ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ ប៉ុន្តែ​នៅវេលា​ម៉ោង ៥​ ល្ងាច​ក្រោយ​ពី​មេឃ​រាំង​ភ្លៀង​ហើយ​នោះ ក្រុម​គ្រួសារ​មិន​ឃើញ​គាត់​ដឹកគោ​ត្រឡប់​មក​ផ្ទះ​វិញក៏​នាំគ្នា​ទៅ​តាម​រកទើប​ប្រទះ​ឃើញ​ជនរង​គ្រោះ​ដេក​ស្លាប់​នៅលើ​វាល​ស្រែ ក៏​ប្រញាប់​នាំគ្នា​សែង​សព​ជន​រង​គ្រោះ​មក​ផ្ទះ​ ដើម្បី​រៀបចំ​ពិធីបុ​ណ្យ​តាម​ប្រពៃណី។​

លោក​​បាន​បញ្ជាក់ថា៖ ​«នៅពេល​ក្រុម​គ្រួសារ​សាច់​ញា​តិនាំ​សព​ជនរ​ងគ្រោះ​មកដល់​ផ្ទះ​សមត្ថ​កិច្ច​នគរ​បាល​ជំនាញ​ក៏បាន​ចុះ​ពិនិត្យ​សាក​សព​ផងដែ​រ និង​បាន​សន្និដ្ឋា​នថា​​ជនរ​ងគ្រោះ​បាន​ស្លាប់​ដោយ​ករណី​រន្ទះ​បាញ់​ ដោយ​សភាព​សព មាន​លក្ខណៈ​រួញ​សរសៃ​ដៃ​និង​ជើង និ​ង​មាន​ស្នា​មក​ន្តួ​ល​ក្រហម​នៅលើ​ផ្នែក​ខ្នង»​៕