បាត់ដំបងៈ នគរបាល​ព្រហ្មទណ្ឌខេត្ត​បាន​បញ្ជូន​អ្នកលេង​ភ្នាល់​ទឹកភ្លៀង​ចំនួន ១៦ នាក់​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី ១៩ មីនា បន្ទាប់ពី​ឃាត់ខ្លួន​បាន ៣ ថ្ងៃ​នៅ​សង្កាត់ អូរ​ចា និង សង្កាត់ រតនៈ ក្រុង-ខេត្ត បាត់ដំបង​ដោយ​សមត្ថកិច្ច​រឹប​អូសបាន​រថយន្ត​ចំនួន ៤ គ្រឿង ម៉ូតូ ៨ គ្រឿង និង​វិទ្យុទាក់ទង​ចំនួន ៦ គ្រឿង​ផង។

លោក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី ២០ មីនា​ថា សមត្ថកិច្ច​របស់លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ចំនួន ១៦ នាក់​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ​នៅ​ថ្ងៃទី ១៩ មីនា​ដែល​ការបង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ដឹកនាំ​បញ្ជា​ដោយ​លោក សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។

លោក​ប្រាប់ថា៖ «ជនសង្ស័យ​ទាំង ១៦ នាក់​នោះ​សមត្ថកិច្ច​របស់ខ្ញុំ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ (នៅថ្ងៃទី ១៩ មីនា) ក៏ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​ពួកគេ​ត្រូវ​ចោទប្រកាន់​ពី​តំណាង​អយ្យការ​យ៉ាងណាទេ»។

ចំពោះ​ការចោទប្រកាន់​ពី​តុលាការ​យ៉ាងណា​នោះ​នៅ​ថ្ងៃទី ២០ មីនា ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​លោក ដួង សាវ៉ន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ជាច្រើន​ដង​ដែរ​ ដោយ​ទូរស័ព្ទ​របស់លោកគ្មាន​អ្នកទទួល។

ពាក់ព័ន្ធ​ការបង្ក្រាប​អ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​នៅ​ថ្ងៃទី ២០ មីនា ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទាក់ទង​លោក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​តែ​ត្រូវបាន​លោក​ប្រាប់ថា ជាប់​បំពេញ​បេសកម្ម។ ទោះយ៉ាងណា​មន្ត្រីនគរបាល​មួយរូប​នៃ​ក្រុង​បាត់ដំបង​ប្រាប់​នៅ​ថ្ងៃទី ២០ មីនា ដោយ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា ការងារ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ញៀនល្បែង​ភ្នាល់​ទឹកភ្លៀង​នេះ​គឺជា​សមត្ថកិច្ច​របស់​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ជា​អ្នក​អនុវត្ត​ហើយ​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​ចូលរួម​សហការ​ក្នុងការ​បង្ក្រាប​នេះ។

មន្ត្រី​បន្តថា តាមពិតទៅល្បែងភ្នាល់​ទឹកភ្លៀង​នេះ​បាន​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ​នៅក្រុងបាត់ដំបង ក៏ប៉ុន្តែ​ការបង្ក្រាប​ទៅលើ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ​ហើយ​លោក​ក៏​មិនដឹងថា​មកពី​អ្វី​ដែរ។ ប៉ុន្តែ​នៅ​ដើមឆ្នាំ ២០២២ នេះ​សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បាន​អនុវត្ត​វិធានការណ៍​ក្តៅ​ដោយ​ធ្វើ​ការចាប់​ឃាត់ខ្លួន​មនុស្ស​បាន ១៦ នាក់​។

មន្ត្រី​បន្តថា មុន​ឈានទៅ​បង្ក្រាប​ក្រុម​ជនសង្ស័យ​​នៅ​ថ្ងៃទី ១៦ មីនា​ កម្លាំងនៃការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាលបានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង ២ គោលដៅ​ថា​មាន​ក្រុមអ្នកលេង​ភ្នាល់​ទឹកភ្លៀង​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ទឹកភ្លៀង។ ពេលនោះ​នគរបាលនៃការិយាល័យកម្រិតស្រាលខេត្តបានសុំកិច្ចសហការជាមួយកម្លាំងនគរបាល​ក្រុង​បាត់ដំបង​ ​បន្ទាប់មក​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចុះមក​ភូមិ ព្រៃ​កូន​សេក សង្កាត់ អូរ​ចា និង​ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុង បាត់ដំបង និង​ឃាត់​មនុ​ស្សបាន ១៦ នាក់។

ចំពោះ​ការបង្ក្រាប​នេះ​សមត្ថកិច្ច​រឹប​អូសបានរថយន្ត​ចំនួន ៤ គ្រឿង ម៉ូតូ ៨ គ្រឿង វិទ្យុទាក់ទង​ចំនួន ៦ គ្រឿង ម៉ូតូ​កង់៣ឥណ្ឌា ១ គ្រឿង រួមទាំង ឧ​បករ​ណ៏​សម្រាប់​វាស់​ទឹកភ្លៀង​ចំនួន ១ គ្រឿងផង៕