ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បានផ្តល់​អង្ករ​ចំនួន ១៤០ តោន ​ជូន​ខណ្ឌ​ទាំង ១៤ ​ចំណុះឱ្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែល​កំពុង​ខ្វះខាត​ក្នុង​អំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩។

រដ្ឋបាល​នៅ​តាម​ខណ្ឌ​នីមួយៗ ​នៅ​ព្រឹក​ថ្ងៃទី ២០ ​មីនា​ ឆ្នាំ ២០២២​ បានយក​យានយន្ត​ ទៅ​ទទួល​អង្ករ​នៅ​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​បន្ត​យកទៅ​ផ្តល់​ជូន​តាម​សង្កាត់​ និង​ប្រជាពលរដ្ឋ ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន។

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​លោក​ម៉េត មាសភក្តី ​ថ្លែងថា​៖ «អង្ករ​ដែល​ប្រគល់​ជូនទៅ​ខណ្ឌ​ទាំង​ ១៤​ ខាង​លើ​នេះ ​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ ​ហ៊ុន សែន ​និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ តាមរយៈ​ឯកឧត្តម​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​ដោយ​ក្នុង​មួយ​ខណ្ឌៗ​ទទួលបាន​អង្ករ ​១០ តោន ​ដើម្បី​បន្ត​យកទៅ​ចែកជូន​ទៅឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្វះខាត ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន»។

អភិបាល​ខណ្ឌ​បឹង​កេងកង ​លោក​ ធឹម សំអាន ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​លោក​បាន​ចាត់ចែង​ក្រុម​ការងារ​ទៅដឹក​អង្ករ​នៅ​សាលា​រាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង ​៧ ព្រឹក ​ថ្ងៃ​ទី ២០ ​ខែមីនា ​ដើម្បី​បន្ត​ចែកជូន​បងប្អូន​ដែល​កំពុង​ខ្វះ​ខាត។

លោក​បញ្ជាក់ថា​៖ «សម្រាប់​ខណ្ឌ​យើង​ទទួល​បានដូច​ខណ្ឌ​ផ្សេងៗ​ដែរ​ចំនួន​ ១០ តោន ​ហើយ​ខ្ញុំ​នឹង​យក​អង្ករនេះ​ចែកជូន​ពលរដ្ឋ​ដែល​ក្រីក្រ​ពិត​ប្រាកដ។ ខ្ញុំ​ចែកជូន​រាល់ដង​បានទៅ​ដល់​ដៃ​ពលរដ្ឋ​ក្រីក្រ ​ដូច​អ្នក​កើត​កូវីដ​អី​ហ្នឹង​ យើង​មិនមើល​រំលង​គាត់​ទេ។ យើង​មិនឱ្យ​មាន​អ្នកណា​អត់​ទទួល​បាន​អំណោយ​ទេ ​នៅ​ក្នុង​ខណ្ឌ​ខ្ញុំ​នោះ ​ហើយ​បើ​ប្អូន​ដឹង​ថា ​កន្លែង​ណា​ក្រខ្សត់​ប្រាប់​មក​ ខ្ញុំ​នឹង​ចុះទៅ​ចែក​អំណោយ»។

កាលពី​ឆ្នាំ​ ២០២១ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ធ្លាប់បាន​ផ្តល់​អង្ករ​ជូន​ខណ្ឌ​ទាំង ១៤​ ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​ក្នុង​មួយ​ខណ្ឌ​ទទួលបាន​អង្ករ​ ១០ តោន​ដូចគ្នា ​ដើម្បី​យកទៅ​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះ​ខាត។ ក្នុង​គ្រា​នោះ​ដែរ​ អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួង ស្រេង ​បានណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំងអស់ ​រៀបចំ​ស្បៀង​ដូចជា​អង្ករ ​មី ចុះ​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះខាត ​និង​ដង្ហោយ​រក​ជំនួយ។

លោក​បានថ្លែងថា​៖ «សូមឱ្យ​អភិបាល​ខណ្ឌ​ទាំងអស់​ពិនិត្យ​មើល​ក្រុម​ការងារ​ប្រចាំការ​រៀងខ្លួន ​ដើម្បី​ឆ្លើយតប​តម្រូវ​ការ​ពលរដ្ឋ​ទាន់​ពេល​វេលា ​ដែល​កំពុង​ខ្វះខាត​ស្បៀង​អាហារ»៕

វីដេអូ៖