​ភ្នំពេញៈ វ៉ាក់សាំង​កូ​វីដ ​១៩ ​ប្រភេទ Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​សមាជិក​អាស៊ាន​ និង​ប្រទេស​ជា​ដៃគូ ចំនួន​ជិត ​១៤ ​ម៉ឺន​ដូ​ស បាន​ដឹក​មកដល់​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ​១៩ ​ខែមីនា ១ ​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង​កូ​វីដ ​១៩ ចំនួន ​២០ ​លាន​ដូ​ស​ថែមទៀត មកដល់​រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា​។​

​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ​ជា​បន្ត​បន្ទាប់ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ប្រទេស​ទ្វេភាគី​មួយចំនួនទៀត​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ចាប់ពី​ខែមីនា​តទៅ ដែល​ក្នុងនោះ​រួមមាន ប្រទេស​ចិន ប្រទេស​អ៊ី​តា​លី និង​សហរដ្ឋអាមេរិក​ផងដែរ ខណៈ​តែ​ក្នុង​ខែមីនា​នេះ កម្ពុជា​អាចនឹងទទួល​បាន​វ៉ាក់សាំង​ចន្លោះ​ពី ​៥​ ទៅ​ ៧​ លាន​ដូ​ស​។​

​ថវិកា​ទាំងនេះ​ ជាការ​តាំងចិត្ត​របស់​ស​មា​ជិ​ក​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ និង​ប្រទេស​ជា​​ដៃគូ​ដែល​ធ្វើ​​ការ​ជាមួយនឹង​ប្រទេស​អាស៊ាន​ទាំងអស់ ដែល​ក្នុងនោះ​មាន​សហរដ្ឋអាមេរិក សហគមន៍​​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ប្រទេស​កូរ៉េ​ជាដើម ដោយ​ថវិកា​ប្រមូលបាន​ប្រមាណ​ជា ​១៥ ​លាន​ដុល្លារ ហើយ​ក្នុងនេះ​ក៏​ធ្វើការ​បែងចែក​ក្នុងប្រទេស​អាស៊ាន​ទាំងអស់​ផងដែរ​។

​លោកស្រី យក់ សម្បត្តិ រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិ​បាលបាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី ​១៩ ខែមីនា ក្នុងពេល​ចុះ​ទទួល​វ៉ាក់សាំង​នេះ​ថា ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ ប្រទេស​កម្ពុជា​ ទទួលបាន​ថវិកា​ចំនួន​ ១ ​លាន​ ១​ សែន ដែល​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ​ដែលជា​អ្នកធ្វើ​លទ្ធកម្ម​ជូន​កម្ពុជា ដោយ​ទទួលបាន​វ៉ា​ក់​សាំង​ចំនួន ​១៣៩

២៣០ ​ដូ​ស​នាពេលនេះ​ផងដែរ​។​

​ជាមួយគ្នានេះដែរ នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង នា​ថ្ងៃទី ​១៨ ខែមីនា​នេះ តាមរយៈ​ Video Conference ប្រទេស​ចិន​បានប្រកាស​សន្យា​ផ្តល់​វ៉ាក់សាំង​កូ​វីដ ​១៩ ​មកដល់​ប្រទេស​កម្ពុជា​ ចំនួន​រហូតដល់​ ២០​ លាន​ដូ​ស​ផងដែរ​។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់ឱ្យដឹង​បន្ទាប់ពី​ជំនួប​នេះ​ថា លោក ស៊ី ជីន​ភីង បាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូ​វីដ ​១៩ ​មកដល់​ប្រទេស​កម្ពុជា​ ចំនួន​រហូតដល់​ ២០ ​លាន​ដូ​ស ដែល​ក្នុងនោះ​វ៉ាក់សាំង​ចំនួន ​៥ ​លាន​ដូ​សនឹង​ដឹក​មកដល់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២២ ​នេះ​។​

​លោក​បាន​បន្តថា​៖ «​ក្នុងនោះដែរ ប្រធានាធិបតី​ចិនក៏បាន​ប្រកាស​ធ្វើការ​រួមគ្នា​ជា​​មួយ​នឹង​ភាគី​កម្ពុជា​ក្នុងការ​​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នាពេល​ខាងមុខនេះ​ផងដែរ ហើយ​លោក​ក៏បាន​ធ្វើការ​បន្ត​ជំរុញ​បង្កើន​ជើងយន្តហោះ​រវាង​ប្រទេស​ទាំង​ ២ រួម​នឹង​គម្រោង​មួយចំនួនទៀត​ក្នុងនោះ​មានដូចជា ផ្លូវ និង​ការ​​កសាង​សាលារៀន​ជាដើម​»​។​

​ក្នុងការ​ពិភាក្សា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អញ្ជើញលោក​ប្រធានាធិបតីចិន លោក ស៊ី ជីន​ភីង ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​កម្ពុជា ​តាម​ពេលវេលា​សម​​ស្រប ហើយ​លោក ស៊ី ជិន​ភីង ក៏បាន​ទទួលយក ដោយ​លោក ស៊ី ជិន​ភីង ក៏បាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​​ចិន​តាម​ពេលវេលា​សមស្រប​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​​ចិន ​ចំពោះ​ការគាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ក៏ដូចជា​ការ​ផ្តល់នូវ​ជំនួយ​មកដល់​ប្រទេស​​កម្ពុជា ជាពិសេស​វ៉ាក់សាំង​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ត្រូវការ​នាពេលនេះ​ផងដែរ​»​។​

​បើតាម​ការលើកឡើងរ​បស់​លោកស្រី យក់ សម្បត្តិ នៅក្នុង ខែមីនា​នេះ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​វ៉ាក់សាំង​ជា​ជំនួយ​ទ្វេភាគី​ពី​ប្រទេស​អ៊ី​តា​លី និង​ពី​ប្រទេស​ចិន ដែលមាន​វ៉ា​ក់​​សាំង​ចន្លោះ​ពី​ ៥ ​ទៅ​ ៧​ លាន​ដូ​ស ដោយ​ក្នុងនោះ​កម្ពុជា​ក៏​បន្ត​ទទួលបាន​វ៉ាក់សាំង​តាម​យន្តការ​កូ​វ៉ា​ក់​ចំនួន ​៥ ​លាន ​៥ ​សែន​ដូ​ស​ទៀត​ដែរ ពី​ខែមីនា​នេះ រហូតដល់​ចុងខែ​កញ្ញា ឆ្នាំ ​២០២២​ នេះ​។​

​លោកស្រី​បញ្ជាក់ថា នៅពេល​ខាងមុខនេះ សហរដ្ឋ​​អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​មក​កម្ពុជា​ចំនួន ​២ ​លាន​ដូ​ស​បន្ថែមទៀត​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​។​

​លោកស្រី​ យក់ សម្បត្តិ មានប្រសាសន៍ថា​៖ «​ជំងឺ​កូ​វីដ ​១៩ ​មិន​ចប់​ទេ វ៉ាក់សាំង​ជា​ចំណែក​យុទ្ធសាស្ត្រ​មួយ​សំខាន់​ណាស់​ ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ ​១៩​។ ដូចនេះ​ការចាក់​វ៉ាក់សាំង​ត្រូវតែ​បន្ត​ចាក់​ដោយ​រដ្ឋាភិបាល​បន្ត​ជំរុញឱ្យមាន​ការចាក់​វ៉ា​ក់​សាំង​នេះ​ឱ្យបាន​លឿន ដើម្បី​បង្កើត​ភាពស៊ាំ​កាន់តែច្រើន ក្នុងការ​ធ្វើឱ្យ​ការចម្លង ក៏ដូចជា​ការធ្លាក់​ខ្លួន​ទៅក្នុង​ជំងឺ​ធ្ងន់ធ្ងរ​នោះ​នឹងមាន​ការកាត់បន្ថយ​កាន់តែច្រើន​ផងដែរ​»៕

វីដេអូ៖