​កោះកុងៈ​ ​រដ្ឋមន្ត្រីក្រសួង​ការ​​ពារ​ជាតិ​លោក ​ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​នៅ​សេសសល់​ឱ្យបាន​ចប់​សព្វ​គ្រប់ និង​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​រីក​រាលដាល​កាន់​ធំ​ទៅៗ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​។

​លោក ទៀ បាញ់ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​រដ្ឋបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​ ១៩ ខែមីនា​ថា ការងារ​គ្រប់គ្រង​ធនធាន​​ធម្មជាតិ ព្រៃឈើ និង​ការ​ដោះ​​ស្រាយ​វិវាទ​ដីធ្លី គឺជា​កិច្ចការ​ដែលមាន​ការពា​ក់​ព័ន្ធ​តួនាទី និង​ការ​​ទទួលខុសត្រូវ​របស់​ក្រសួង ស្ថា​​ប័ន​នៅក្នុង​ការតាក់តែង​ក្រប​​ខ័​ណ្ឌ​គោលនយោបាយ ក្រប​​ខ័​ណ្ឌ​ច្បាប់ គោលការណ៍​ណែនាំ វិធានការ​នានា និង​ផ្ដល់​ការ​​គាំទ្រ​ដល់​ការចាត់ចែង​អនុវត្តន៍ ព្រមទាំង​ការតាមដាន ត្រួត​​ពិនិត្យ​ការអនុវត្ត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​អនុ​​វត្ត​ការងារ​ទាំងនេះ​។

​លោក​បន្តថា ក្នុងការ​ចូលរួម​អនុវត្ត​កិច្ចការ​នេះ រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នូវ​គោលការណ៍ វិធានការ​សំខាន់ៗ​ដែល​ដាក់ចេញ​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​ព​ន្លឿ​ន​ការដោះស្រាយ​ដោយ​យកចិត្តទុកដាក់ ក្នុងការ​​គ្រប់គ្រង​ទិន្នន័យ​ស្ថិតិ អត្ត​សញ្ញាណ​ប្រជាពលរដ្ឋ និង​ដីធ្លី ដែល​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​មកហើយ​នៅលើ​ទីតាំង​ដី ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅតាម​ខេត្ត​នីមួយៗ​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​តម្លាភាព ដើម្បី​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល និង​ផ្តល់​កម្ម​សិទ្ធិ ជូន​ប្រជាពលរដ្ឋ​។​

​លោកថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រដ្ឋបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា ក្នុងការ​រៀបចំ​កំណត់​តំបន់​បោះបង្គោល​​ព្រំ និង​ចុះបញ្ជី​ដី​រដ្ឋ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ និង​ដី​គម្រប​ព្រៃឈើ​ក្នុង​តំបន់ការពារធម្មជាតិនានា និង​ត្រូវ​ព​ន្លឿ​ន​ការ​ដោះ​​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់រហ័ស ចៀសវាង​ទុក​វិវាទ​ទាំងនោះ​ឱ្យ​រីក​រាលដាល​ស្មុគ​ស្មាញ ពិបាក​ក្នុងការ​ដោះស្រាយ​។ ទន្ទឹមនេះ នៅក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី ជម្លោះ និង​ការ​ទាម​​ទារ​តវ៉ា​នានា​នៅ​មូលដ្ឋាន ត្រូវខិតខំ​បញ្ចៀស​ឱ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​»​។​

​ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ តាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឱ្យមាន​និន្នាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ឬ​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត​។ ក្នុងករណី​រកឃើញ​ការ​​ទន្ទ្រាន​កាន់កាប់​ដីធ្លី​នៅតាម តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ឱ្យបាន​តឹង​រ៊ឹ​ង និង​ម៉ឺងម៉ាត់​។ ទន្ទឹមនេះ ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ ឃុំ មិនត្រូវ​ចុះហត្ថលេខា​លើ​ឯក​​សារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្ម​​ជាតិ​នោះឡើយ។

​ក្រៅពីនេះ រដ្ឋបាលខេត្ត ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វ​ផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ឱ្យបាន​យល់ច្បាស់​អំពី​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​​ជាតិ ដើម្បីឱ្យ​ពួកគាត់​ចូលរួម​សហការ​ក្នុងការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​។​

​លោក ថោង ច័ន្ទ​តារា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ADHOC ប្រចាំខេត្ត​កោះកុង​ថ្លែង​ស្វាគ​​មន៍​ចំពោះ​ការជំរុញឱ្យ​មានការ​​ដោះស្រាយ​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​ឱ្យបាន​លឿន និង​ឆាប់​ចប់ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ក៏​មិនសូវមាន​សកម្មភាព​នោះទេ ខណៈដែល​ការតវ៉ា​រឿង​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ នៅតែមាន​ឃើញ​ជា​ហូរហែ​។

​លោក​បាន​បញ្ជាក់ថា​៖ «ដំ​ណោះ​ស្រាយវា​អត់​មាន​ថម​​ថយ​ទេ ទោះ​មានការ​អំពាវនាវ​ពី​ថ្នាក់ជាតិ ហើយ​ទំនាស់​ដីធ្លី​នៅតាម​សហគមន៍​របស់​ប្រជា​​ពលរដ្ឋនៅមាន​។ ជាមួយគ្នានេះ​ការកាប់ ការទន្ទ្រាន​យក​ដី​របស់​រដ្ឋ មានការ​កើនឡើង​ជាច្រើន​នៅក្នុង​ខេត្ត តាមរយៈ​មាន​ខ្សែ មាន​ខ្នង មាន​លុយ ដោយ​ការបិទ​ភ្នែក បើកភ្នែក របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​»​។​

​លោកស្រី មិថុនា ភូ​ថង អភិ​​បាល​ខេត្តកោះកុង បាន​ថ្លែង​ទទួលស្គាល់ ចំពោះ​បញ្ហា​វិវាទ​ដីធ្លី​ដែល​កើតមាន​នៅតាម​បណ្តា​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ និង​ការចេញ​បណ្ណ​កម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ​ជូន​ប្រជា​​ពលរដ្ឋ ពុំទាន់​ត្រូវបាន​ដោះ​​ស្រាយ ឱ្យបាន​ល្អប្រសើរ​នៅឡើយ ដែល​ត្រូវ​បន្ត​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​រួមគ្នា ដោះស្រាយ​បន្តទៀត ។

​លោកស្រី​ថ្លែងថា​៖ «តាមរយៈ បញ្ហា​ប្រឈមដែល​បាន​រកឃើញ​នេះ​អង្គសន្និបាត​របស់​រដ្ឋ​បាល​​ខេត្ត​ក៏បាន​ប្តេជ្ញាចិត្ត​ដោយ​រួម​​គ្នា ជា​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​ប្តេជ្ញាចិត្ត​លើក​​កម្ពស់​ស្មារតី និង​ការ​ទទួលខុស​​ត្រូវ​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យបាន​កាន់តែ​ល្អប្រសើរ​»៕