​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការ​​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងនាម​ជា​ប្រេសិត​​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី ​២១ ដល់​ថ្ងៃទី ​២៣ ខែ មីនា ឆ្នាំ ​២០២២ ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​​ឈានទៅ​បញ្ចប់​អំពើហិង្សា​នៅ​ទីនោះ​។​

​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​បានប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៨ ខែមីនា​ថា នៅក្នុង​ដំណើរ​​ទស្សនកិច្ច​នេះដែរ គណៈប្រតិភូ​សំខាន់ៗ​មួយចំនួនទៀត​ក៏​នឹង​រួម​ដំណើរ​ជាមួយនឹង​ប្រេសិត​ពិសេស​របស់​ប្រធាន​អា​ស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​នេះ​ផងដែរ​។ ក្នុងនោះ​មាន លោក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​, លោក​ លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន​, លោក លី យ៉ា​ម មីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការ​គ្រប់​​គ្រង​គ្រោះមហន្តរាយ ​(AHA Centre) ​និង​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយចំនួន​ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង​ AHA Centre ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ភា​គីមី​យ៉ាន់​ម៉ា ក្នុង​បំណង​បង្កើត​លក្ខខណ្ឌ​អំណោយ​​ផល​ដើម្បី​ឈានដល់​ការបញ្ចប់​អំពើ​​ហិង្សា​ក៏ដូចជា ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​,​ ការចែក​ជំនួយ​មនុស្ស​​ធម៌​ដោយមាន​ការគាំទ្រ និង​សម្រប​សម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ ​ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​លើកទឹកចិត្ត​ឱ្យមាន​​កិច្ច​ពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​ន​យោ​​បាយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​ទៀតថា ដំណើរ​ទស្សនកិច្ច​នេះ​​នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥ ​ចំណុច​របស់​អាស៊ាន​,​ លទ្ធផល​នៃ​ដំណើរ​ទស្សន​​កិច្ចការងារ​របស់​ស​ម្តេច​តេ​ជោ​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​​មី​យ៉ាន់​ម៉ា​ កាលពី​ថ្ងៃទី ​៧-៨ ខែ មករា ឆ្នាំ ​២០២២,​ លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មីង អ៊ុង​ឡាំង រួម​នឹង​លទ្ធ​ផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​​បរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​។​

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២០ ខែមីនាថា ការធ្វើដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នៅ​មី​យ៉ាន់​ម៉ា​លើក​នេះ​ជាការ​បើក​ទំព័រ​ថ្មី​របស់​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា​ ដំណើរ​​ទស្សនកិច្ច​នេះ អាច​នឹងមាន​ផ្លៃ​ផ្កា​ច្រើនជាង​ដំណើរ​ទស្សនកិច្ច​ដែល​ប្រ​​មុខ​រាជរដ្ឋាភិបាល​បានធ្វើ​កាលពី​កន្លងទៅ ហើយក៏​ជាការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រធាន​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ភូមា នាពេល​បច្ចុប្បន្ននេះ​សាជាថ្មី ដើម្បី​រិះរក​ច្រក​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​ភូមា​ផងដែរ​»​។​

​លោក ប៉ា ចន្ទ​រឿន បាន​បញ្ជាក់ថា ជាពិសេស​ដំណើរ​ទេស្សន​កិច្ច​នេះ​ក៏​ជា​ច្រក​មួយ សកម្មភាព​មួយ ចាំបាច់​ដើម្បី​ផ្តល់នូវ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​កំពុងមាន​បញ្ហា ពិសេស​អ្នក​ដែល​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ ​១៩ ​ផងដែរ​៕