​ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​កង​​ទ័ព​កម្ពុជា និង​វៀតណាម​បន្ត​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិ​​សុខ និង​សុវត្ថិភាព​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង ​២ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត​ ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិ​​សុខ​សម្រាប់​ប្រជាជន​រស់នៅ​តាម​ព្រំដែន​។​

​លោក ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ថ្លែង​របស់លោក ង្វៀន តឹ​ន​គឿង និង​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ទាំង​ ២​ បន្ត​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ និង​ស្វែងរក​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ដទៃទៀត​ដែល​អាច​ធ្វើបាន​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខសម្រាប់​ប្រជាជន​រស់​​នៅតាម​ព្រំដែន ដើម្បីឱ្យ​ពួក​​គាត់​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ការភ័យខ្លាច ប្រែក្លាយ​ព្រំដែន​ដែល​ធ្លាប់ជា​ទីតាំង​សមរភូមិ​ឱ្យទៅជា​តំបន់​គ្របដណ្តប់​ដោយ​ការអភិវឌ្ឍ សន្តិភាព និង​មិត្ត​ភាព​។

​ដោយឡែក កងទ័ព​កម្ពុជា និង​វៀតណាម​នឹង​បង្កើត​ខ្សែ​​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ​(Hotline)​ ដើម្បី​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតមានឡើង​ឱ្យទាន់​ពេលវេលា និង​បង្កើតឱ្យមាន​កិច្ចប្រជុំ​នៅតាម​ព្រំដែន​ ដើម្បី​ពង្រឹង​មិត្តភាព​លើ​កិច្ច​ការពារជាតិ​។​

​ហ្វេ​ស​ប៊ុ​កលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន នា​ថ្ងៃទី​ ១៩ ខែមីនា ដកស្រង់​សម្ដី​លោក ង្វៀន តឹ​ន​គឿង (Nguyen Tan Cuong) ប្រធាន​អគ្គ​​សេនាធិការ​កងទ័ព​ប្រជាជន​​វៀតណាម និង​ជា​អនុរដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​វៀតណាម ថ្លែងថា​៖ «​កងទ័ព​ទាំង​ ២​ នឹង​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​នៅ​ព្រំដែន ដើម្បី​ពង្រឹង​មិត្តភាព ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​កិច្ច​ការពារជាតិ ការបង្កើត Hotline ដើម្បី​រួមគ្នា​ដោះ​​ស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតមានឡើង​ឱ្យទាន់ពេល​​វេលា ហ្វឹកហាត់​ការស្រាវជ្រាវ និង​សង្គ្រោះបន្ទាន់ រួមទាំង​ចែក​​រំលែក​ព័ត៌មាន រក្សា​សន្តិសុខ និង​សុវត្ថិភាព​តាម​ព្រំដែន​»​។​

​លោក ង្វៀន តឹ​ន​គឿង ថ្លែង​ដូច្នេះ​ក្នុងជំនួប​ជាមួយ​លោក ហ៊ុន សែន នា​ថ្ងៃទី ​១៩ ខែមីនា នៅ​វិមាន​សន្តិភាព រាជធានី​​ភ្នំពេញ​។​

​លោក​បាន​អបអរសាទរ​ដល់​លោក ​ហ៊ុន សែន និង​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ដែល​បាន​ប្រយុទ្ធ​​ប្រឆាំង​កូ​វីដ ​១៩ ​បាន​ជោគជ័យ ដោយបាន​ «​ចាក់​ស្រោច​វ៉ា​ក់​សាំង​» ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​ ៩០ ​ភាគរយ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក និង​នៅក្នុង​តំបន់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល​។​លោក ង្វៀន តឹ​ន​គឿង ថែម​​ទាំង​បាន​អបអរសាទរ​ដល់ក​ម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២២ ជាពិសេស​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​​កងទ័ព​អាស៊ាន​លើក​ទី​១៩ (ACDFM-19) ដែល​ធ្វើ​ដោយផ្ទាល់​​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ការអាក់ខាន​ការ​​ប្រជុំ​ដោយផ្ទាល់ ​២ ​ឆ្នាំកន្លងមក​។

​លោក ហ៊ុន សែន ក៏បាន​ប្រា​ប់លោក ង្វៀន តឹ​ន​គឿង អំពី «​យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង​» ​នៅ​កម្ពុជា ដែល​នាំ​ដល់​ការទទួលបាន​ជោគជ័យ និង​បើក​ប្រទេស​ឡើងវិញ ដោយ​អ្នកដំណើរ​ដែល​មក​កម្ពុ​ជា​ពុំ​​ចាំបាច់​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការធ្វើ​តេស្ត PCR ៧២​ ម៉ោង​មុន​ធ្វើដំណើរ​មក​កម្ពុជា​ទេ​។ ​អ្នកដំណើរ​ក៏​មិន​តម្រូវឱ្យ​ធ្វើតេស្ត​រហ័ស​នៅពេល​មកដល់​កម្ពុជា​នោះដែរ ហើយ​ទិដ្ឋាការ​ត្រូវបាន​អនុញ្ញាត​នៅពេល​មកដល់​កម្ពុជា​។

​លោក ហ៊ុន សែន បាន​កោត​​សរសើរ​ដល់​ការចូលរួមចំណែក​រប​ស់​កងទ័ព​នៃ​ប្រទេស​ទាំង ​២ ក្នុង​ការកសាង​ការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង វៀតណាម​។​

​ក្នុងជំនួប​ជាមួយ លោក ង្វៀន តឹ​ន​គឿង នា​ថ្ងៃទី ​១៨ ខែមីនា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រ​​សួង​ការពារជាតិ ស្នើ​ដល់​វៀត​​ណា​ម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រចាំឆ្នាំ​រវាង​កងទ័ពជើងគោក​នៃ​ខេមរភូមិន្ទ​ជាមួយ​បញ្ជាការ​​ដ្ឋា​ន​កងទ័ព​ការពារ​ព្រំដែន​ក្រសួង​ការពារ​ប្រទេស​វៀត​​ណា​ម ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​​ជើង​ទឹក​ប្រទេស​ទាំង​ ២​។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​​ក្រុមការងារ​ប្រទេស​ទាំង ​២ ​ដើម្បី​គាំទ្រ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​ស្ដីពី​ការប្រឆាំង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន និង​ការសង្គ្រោះ​គ្រោះមហន្តរាយ សម្រាប់​កិច្ចការ​មនុស្សធម៌​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​។

​សេចក្តីប្រកាស​ព័ត៌មាន​នាយកដ្ឋាន​ព័ត៌មាន ក្រសួងការពារជាតិ​នា​ថ្ងៃទី ​១៨ ខែមីនា បាន​ដកស្រង់​សម្ដី​លោក ង្វៀន តឹ​ន​គឿង​ថា ប្រទេស​កម្ពុជា និងវៀតណាម នៅតែមាន​ប្រពៃណី​ជួយ​គ្នា​ទៅវិញទៅមក​ជា​រៀងរហូត ហើយនឹង​បន្ត​អនុវត្ត​ឱ្យបាន​សម្រេច​ទៅតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យមាន​ភាព​រីក​ម្រើនប​ន្ត​ទៀត​។​

​លោក ហេង គីម​គង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ម​ជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​កម្ពុ​ជា​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី ​២០ ខែមីនា​ថា វា​ជា​រឿង​សំខាន់​ដែល​កម្ពុជា និង​វៀតណាម ក្នុងនាម​ជា​ប្រទេសជិតខាង ចាំបាច់​ត្រូវ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ លោក​ថា​៖ «​យ៉ាង​​ណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​លើកកម្ពស់​តម្លាភាព និង​កង្វល់​រួម ក្នុង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ដើម្បី​ធានា​និរន្តរភាព​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​»៕