ភ្នំពេញៈ ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) សម្រេច​លុបឈ្មោះ បេក្ខជន​ចំនួន ២០ ​រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង នៃ​គណបក្ស​ភ្លើងទៀន ដោយសារ​ពួកគេ​មិនចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ មិនបាន​បំពេញ​ប្រវត្តិរូប និង​សេចក្តីប្រកាស​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​ផ្ទាល់ដៃ ហើយ​មួយចំនួន​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ឃុំ​សង្កាត់ ដែល​ខ្លួន​បានដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​។ នេះ​បើតាម​​លិខិត​ជូនដំណឹង​របស់ គ​.​ជ​.​ប​.​នៅ​ថ្ងៃទី ​១៨ ខែមីនា​។​

​លិខិត​ជូនដំណឹង​ស្តីពី​លទ្ធ​ផល​នៃ​ការដោះស្រាយ​ពាក្យ​​បណ្តឹង​ចំនួន​ ១៣​ ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​ដំបូងឱ្យដឹងថា នៅ​ទី ​១៨ ខែមីនា គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រុម​​ប្រឹក្សា​ជំនុំជម្រះនៃ គ​.​ជ​.​ប​. ដែលមាន​សមាសភាព​៩​រូប​ដឹកនាំ​ដោយ លោក ​ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប​. ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​គ​.​ជ​.​ប​.​បាន​បើកសវនាការ សង្ខេប ដើម្បី​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣ ​បណ្ដឹង ដែល​បាន​ប្តឹង​ជំទាស់​ទៅនឹង​បញ្ជី​បេក្ខជន​ដំបូង​របស់​គណបក្ស​ភ្លើងទៀន​។

​លិខិត​ជូនដំណឹង​ឱ្យដឹងថា បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ក្រុមមន្ត្រី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នៃ​អគ្គលេខា​ធិ​ការដ្ឋាន គ​.​ជ​.​ប​. ដែល​បាន​ចុះ​​ទៅដល់​ទីកន្លែង ដើម្បី​សាកសួរ និង​យក​ព័ត៌មាន​ពីសា​ក្សី រួម​នឹង​បេក្ខជន​ឈរឈ្មោះ​ផ្ទាល់ និង​ក្រោយពី​បាន​ពិភាក្សាគ្នា​យ៉ាង​​ល្អិតល្អន់​រួចមក ក្រុមប្រឹក្សា​ជំនុំ​ជម្រះនៃ គ​.​ជ​.​ប​. បានសម្រេច លុបឈ្មោះ បេក្ខជន​ចំនួន ២០ ​រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណ​បក្ស​ភ្លើងទៀន ដែល​បេក្ខជន​ទាំងនោះ​ភាគច្រើន​ឈរឈ្មោះ​នៅ​រាជធានី​ភ្នំពេញ​។

​ក្នុង​លិខិត គ​.​ជ​.​ប​.​ឱ្យដឹងថា ការសម្រេច​នេះ​ធ្វើឡើង​ដោយយោង​តាម​ចម្លើយ​របស់​សាមីខ្លួន ដែល​ទទួលស្គាល់ថា ពិតជា​មិនចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ មិនបាន​សរសេរ​ប្រវត្តិរូប​ផ្ទាល់ដៃ និង​មួយចំនួនទៀត គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។

​គ​.​ជ​.​ប​.​បញ្ជាក់ថា​៖ «​ពួកគាត់​ទាំងអស់​ពិតជា​មិនចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ ហើយក៏​មិនបាន​បំពេញ​ប្រវត្តិរូប និង​សេច​​ក្តី​ប្រកាស​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន​ផ្ទាល់ដៃ​របស់​ពួកគាត់ និង​មួយចំនួន​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៅ​ឃុំ សង្កាត់ ដែល​ខ្លួន​បានដាក់​ពាក្យ​ឈរ​​ឈ្មោះ​ជា​បេក្ខជន​គណបក្សនយោបាយ​»​។​

​ផ្អែក​តាម​មាត្រា​ ៣៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ប្រការ​ ៦.១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​​ទី​៥ ឆ្នាំ​ ២០២២ ចែងថា ប្រជា​ពលរដ្ឋ​ទាំង ​២ ​ភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបំពេញ​លក្ខខណ្ឌ ចេះ​អាន ចេះ​សរសេរ​អក្សរ​ខ្មែរ និង​បាន​ចុះឈ្មោះ ក្នុង​បញ្ជី​បោះ​​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​មានបំណង​ឈរឈ្មោះ​បោះឆ្នោត​។​

​ផ្អែក​តាម​មាត្រា ​៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ចំណុច ៦.៦.៣.៥​ នៃ​បទបញ្ជា​និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​ ២០២២ ចែងថា ជីវប្រវត្តិ និង​សេចក្តីប្រកាស​យល់ព្រម​ឈរ​​ឈ្មោះ​របស់​បេក្ខជន​ត្រូវបំពេញ​ផ្ទាល់ដៃ របស់​បេក្ខជន​ម្នាក់ៗ​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប​. បញ្ជាក់ថា​៖ «​បេក្ខជន​ដែល​មិន​បំពេញ​តាម​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ ​២០២២ គប្បី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​បេក្ខជន​ដំបូង​»​។​

​លិខិត​ជូន​ដំ​ណឹ​ដដែល​របស់ គ​.​ជ​.​ប​. បញ្ជាក់ទៀតថា សេចក្តី​​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំ​​ជម្រះ នៃ គ​.​ជ​.​ប​. បានប្រកាស​ក្នុង​សវនាការ​សង្ខេបនៃ​កិច្ចប្រជុំ​​ពេញអង្គ ជា​សេចក្តីសម្រេច​​ស្ថាពរ បិទផ្លូវ​តវ៉ា​។

​លោក​ ថាច់ សេដ្ឋា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​​ទៀន នៅ​ថ្ងៃទី ​២០ មីនា ទទួលយកការសម្រេច​របស់​គ​.​ជ​.​ប​. ហើយ​ថា ​គណបក្ស​ភ្លើងទៀន​មិនអាច​ប្រឆាំងនឹង​ច្បាប់ ព្រមទាំង​លក្ខ​​ខណ្ឌ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់​បានទេ​។

​លោក​ថ្លែងថា​៖ «​ការសម្រេច​របស់ គ​.​ជ​.​ប​. ដែល​ផ្អែកទៅលើ​ច្បាប់ និង​លក្ខខណ្ឌ ដែល​បាន​​តម្រូវ​ហ្នឹង គឺជាការ​មួយ​ត្រឹមត្រូវ ដោយសារ​ថា ខាងយើង​ហ្នឹង​មាន​ខ្លះ​ក៏​អត់​ចេះអក្សរ អត់​ចេះ​សរសេរ អ៊ីចឹង​មែន​។ យើង​មិនអាច​ប្រឆាំង​ជំទាស់​នឹង​លក្ខខណ្ឌ​ហ្នឹង​បានទេ ប៉ុន្តែ​វា​មិនអាច​ធ្វើឱ្យប៉ះពាល់ ឬ​ខូច​ដល់​បញ្ជី​បេក្ខជន​របស់​យើង​នោះដែរ​»​។

​លោក​បាន​បន្ថែមថា បានជា​មាន​អ្នក​ឈរឈ្មោះ​ខុស​លក្ខ​ខណ្ឌ​នេះ ដោយសារតែ​អ្នក​ឈរឈ្មោះ​មួយចំនួន​ចង់​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ក៏បាន​ពឹង​ឱ្យ​សកម្មជន​បក្ស​ជួយ​សរសេរ​ទាំង​ខ្លួន​មិនបាន​ដឹង​អំពី​លក្ខខណ្ឌ​។ ចំណែក​សកម្មជន​គណ​បក្ស​ភ្លើងទៀន​មួយចំនួន​មិនបាន​ដឹង​ពី​រឿង​ទាំងនោះ​ក៏​ទទួល​សរសេរ​ជូន ទើប​នាំឱ្យមាន​ការខុសឆ្គង​មួយចំនួន មិនត្រូវ​តាមច្បាប់ និង​លក្ខខណ្ឌ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់​៕

វីដេអូ៖