​ភ្នំពេញៈ នគរបាល​ជំនាញបាន​កំពុង​ចាប់ផ្ដើមស្រាវជ្រាវ​ពាក់ព័ន្ធ​បទ​ល្មើស​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​ ២០ មីនា បន្ទាប់ពី​សមត្ថកិច្ច​គ​យ​ឃាត់​រថយន្ត​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ ​១ ​គ្រឿង ​ជាមួយនឹង​បុរស​បើករថយន្ត​ម្នាក់​ហើយ​ឆែក​ក្នុង​រថយន្ត​ឃើញ​គ្រឿងញៀន​ជាង ​២០ ​គីឡូក្រាម នៅ​ថ្ងៃទី​ ១៨ មីនា នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួងមហាផ្ទៃ ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី ​២០ មីនា​ថា ករណី​គ្រឿង​​ញៀន​នេះ សមត្ថកិច្ច​របស់លោក​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ហើយ​ចំពោះ​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​គយ​ចាប់ខ្លួនបាន​ជាមួយ​រថ​យន្ត​ ១​ គ្រឿង​នោះ​ គឺ​សមត្ថកិច្ច​មិនទាន់​បញ្ចេញ​អត្ត​សញ្ញាណ​ជូន​បានទេ​។ ជនសង្ស័យ​បាន​លាក់​គ្រឿងញៀន​នៅក្នុង​រថយន្ត​ហើយ​ពេល​សមត្ថកិច្ច​គយ​ឃាត់​រថយន្ត និង​ឆែក​ក្នុង​រថយន្ត​ក៏​ឃើញ​គ្រឿងញៀន​តែម្តង​។​

​លោក​ថ្លែងថា​៖ «​ករណីនេះ​កម្លាំង​ជំនាញ​គ្រឿងញៀន​របស់​យើង និង​សមត្ថកិច្ច​យើង​កំពុងបើក​ការ​ស៊ើប​​អង្កេត​រក​អ្នកណា​ជា​ម្ចាស់​ទំនិញ​គ្រឿងញៀន​នោះ​»​។​

​លោក មាស វី​រិ​ទ្ធ បាន​បញ្ជាក់ថា ការ​ចរាចរ​គ្រឿងញៀន​បច្ចុប្បន្ន​ស្ទើរ​មាននៅ​គ្រប់​ប្រទេស​ក្នុង​សកល​​លោក ហើយ​កំពុង​តែមាន​កំណើន​នៃ​ការផលិត​គ្រឿងញៀន​ផង​។ ដោយ​​ឡែក​នៅ​ប្រទេស​កម្ពុជា ជនល្មើស​បាន​ឆក់​ឱកាស​ក្នុង​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន​នៅពេលដែល​ប្រទេស​មានការ​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វីដ​កន្លងមក​។ គ្រឿងញៀន​ភាគច្រើន ត្រូវបាន​នាំចេញ​ពី​តំបន់ត្រីកោណ​នៃ​ប្រទេស​ឡាវ​ ហើយ​ចូលទៅ​ក្នុងប្រទេស​ថៃ​ រួចមក​ប្រទេស​កម្ពុជា​។ ករណី​មួយទៀត​គឺ​ជនល្មើស​បាន​លួច​នាំចូល​ពី​ប្រទេស​ឡាវ​ មក​ប្រទេស​កម្ពុជា ​ផ្ទាល់​តែម្តង​។​

​លោក មាស វិ​រិ​ទ្ធ បន្តថា​៖ «​ក្រុម​​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ​ គេ​មាន​បណ្តាញ​ច្រើន អ៊ីចឹង​ពួកនេះ​មាននៅ​គ្រប់​ទីកន្លែង​»​។

​លោក​ថា នៅ​ចុងឆ្នាំ​ ២០២១ ​កន្លងមក និង​នៅ​ដើមឆ្នាំ​ ២០២២​ នេះ​ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿង​​ញៀន​បាន​រកឃើញ​កន្លែង​ផលិត​គ្រឿងញៀន​ធំ​មួយ​នៅ​ខេត្តកំពង់ស្ពឺ​។

​លោក អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ករណី​បទល្មើស​គ្រឿងញៀន​នេះ បន្ទាប់ពី​សមត្ថកិច្ចរ​បស់​លោក​សហការ​ជា​​មួយ​សមត្ថកិច្ច​គយ​ហើយ​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ​បាន​ម្នា​ក់មក​ គឺ​សមត្ថ​​កិច្ច​ជំនាញ​របស់លោក​កំពុង​ស្រាវជ្រាវ​បន្តទៀត​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​។​

​លោក​ប្រាប់ថា​៖ «​រឿងនេះ​សមត្ថ​​កិច្ច​គយ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើករថយន្ត​ដែលមាន​គ្រឿងញៀន​។ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​មិនទាន់​បានទទួល​ព័ត៌មាន​គ្រប់​ដែរ ហើយ​ការិយាល័យ​ជំនាញ​របស់ខ្ញុំ​កំពុងតែ​ស៊ើប និង​បន្ត​ការស្រាវជ្រាវ​ទៀត​»​។​

​ពាក់ព័ន្ធ​ការរកឃើញ​គ្រឿងញៀន​នៅក្នុង​រថយន្ត​នេះ​ បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា កាលពី​ថ្ងៃទី​ ១៨ មីនា ឆ្នាំ​ ២០២២ សមត្ថកិច្ច​គយ​បាន​ដឹកនាំ​ដោយ​លោក កើត សុទ្ធា​រ៉ា អគ្គនាយករង​បាន​ឃាត់​រថយន្ត ​១ ​គ្រឿង​ ម៉ាក​អូ​ឌី ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ​ 2AF-4537 នៅ​ចំណុច​ភូមិ​ឡឹ​ក ឃុំ​រំចេក ស្រុក ព្រះ​​ស្តេច ខេត្តព្រៃវែង និង​បុរស​អ្នកបើករថយន្ត​ម្នាក់​។

អគ្គនាយកដ្ឋាន​គយ​បង្ហាញ​បន្តថា ពេល​ឃាត់​រថយន្ត​នោះ​សមត្ថកិច្ច​គយ​បាន​ឆែក​នៅក្នុង​រថយន្ត​ក៏​ឃើញ​កញ្ចប់​គ្រឿងញៀន​ហើយ​បាន​បើក​កញ្ចប់​ពិនិត្យមើល​ដោយមាន​នគរបាល​មន្ទី​រ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្រប​សម្រួល​ផ្លូវច្បាប់​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​។ ក្នុងការ​ពិនិត្យ​នោះ​សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​ប្រភេទ​ MDMA ចំនួន​ ១៥,៧៤២​ ក្រាម ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​ ៤,៩៩៦ ​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វេ​​តា​មីន​ចំនួន ១៤,៤ ​ក្រាម​៕