​ពោធិ៍សាត់ៈ ផ្ទះ​ជាង ​៣០០ ​ខ្នង ​ត្រូវបាន​កាកបាទក្រហម​​កម្ពុជា​ប្រគល់ជូន​ដល់​ក្រុម​គ្រួ​​សារ​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ ដែល​រស់នៅ​ក្នុងភូមិ​ប៊ុនរ៉ានី​សែន​​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​នេះ​ជាការ​ប្រគល់​ផ្ទះ​ក្នុង​ជំហាន​ទី​៣ ក្នុងចំណោម​ផ្ទះ​សរុប​ជាង​ ៦០០ ​ខ្នង​។​

​ពិធី​ប្រគល់​​ទទួល​ផ្ទះ​ជំហាន​​ទី​៣ ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​​ថ្ងៃទី ​១៨ ខែ មីនា ឆ្នាំ ​២០២២ នូវផ្ទះ​ចំនួន​ ៣២៨​ ខ្នង ដែល​ជាការ​បង្គ្រប់​ផ្ទះ​ចំនួន​ ៦២៨​ ខ្នង ដោយ​ក្នុងនោះ​ក៏មាន​ផ្ទះ​ដែល​

​ជា​ព្រះរាជ​អំណោយ​របស់​ហ្លួង​​ម៉ែ​ចំនួន ​១០ ​ខ្នង​ផងដែរ ដែល​បានប្រគល់​កាលពី​ជំហាន​ទី​២ ដែល​កំពុង​រស់នៅ​ភូមិ ប៊ុន រ៉ានី​ សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង​នេះ​។​

​ពិធី​ប្រគល់ និង​ទទួល​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​​អតីតយុទ្ធជន​កម្ពុជា និង​លោក​ស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ថ្នាក់​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ និង​សប្បុរស​​ជន​ជាច្រើនរូប​ទៀតផង​ដែរ​។​

​នាឱកាស​នោះ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ជា​បេសកជន​ពិសេស​របស់លោក​​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការ​ជួយ​អភិវឌ្ឍ​ភូមិ​ប៊ុនរ៉ានី​សែន​​ជ័យ​ដំណាក់​ត្រ​យឹ​ង បាន​ថ្លែង​

​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ដីស​ម្ប​ទាន​សង្គមកិច្ច ហើយ​លោក​​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​​កាកបាទក្រហមកម្ពុជា​បានទទួល​រ៉ាប់រង​ក្នុងការ​សាងសង់​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​ទាំង ​៦២៨​ គ្រួសារ​នេះ​។​

​លោក​បាន​បន្ថែមថា ក្នុងនោះ​ក៏មាន​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជា​បន្តបន្ទាប់​ដូចជា ផ្លូវ​ថ្នល់​, ​ត​បណ្តាញ​អគ្គិសនី​, អណ្តូង​​ទឹក​, សាលារៀន​, អគារ​ស្នាក់​នៅ​គ្រូបង្រៀន​, ​មណ្ឌល​សុខ​​ភាព​, អគារ​ពិនិត្យ និង​ព្យា​បាល​ជំងឺ​ទូទៅ​។​ល​។​

​ក្នុងនាម​កាកបាទក្រហម​កម្ពុជា លោកស្រី ពុំ ចន្ទី​នី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​អរគុណ​ចំពោះ​អតីតយុទ្ធជន​ដែល​បាន​លះបង់​កម្លាំងកាយ​​ចិត្ត ការពារ​បូរណភាព​ទឹកដី ​និង​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ប្រ​មុខ​ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាតិ​សំខាន់ៗ​បាន​ខិតខំ​ដោយ​លំបាក ក្នុងការ​ស្វែងរក​សុខ​​សន្តិភាព និង​កសាង​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ដូច​សព្វ​​ថ្ងៃនេះ​។ ដូច្នេះ​កាកបាទក្រហម​​កម្ពុជា ក្នុងនាម​ជា​ជំនួយការ​​ឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ ក៏បាន​ចូលរួម​ចំ​​ណែ​ក​គិតគូរ​អំពី​ការលំបាក និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន​ផងដែរ​»​។

​លោកស្រីបាន​បញ្ជាក់ថា ឥឡូវនេះ​នៅ​ភូមិ​ប៊ុនរ៉ានី​សែន​​ជ័យ​ដំណាក់​ត្រ​យឹ​ង​មាន​កម្លាំង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​​កម្ពុជា​ចំនួន​ ២៥​ នាក់ ដែលមាន​តួនាទី​ជា​កម្លាំង​ឈានមុខ​​សម្រាប់​ជួយ​លើ​ការងារ​មនុស្ស​ធម៌​ដោះស្រាយ​ការលំបាក និង​ពង្រឹង​ភាព​ធន់​សហគមន៍​។​

​ជាមួយគ្នា​នោះដែរ លោកស្រី​ក៏បាន​សំណូមពរ​ដល់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​ពេល​ទទួលបាន​ដី​សម្បទាន និង​ផ្ទះ​នេះហើយ ត្រូវ​ប្រើប្រាស់​ឱ្យបាន​សមស្រប​ក្នុងការ​បង្កបង្កើនផល​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ចេះ​ថែរក្សា​ផ្ទះសំបែង​​ជា​កេរ​មរតក​ដ៏​ថ្លៃថ្លា​នេះ​ឱ្យបាន​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រស់នៅ និង​អាស្រ័យ​ផល​បន្តទៀត​។

​ចំណែក លោក គន់ គីម ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់​​ព័ន្ធ​រក្សា​ដី​នៅ​ចំណុច​ដំណាក់​​ត្រ​យឹ​ង​ឱ្យបាន​គង់វង្ស​ទុកជា​ដី​សហគមន៍​អតីតយុទ្ធជន​សម្រាប់​​ចែកជូន​នៅពេល​ពួកគាត់​មានកូន​ចៅ ហើយ​ខ្វះខាត​ដី និង​ផ្ទះ​រស់នៅ​ហើយ​ផ្ដល់​ឱ្យតែ​អតីត​​យុទ្ធជន​ដែលមាន​ការខ្វះខាត​ពិត​ប្រាកដ​៕