The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ត្រូវ​បានដាក់​ឱ្យប្រើ​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​ធ្វើដំណើរ​

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ត្រូវ​បានដាក់​ឱ្យប្រើ​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​ធ្វើដំណើរ​

Content image - Phnom Penh Post
យានយន្ត​កំពុង​បើកបរ​ នៅស្ពាន​អាកាសចោមចៅ នៅថ្ងៃទី​ ២០ ​ខែមីនា​។ ហុង មិនា

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ត្រូវ​បានដាក់​ឱ្យប្រើ​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​ធ្វើដំណើរ​

​ភ្នំពេញៈ រដ្ឋបាល​រាជធានី​​ភ្នំពេញ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ស្ពាន​អា​​កាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ចាប់ពី​ថ្ងៃទី​ ១៩​ មីនា​តទៅ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រីឯ​គម្រោង​សាង​​សង់ស្ពាន​អាកាស​នៅ​មហាវិថី​​សហព័ន្ធរុស្ស៊ី ប្រសព្វ​ជាមួយ​ផ្លូវ ​២០០៤ ​នឹង​បើក​ការដ្ឋាន​សាង​សង់​ឆាប់ៗ​ខាងមុខនេះ​។​

​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ ​មីនា​ថា ការដ្ឋាន​ស្ពាន​​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បាន​សាងសង់​បញ្ចប់​ ១០០ ​ភាគ​​រយ​ហើយ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោងជាង​ ៥ ​ល្ងាច ថ្ងៃទី ​១៩ ខែមីនា មក​ម្ល៉េះ។

​លោក ​ឃួ​ង ស្រេង ​ថ្លែងថា​៖ «​ខ្ញុំ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះ​​អាសន្ន​កាលពី​ថ្ងៃទី ​១៩ ខែមីនា តាម​ការអនុញ្ញាត​សម្តេច​អគ្គ​​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​​រាជធានី​ភ្នំពេញ បើក​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន រង់ចាំ​ថ្ងៃ​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​​ថ្ងៃទី ​៣១ ខែមីនា​នេះ​»​។​

​ទន្ទឹមនឹងនេះ​លោក​អភិបាល​​រាជធានី បង្ហើប​ឱ្យដឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​មហា​​វិថី​សហព័ន្ធរុស្ស៊ី ប្រសព្វ​ជាមួយ​ផ្លូវ ​២០០៤ ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ក្រោយពី​ការសិក្សា​បច្ចេកទេស​បាន​ចប់សព្វគ្រប់​ហើយ​។​ ​

​លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ គ្រោង​បើក​ការដ្ឋាន​នៅពេល​ឆាប់​ខាងមុខនេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​»​។​

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាម​​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​ជនកម្ពុជា​ (OCIC) ដោយ​សាង​​សង់​ក្នុង​រយៈពេល ៣០​ ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២​ លាន​ដុល្លារ​អាមេរិក​។​

​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ការដ្ឋាន​នេះ ត្រូវ​សាងសង់​ដោយ​បែង​ចែកជា ​៣ ​ផ្នែក គឺ ស្ពាន​ទី​១ ជា​ស្ពាន​អា​កាស​មេ ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ ​៣ មាន​ប្រវែង​ ៤០៨ ​ម៉ែត្រ ទទឹង ​១៥,៨ ​ម៉ែត្រ ដែលមាន​ចរាចរណ៍​ ២​ គន្លង​ទៅ និង​ ២ ​គន្លង​មក ជម្រាល​ស្ពាន ​៤,៥ ​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន ​៥,៥ ​ម៉ែត្រ​។

​ស្ពាន​ទី​២ បំបែក​ចេញពី​ស្ពាន​​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់​ចរាចរណ៍ ​១ ​ទិស ដែលមាន​ ១ ​គន្លង​រថយន្ត និង ​១ ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង ​២០២​ ម៉ែត្រ ​(​ស្ពាន​អាកាសប្រវែង ​៤០​​ ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ​១១៨ ​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ​៤៤ ​ម៉ែត្រ​) ទទឹង​ ៥,២៥​ ម៉ែត្រ​។​ 

​ស្ពាន​ទី​៣ ​ជា​ស្ពាន​កោង​បត់​ឆ្វេងត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​ ៣ មាន​ប្រវែង​សរុប ២០៦​ ម៉ែត្រ ​(​ស្ពាន​អាកាស​ប្រវែង ​៦០ ​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​ ១១៨​ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ​២៨ ​ម៉ែត្រ​) ទទឹង ​៥,២៥ ​ម៉ែត្រ សម្រាប់​ចរាចរណ៍​ ១​ ទិស ដែលមាន​ ១ ​គន្លង​រថយន្ត និង ​១ ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​លើដី និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ ​៤ មាន​ប្រវែង​សរុប ​១៣០ ​ម៉ែត្រ ​(​ផ្លូវ​ក្រោម​ដី ប្រវែង​ ១៣​ ម៉ែត្រ និង​ផ្លូវ​​លើដី​ប្រវែង​ ១១៧​ ម៉ែត្រ​) ទទឹង​ ៨,៥ ​ម៉ែត្រ សម្រាប់​ចរាចរណ៍ ​១ ​ទិស ដែលមាន ​២ ​គន្លង​រថយន្ត និង​ ១​ គន្លង​ទោចក្រយានយន្ត​។

​ផ្លូវ​លើដី ជា​ផ្លូវ​មេ ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​ ៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ​២៣៥ ​ម៉ែត្រ ទទឹង​ ៨,៥ ​ម៉ែត្រ សម្រាប់​ចរាចរណ៍ ​១ ​ទិស ដែលមាន​ ២​ គន្លង​រថយន្ត និង ​១ ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​ ៤ មក​មហាវិថី​សហ​​ព័ន្ធ​រុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០ ​ម៉ែត្រ ទទឹង ​៨,៥ ​ម៉ែត្រ សម្រាប់​ចរាចរណ៍​ ១​ ទិស ដែលមាន​ ២​ គន្លង​រថយន្ត និង ​១ ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០ ​គីឡូម៉ែត្រ ក្នុង ​១ ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ​៨,៥ ​ម៉ែត្រ​។ ល្បឿន​សុវត្ថិភាព ២៥​ គីឡូម៉ែត្រ ក្នុង​ ១​ ម៉ោង សម្រាប់ផ្លូវ​ទទឹង​ទំហំ ៥,២៥ ​ម៉ែត្រ និង​ទំហំ ​៥,៥ ​ម៉ែត្រ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញឱ្យដឹងថា ស្ពាន​អាកាស​នេះ បាន​បំ​ពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ ដែល​នឹងមាន​អាយុ​​កាល ​១០០ ​ឆ្នាំ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍