ភ្នំពេញៈ កម្ពុជា និង​អា​រ៉ា​ប៊ី ​សា​អ៊ូ​ឌី​ត ​ប្តេជ្ញាចិត្ត​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពីព្រោះ​ប្រទេស​ទាំង​ ២​ នៅ​មិនទាន់បាន​ប្រើប្រាស់​សក្តា​​នុព​ល​ទាំងអស់ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់​នៅឡើយ ខណៈ​កម្ពុជា​ស្នើឱ្យ​អារ៉ាប៊ី សាអ៊ូឌីត ផ្តល់​អាហា​រូប​​ករ​ណ៍​លើ​ជំនាញ​វិស្វកម្ម​ប្រេង និង​ឧស្ម័ន ដល់​កម្ពុជា​។​

​ការស្នើ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋ​​មន្ត្រី​ការបរទេស និង​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ និង​ព្រះអង្គ​ម្ចាស់ ហ្វា​សាល់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ (Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ី សាអ៊ូឌីត ដែល​បាន​យាង​មក​បំពេញ​ទស្សន​​កិច្ច​នៅ​កម្ពុ​ជានា​ថ្ងៃទី ​១៨ ខែ​មីនា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។​

​ភាគី​ទាំង​ ២​ បាន​ពិភាក្សា​លើ​វិស័យ​ផ្សេងៗ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ និង​បាន​ឯកភាព​ថា ព្រះរាជទស្សនកិច្ច​នេះ គឺជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​លើកកម្ពស់​ទំនាក់ទំនង​ជា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង ​២​។ សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​​បរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី ​១៨ ខែមីនា​ថា​៖ «​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ ២​ បាន​ឯកភាព​ថា​ ប្រទេស​ទាំង ​២ ​នៅ​មិនទាន់បាន​ប្រើប្រាស់​សក្តានុពល​ទាំង​អស់នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅឡើយ និង​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​»​។

​សេចក្តីប្រកាស​ព័ត៌មាន​លើកឡើងថា​៖ «​ឯកឧត្ដម​ឧបនាយក​​រដ្ឋមន្ត្រី [​លោក ប្រាក់ សុខុន​] ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ចំពោះ​បទពិសោធ និង​ជំនាញ​របស់ ​អារ៉ាប៊ី សាអ៊ូឌីត ​ក្នុង​ផលិត​កម្ម​ប្រេង និង​ឧស្ម័ន និង​បាន​ស្នើឱ្យ​ផ្តល់​អាហារូបករណ៍​ក្នុងការ​បណ្តុះបណ្តាល​ផ្នែក​វិ​ស្វ​កម្ម​ប្រេង និង​ឧស្ម័ន​»​។

​លោក​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ និង​ការផ្លាស់ប្តូរ​ជំនាញ​ការទូត​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំង ​២​។​

​លោក ប្រាក់ សុខុន បាន​ជំរុញ​ភាគី​អារ៉ាប៊ីសា អ៊ូឌីត​ ឱ្យធ្វើ​ការពិចារណា​ចំពោះ​ការចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា និង​ព​ន្លឿ​ន​ការ​ពិ​​ចារណា​ចំពោះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ច​សហ​​ប្រតិបត្តិការ​លើ​វិស័យ​វិទ្យា​សាស្ត្រ និង​អប់រំ រវាង​ប្រទេស​ទាំង ​២​។ ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សា និង​បាន​ឯកភាពគ្នា​ផងដែរ អំពី​ការបង្កើត​យន្តការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​កិច្ច​ពិគ្រោះ​យោបល់​ជាប្រចាំ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ ២​។

​រដ្ឋមន្ត្រីការបរទេស​ទាំង ​២ ក៏បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម និង​ពេញចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នា​​ពេលបច្ចុប្បន្ន និង​បាន​សន្យាថា នឹង​ពង្រឹង​ការគាំទ្រ​គ្នា​បែប​​នេះ​បន្ថែមទៀត​។

​ភាគី​ទាំង​ ២ មាន​គោលជំហរ​ដូចគ្នា​ក្នុង​ការគោរព​តាម​ធម្ម​នុ​ញ្ញ​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការគោរព​ចំពោះ​អធិបតេយ្យ​​ភាព និង​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិនៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​២០ ខែមីនា​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​និង​អារ៉ាប៊ី សាអ៊ូឌីត ​មិនទាន់មាន​លក្ខណៈ​ស៊ីជម្រៅ និង​មិនទាន់មាន​ការដាក់​ស្ថានទូត​រវាង​គ្នា​ទៅវិញទៅមក​នៅឡើយ​ទេ​។​

​លោក​ថ្លែង​៖ «​ប្រទេស​ទាំង ​២ ​ចាំបាច់​ត្រូវតែ​ជំរុញ​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រ​ទេស​ទាំង ​២ ​របស់ខ្លួន​ហ្នឹង​ឱ្យបាន​ស៊ីជម្រៅ​ឡើង ពីព្រោះ​យើង​សម្លឹង​ឃើញ​មាន​សក្តានុពល​ច្រើន​ប្រសិន​យើង​អាច​សហការគ្នា ព្រោះ​យើង​ដឹងថា ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ អាច​ចាត់ទុកជា​ប្រទេស​ធំ​មួយ​ក្នុង​ពិភព​អារ៉ាប់​។ ប្រសិនជា​យើង​មាន​កិច្ច​សហ​​ប្រតិ​ប​តិ្ត​ការ​គ្នា​បានល្អ ហ្នឹង​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ពិពិធ​កម្ម​កា​ទូត​របស់​ប្រទេស​កម្ពុជា ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ​»​។​

​លោក​ គិ​ន ភា ថ្លែងថា ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជា​ប្រទេស​ដែលមាន​ការនាំ​ប្រេង​ចេញ​ធំជាងគេ​ផងដែរ​នៅក្នុង​ពិភព​​លោក​ហើយ​ការដែល​កម្ពុជា​ស្នើឱ្យ​អារ៉ាប៊ី សាអ៊ូឌីត ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ឧស្សាហកម្ម​ប្រេង​ក៏​ជា​ចំណុច​សំខាន់​ដែរ​។​

​ក្នុងជំនួប​ជាមួយ​ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នា​ថ្ងៃទី ​១៨ ខែមីនា លោក​នា​​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​កម្ពុជា និង​អា​រ៉ា​ប៊ី​ សា​អូ​៊​ឌី​ត ធ្វើ​កិច្ចសហប្រតិបត្តិការ លើ​រាល់​សកម្មភាព និង​សក្តានុពល​ដែល​កម្ពុ​ជាមាន​។

​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​ដើម្បី​ពង្រីក​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ផង និង​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ផង តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ដោយ​ប្រទេស​ទាំង​ ២​មាន​សក្តានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហប្រតិបត្តិការ​។​

​សក្តានុពល​ទាំងនោះ មានដូចជា វិស័យ​ទេសចរណ៍ បច្ចេក​វិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម​។​ល​។ ក្នុងន័យនេះ ព្រះអង្គម្ចាស់ ក៏បាន​គោរព​សុំ​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន សែន បាន​យល់ស្រប​ជាមួយ​ព្រះអង្គម្ចាស់ ហើយ​ក៏បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឱ្យ​ព្រះអង្គម្ចាស់​ជំរុញ​កិច្ច​សហ​ប្រ​​តិ​ប​ត្តិ​ការ លើ​រាល់​សកម្មភាព និង​សក្តា​នុ​ពុល​ដែល​យើង​មាន ជាពិសេស​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការ​សកម្មភាព និង​ជំរុញ​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​នាពេលខាងមុខ​៕​