ភ្នំពេញៈ ទិដ្ឋភាព​វប្បធម៌​រប​ស់​ជនជាតិដើម​ភាគតិច​ព្នង ត្រូវ​​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី WORLD MONUMENTS WATCH ឆ្នាំ ​២០២២ ដែលជា​ការជ្រើសរើស​តំបន់​បេតិកភណ្ឌ​សំខាន់ៗ នៅលើ​ពិភពលោក​ចំនួន ២០ ​ទីតាំង ដែលជា​ទីតាំង​ចាំបាច់ ត្រូវមាន​ការអភិរក្ស​ជាបន្ទាន់ និង​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​សហគមន៍​នៅ​ជុំវិញ​នោះ​។

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) បានឱ្យដឹងថា តាមរយៈ​កម្មវិធី World Monuments Watch ឆ្នាំ ​២០២២ នេះ​អង្គការ World Monuments Watch (WMF) បាន​អំពាវនាវ​ឱ្យមាន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការយល់ដឹង និង​ការគាំទ្រ​កាន់​​តែ​ច្រើន​ថែមទៀត ដើម្បី​ប្រើប្រាស់​ការអភិរក្ស​បេតិកភណ្ឌ​ជា​ឧ​បក​​រណ៍​សម្រាប់​ការពង្រឹង​សិទ្ធិ​ជនជាតិដើម​ភាគតិច​។​

​ជនជាតិ​ព្នង​ គឺជា​សហគមន៍​ជនជាតិដើម​ភាគតិច​មួយ នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ជីវភាព​រស់នៅ​របស់​ជ​ន​​ជាតិ​នេះ​ គឺ​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ទៅនឹង​ទឹកដី​ដូនតា​របស់​ពួកគាត់​។ ក្រៅពី​រចនាសម្ព័ន្ធ ភាសា​តាម​តំបន់​មាន​ភាព​ពិសេស​ខុសប្លែក​ពី​គេ ទិដ្ឋភាព​វប្បធម៌​រប​ស់ជន​​ជាតិ​ដើម​ភាគតិច​ព្នង​ក៏​រួម​មាននូវ​ដី​កសិកម្ម ព្រៃ​អារក្ស និង​ដី​បញ្ចុះសព ពោលគឺ​គ្រប់កន្លែង​រស់នៅក្នុង​សង្គម វិញ្ញាណ​អារក្ស និង​ចំណុច​សំខាន់​ផ្នែក​ប្រវត្តិ​សា​​ស្ត្រ​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ទម្លាប់​សាសនា និង​ចំណេះដឹង​ប្រពៃណី​។

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា​៖ «​ជនជាតិដើម​​ភាគតិច​ព្នង ត្រូវបាន​ចាត់ទុកថា ជា​ក្រុម​ប្រជាជន​ដ៏​សំខាន់​នៃ​ទិដ្ឋភាព​វប្បធម៌​ដ៏​សម្បូរបែប​តាម​​រយៈ​ការដាំដុះ​ជា​បន្តបន្ទាប់ និង​ការអនុវត្ត​គ្រប់គ្រង​ព្រៃឈើ​តាមបែប​ប្រពៃណី​។ សហគមន៍​ជន​​ជាតិ​ដើម​ភាគតិច​ព្នង នៅ​ទូទាំង​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​កម្ពុជា ​កំពុង​ព្យាយាម​ការពារ​ទីតាំង និង​ទម្លាប់​អនុវត្ត​ដែលមាន​សារៈ​​សំខាន់ ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ និង​អត្តសញ្ញាណ​របស់​ពួកគាត់​»​។​

​លោក ​ប្រាក់ ណែ​ត ប្រធាន​សមាគម​ជនជាតិដើម​ភាគតិច​​ព្នង បាន​លើកឡើងថា ការ​មានឈ្មោះ​នៅក្នុង​បញ្ជី​របស់​កម្មវិធី Watch គឺ​ជួយ​ឱ្យ​ពិភពលោក​ស្គាល់​ពី​តំបន់​នេះ​។ លោក​ថា​៖ «​យើង​គឺជា​ក្រុម​តូច​។ នៅពេល​មាន​មនុស្ស​កាន់តែច្រើន​បាន​ស្គាល់​ទីតាំង​នេះ នឹង​ជួយ​យើង​ក្នុងការ​ការពារ​តំបន់​នេះ​។ ជាការ​សំខាន់​គឺ​យើង​ត្រូវតែ​ផ្ទេរ​ចំណេះដឹង​ទៅកាន់​អ្នកជំនាន់ក្រោយ​ដើម្បីឱ្យ​កូនៗ និង​ចៅៗ​របស់​យើង មាន​មោទនភាព ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​»​។ សកម្មភាព​នេះ គឺ​ធ្វើឱ្យ​ប្រវត្តិ​របស់​ជនជាតិដើម​​ភាគតិច​ព្នង មាន​ភាពរស់រវើក​។​

​លោក​បាន​ថ្លែងថា៖ «​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា មានសំណាង​ដែល​ស្ថាបត្យកម្ម​របស់​យើង​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​របស់​អង្គការ Watch ដូច្នេះ​អ្នកដទៃ អាច​នឹង​មើលឃើញ​តំបន់​នេះ ហើយ​យុវជន​វ័យក្មេង​អាច​នឹង​រក្សា​តំបន់​នេះ និង​ការពារ​តំបន់​នេះ​កុំឱ្យ​បាត់បង់​»​។​

​ចំណែក លោកស្រី Bénédicte de Montlaur ប្រធាន​និង​អគ្គនាយិកា​អង្គការ WMF មានប្រសាសន៍ថា៖ «​ការជួយ​សង្គ្រោះ​តំបន់​បេតិកភណ្ឌ​​វប្បធម៌​ដែល​មិនអាច​ជំនួស​បាន​ទាំងនេះ គឺ​ពិត​ជាមាន​សារៈ​​សំខាន់​ខ្លាំងណាស់​»​។

​លោកស្រីបាន​បន្ថែមថា បញ្ហា​ប្រឈម​សកល​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដែល​កំពុង​ប្រឈម ដោយ​បេ​តិក​​ភណ្ឌ​នានា​នៅក្នុង​សតវត្សរ៍​ទី​២១ នេះ​គឺ​តម្រូវឱ្យមាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ប្រឌិត ចីរភាព និង​អាច​ផលិតឡើង​វិញ​បាន​។ តាមរយៈ​ការគាំទ្រ​សហគមន៍​ក្នុងការ​អភិរក្ស​ទីតាំង​មានតម្លៃ​សម្រាប់​ពួកគេ​បំផុត​នោះ ការ​​ពង្រឹង​ទំនាក់ទំនង​សង្គម​នឹង​ជំរុញឱ្យមាន​ការយល់ដឹង​ឱ្យ​កាន់​​តែ​ទូលំទូលាយដែលថា អនាគត​ក្នុងនាម​ជា​ពលរដ្ឋ​សកល គឺមាន​ជាប់​ពាក់ព័ន្ធ​គ្នា​ដោយ​មិនអាច​កាត់ផ្ដាច់​បាន​។​

​ដោយបាន​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ​ ១៩៩៦ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន American Express កម្មវិធី Watch នេះ តែងតែ​ធ្វើការ​ប្រកាស​ដំណើរការ​រៀងរាល់​ ២​ ឆ្នាំ​ម្ដង ហើយ​រួមបញ្ចូល​ទាំង​នៅ​ទីតាំង​ដែល​បាន​កំណត់ដោយ​ប្រជាជន និង​អង្គការ​តាម​សហ​​គម​ន៍​នៅ​ទូទាំង​សកលលោក​។ កម្មវិធី​នេះ ​គឺជា​ឧបករណ៍​ដែលមាន​ការបញ្ជាក់​ពី​ប្រសិទ្ធភាព​សម្រាប់​ការលើកកម្ពស់​ការ​យល់ដឹង​អំពី​ទីតាំង ដែល​ត្រូវ​ការការពារ ការបង្កើន​សកម្មភាព និង​ការគាំទ្រ​សម្រាប់​ការអភិរក្ស​របស់​ពួកគេ​។

​រហូតមកដល់​ពេលនេះ អង្គការ WMF បានរួម​ចំណែក​ជាង ១១០ ​លាន​ដុល្លារ ចំពោះ​គម្រោង​នានា​ដែលមាន​ជាង ៣០០​ ទីតាំង​នៃ​កម្មវិធី Watch ដែល​កម្មវិធី Watch បាន​ជួយ​ផ្សព្វផ្សាយ​ឱ្យមាន​ការមើលឃើញ​ ដើម្បី​ជួយ​បង្កើន​ថវិកា​សហគមន៍ ៣០០​ លាន​ដុល្លារ​បន្ថែមទៀត​ពី​ប្រភព​ផ្សេងៗ​៕​