ភ្នំពេញៈ​ គណៈកម្មាធិការ​​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​​មនុស្ស (​គ​.​ជ​.​ប​.​ជ​.) ​និង​អង្គ​​ការ​ឃែ​រ​អន្ដរជាតិ​ប្រចាំ​ប្រទេស​​កម្ពុជា ​ប្រកា​សបិទ​បញ្ចប់​គម្រោង “​ចំណាកស្រុក​ឆ្លងដែន​ដោយ​សុវត្ថិភាព​” ​ខណៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​ក្រុម​គោលដៅ​នៃ​គម្រោង​ក្នុង​ខេត្ត​ចំនួន ​២ បន្តសកម្មភាព​ផ្សព្វ​​ផ្សាយ​អំពី​បញ្ហា​ចំណាកស្រុក​។​

​គម្រោង “​ចំណាកស្រុក​ឆ្លង​ដែន​ដោយ​សុវត្ថិភាព​” ​ត្រូវបាន​ប្រកាស​អនុវត្ត​កាលពី​ឆ្នាំ ​២០២១ នៅក្នុង​ស្រុក​ចំនួន ​២ ​គឺ​ក្នុងស្រុក​​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ស្រុក​​កំពង់សីលា ខេត្ត​ព្រះសីហនុ ដោយមាន​កិច្ចសហការ​រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​​ឃែ​រ​អន្តរជាតិ​ប្រចាំ​កម្ពុជា​។​

​គម្រោង​នេះ ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​កាលពី​ថ្ងៃទី ​១៨ ខែ​ មីនា ឆ្នាំ ​២០២២ ដែលមាន​ការ​​ចូលរួម​ពី​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍ គ​.​ជ​.​ប​.​ជ តំណាង​អង្គការ​ឃែ​រ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ ជិត​ជាង ៧០ ​នាក់ នៅ​សាលា​​ខេត្តកំពង់ស្ពឺ​។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋ​​លេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍ គ​.​ជ​.​ប​.​ជ បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២០ មីនា​ថា ក្រោយ​គម្រោង​នេះ គឺ​ទទួល​​បាន​ជោគជ័យ​លើសពី​ការ​​គ្រោងទុក ដោយសារ​មានការ​​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន ខណៈ​ពលរដ្ឋ​ក្នុង​គម្រោង​បាន​បន្ត​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូ​​លាយ​អំពី​ការធ្វើ​ចំណាកស្រុក​ឆ្លងដែន​ដោយ​សុវត្ថិភាព​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​គោលបំណង​គម្រោង​នេះ គឺ​យើង​នឹង​ប្រាប់​គាត់​ថា ប្រសិន​​បើ​មាន​ការធ្វើ​ទេស​ន្ត​ប្រវេសន៍​ហ្នឹង សុំឱ្យ​គាត់​ជ្រើស​យក​ផ្លូវ​ដែលមាន​សុវត្ថិភាព គាត់​ត្រូវ​យល់​ពី​បញ្ហា​ច្បាប់ និង​ដឹង​អំពី​របៀបរបប​នៃ​​ការចូលរួម​ទៅធ្វើ​ការបរទេស និង​លក្ខខណ្ឌ​ការងារ​ដែល​គាត់​​ត្រូវបំពេញ​ជាដើម​។ ​យើង​បាន​ជោគ​​ជ័យ ព្រោះ​មានការ​ចូលរួម​ច្រើន​»​។​

​លោកស្រី ជូ ប៊ុន​អេង បាន​ប្រាប់ទៀតថា គម្រោង​នេះ បាន​បង្កើតឱ្យមាន​មិត្ត​អប់រំ​មិត្ត​ចំនួន ៥២​ ក្រុម ស្រប​ពេលដែល​ប្រទេស​ថៃ ក៏មាន​ក្រុម​នេះ​ចំនួន​ ៥២ ក្រុម ដើម្បី​រួមគ្នា​ចុះ​អប់រំ​អំពី​ការធ្វើ​ចំណាកស្រុក​ឆ្លងដែន​ដោយ​សុវត្ថិភាព ចៀសវាង​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ផងដែរ​។​

​លោកស្រីបាន​អះអាងថា​៖ «​បើ​ទោះ​​ជា​គម្រោង​នេះ ត្រូវបាន​បញ្ចប់​ដោយ​​សារ​តែ​អង្គការ​ឃែ​រ​បានបញ្ចប់​គម្រោង​រប​ស់​គេ ក៏​ការងារ​ដែល​យើង​បាន​បង្កើត​ក្រុម​មិត្ត​អប់រំ​មិត្ត​នៅក្នុង​ស្រុក​ទាំង​ ២​ នេះ នៅ​បន្ត​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ទៅកាន់​ពលរដ្ឋ​របស់​យើង​ឱ្យ​បញ្ឈប់​ការឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​ប្រថុយប្រថាន​ទៅរក​ការងារ​ធ្វើ​នៅ​​ក្រៅប្រទេស​»៕