ភ្នំពេញៈ ប្រទេស​ជប៉ុន​បន្ត​គាំទ្រ​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​នៅ​កម្ពុជា​ជាមួយ​ដៃគូ​ថ្មី​រវាង UNDP និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ផ្តល់​អគ្គិសនី​ដល់​ប្រជាជន​ ១ ៣០០ ​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​ ៧​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំង​ ៣ បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២០ មីនា ស្ថានទូត​ជប៉ុន​ និង​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ថ្មី​មួយ ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Fumio Kishida នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ដដែល​បានឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​ដល់​ការទទួលបាន​ថាមពល​ប្រើប្រាស់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងទៅនេះ​ដែល​ធ្វើឱ្យមាន​កំណើន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងខ្លាំងក្លា និង​មិន​ធ្លាប់មាន​ពីមុន​មកពី ​៦,៦​ ភាគរយ នៅ​ឆ្នាំ​ ២០០០ ទៅ ៩៧,៥៣ ​ភាគរយ នៅ​ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​នេះ​បាន​លើកឡើង​ដែរ​ថា គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹងត្រូវ​អនុវត្ត​ដោយ UNDP និង​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ការទទួល​បាន​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​បរិយាបន្ន​នៅ​តំបន់​ជនបទ ខណៈ​គម្រោង​នេះ​នឹង​ផ្តល់ជូន​ប្រជាជន ១ ៣០០​ គ្រួសារ ឱ្យ​ទទួលបាន​ដោយផ្ទាល់​នូវ​ការប្រើប្រាស់​ថាមពល​ស្អាត​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​។

សេចក្តី​ប្រកាស​បានបញ្ជាក់​ថា​ «​បច្ចុប្បន្ន យើង​មិនអាច​ធ្វើដំណើរ​ទៅដល់​សហគមន៍​ទាំងនេះ​តាមរយៈ​ផ្លូវគោក​នោះទេ ដោយ​តំបន់​ទាំងនេះ​ស្ថិតនៅ​លើដី​កោះដាច់​ស្រយាល​នៃ​ផ្ទៃ​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង និង​នៅលើ​ទន្លេមេគង្គ​នៃ​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង និង​នៅ​ទីជនបទ​ដែល​ទើបតែ​សម្អាត​មីន​ថ្មីៗ​នេះ​នៃ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង​តំបន់​ដាច់​ស្រយាល​របស់​ខេត្តរតនគិរី​»​។

UNDP ​បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​ចំពោះ​បញ្ហា​នេះ ខណៈ​គម្រោង​ថ្មី​មួយ​នេះ​នឹង​ផ្តល់​ថាមពល​កកើត​ឡើងវិញ​ទៅកាន់​តំបន់​ដាច់​ស្រយាល ជាពិសេស​គឺ​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ភូមិ​ដែល​នៅ​សេសសល់​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។

UNDP ​បាន​បញ្ជាក់ថា​ «​ក្នុងចំណោម​ភូមិ​ដាច់ស្រយាល ដែល​គ្មាន​ភ្លើង ទឹកស្អាត​ប្រើប្រាស់​ទាំង​ ៣៥០ ​ភូមិ មាន​ភូមិ​ចំនួន ​១៨០ មានការ​លំបាក​ធ្វើ​​ដំណើរ​ទៅដល់​ដោយសារ​ [​បញ្ហា​] ​ផ្លូវ​។ ​ភូមិ​ជាច្រើន​គឺ​ក្រីក្រ​ខ្លាំង​មែនទែន ហើយ​អ្នកភូមិ​មួយចំនួន​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​»​។

លោកស្រី Alissar Chaker តំណាង​អង្គការ​ UNDP ​បាន​ថ្លែងថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ ១ ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​អគ្គិសនី​ខ្ពស់បំផុត​ក្នុង​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​លើ​ការអនុម័ត​ផ្អាក​ដំណើរការ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី និង​ការលើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ (​ថាមពល​មិន​ប៉ះពាល់​ដល់​បរិយាកាស​)​។ ការដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​នៃ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​ខ្នាត​ ១០ MW ក្នុង​ឆ្នាំ​ ២០១៧ ដល់​៣៧២ MW នៅ​ចុងឆ្នាំ​ ២០២១ គឺជា​ភ័ស្តុតាង​បង្ហាញថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការសម្រេច​​បាន​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​ខ្លួន​សម្រាប់​អព្យាក្រឹត​កាបូន និង​ឈានទៅរក​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ថាមពល​កកើត​ឡើងវិញ​»​។

កាលពី​ខែកក្កដា ឆ្នាំ​ ២០២១ ​កន្លង​​ទៅ UNDP ​បានប្រកាស​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ដល់​ការទទួលបាន​ថាមពល​កកើត​ឡើងវិញ សម្រាប់​ប្រជាជន​ ៥០០ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នៅត្រឹម​ឆ្នាំ​ ២០២៥​។ ​ការប្រកាស​នេះ​ព្រោះតែ​ UNDP ​បាន​ចាត់ទុកថា ការទទួលបាន​ថាមពល​ប្រើប្រាស់​គឺជា​កត្តា​ជំរុញ​សម្រាប់​វឌ្ឍនភាព​ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​​ខេត្តកំពង់ឆ្នាំង​បាន​សាទរ​ចំពោះ​គម្រោង​នេះ ដែល​លោក​យល់ថា បាន​ចូលរួម​ជួយ​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​រស់នៅ​តាម​តំបន់​ទន្លេសាប​ដែលមាន​ការលំបាក​ក្នុង​ការបញ្ជូន​អគ្គិសនី​ប្រើប្រាស់​ដោយ​ខ្សែ​។ ​លោក​បន្តថា ការមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ គឺ​បានន័យថា ចូលរួម​បង្កើន​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឱ្យ​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ដាច់​ស្រយាល​មាន​ភាពរស់រវើក​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​និយាយ​រួម​ទៅឱ្យ​តែមាន​អគ្គសនី​គឺ​ប្រសើរ​មែនទែន ព្រោះ​ការរស់នៅ បើ​យើង​អត់​មាន​អគ្គិសនី​គឺ​លំបាក ព្រោះ​ធ្វើ​អ្វីមួយ ធ្វើ​អាជីវកម្ម​អ្វីមួយ គឺ​ត្រូវការ​អគ្គិសនី​។

ប្រសិនបើ​យើង​បាន​អគ្គិសនី​ដោយ​ភ្លើង​រដ្ឋ​ក្តី ដោយ​សូឡា​ក្តី គឺ​សុទ្ធតែ​ជាការ​ប្រពៃ​ទាំង​អស់ហើយ​ប្រើ​សូឡា​ក៏​ល្អ​ដែរ​»៕