
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. លោក ស ខេង ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២» នាថ្ងៃទី ២១ មីនា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១- ២០៣០)» ដោយបន្តអនុវត្តទៅមុខកាន់តែមានភាពស៊ីជម្រៅក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យពលរដ្ឋទទួលបាននូវផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. លោក ស ខេង ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២» នាថ្ងៃទី ២១ មីនា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញថា ការសម្រេចធ្វើកំណែទម្រង់ជាជំហានៗបែបនេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃដំណើរការស្ថាប័នសាធារណៈ និងនិរន្តរភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផង ព្រមទាំងការដកស្រង់នូវមេរៀន បទពិសោធនៃការអនុវត្តជាក់ស្ដែងផង។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បញ្ជាក់ថា ដូច្នេះមកទល់បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេសមានទម្រង់ជាវិមជ្ឈការផង និងវិសហមជ្ឈការផង។ ក្នុងនោះរដ្ឋបាលឃុំ សង្កាត់ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិមជ្ឈការច្រើន និងវិសហមជ្ឈការតិចតួច រដ្ឋបាលក្រុង ស្រុកបាននិងកំពុងទទួលនូវមុខងារ និងធនធានតាមបែបវិមជ្ឈការជាបណ្តើរៗ។
ដោយឡែករដ្ឋបាលរាជធានី-ខេត្ត ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិសហមជ្ឈការច្រើនជាងវិមជ្ឈការ។ ប្រព័ន្ធនេះនឹងត្រូវធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដោយជំរុញការធ្វើវិមជ្ឈការមុខងារ ធនធាន និងសិទ្ធិអំណាចឱ្យកាន់តែច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដែលកើតចេញពីការបោះឆ្នោត មានភាពម្ចាស់ការ មានការទទួលខុសត្រូវពេញលេញ និងមានគណនេយ្យភាពច្បាស់លាស់ចំពោះប្រជាពលរដ្ឋ។
លោក ស ខេង ថ្លែងថា៖ «មកទល់ពេលនេះ យើងបានបញ្ចប់នូវការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី ១ (២០១០-២០២០) រួចហើយ ដោយសម្រេចបានសមិទ្ធផលធំៗ ជាច្រើនស្របតាមការរំពឹងទុក»។
លោកថា សមិទ្ធផលធំៗ ២ ដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនោះ គឺទី ១ ផ្អែកលើការសម្របសម្រួល ឯកភាពស្រុះស្រួលគ្នាខាងនយោ-បាយ រាជរដ្ឋាភិបាលបានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ទៅតាមអាណត្តិ ដែលកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយៗ។ ទី ២ សម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារ និងធនធានក្នុងវិស័យអាទិភាពនានាជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
បើតាមលោក ស ខេង ក្នុងរយៈពេលកន្លងមកនេះ មានក្រសួង ស្ថាប័នចំនួន ២០ ដែលស្ថិតក្នុងវិស័យអាទិភាពនានាបានចូលរួមក្នុងកិច្ចដំណើរការរៀបចំផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមដំណាក់កាលនីមួយៗ។ មុខងារមួយចំនួនត្រូវបានផ្ទេរតាមរយៈការធ្វើប្រតិភូកម្ម (វិសហមជ្ឈការ) និងមុខងារមួយចំនួនទៀតបានផ្ទេរតាមរយៈការប្រគល់ (វិមជ្ឈការ) មានជាអាទិ៍ មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលក្នុងវិស័យសុខាភិបាល និងមុខងារគ្រប់គ្រង មណ្ឌលថែទាំកុមាររដ្ឋ ក្នុងវិស័យសង្គមកិច្ចត្រូវបានធ្វើវិមជ្ឈការទៅឱ្យរដ្ឋបាលរាជធានីខេត្ត។
មុខងារក្នុងវិស័យអប់រំ ចំនួន ៣ រួមមាន មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ការអប់រំកុមារតូច និងការអប់រំក្រៅប្រព័ន្ធត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង ១៤ នៃខេត្តបាត់ដំបង និងមុខងារចំនួន ៥៥ ក្នុងវិស័យចំនួន ២០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈការធ្វើសមាហរណកម្មនូវការិយាល័យជំនាញ នានាបញ្ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
លោកថ្លែងថា៖ «ផ្អែកលើសមិទ្ធផលធំៗ ដែលសម្រេចបាននាពេលកន្លងមកនេះបានបង្ហាញឱ្យឃើញថា ការកំណត់នូវចក្ខុវិស័យដ៏ច្បាស់លាស់ និងការខិតខំប្រឹងប្រែងអនុវត្តប្រកបដោយឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតក្នុងរយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ ក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់ នូវការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានមានបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាពិនិត្យ និងដោះស្រាយលើការងារនេះ ក្នុងនោះមានការធានាឱ្យមានការស្រុះស្រួលមូលគំនិតគ្នាអំពីការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។ ជាពិសេសក្នុងក្របខ័ណ្ឌនៃស្វ័យភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតម្រូវឱ្យមានការតាំងចិត្តខាងនយោបាយរយៈពេលវែង និងមានការចូលរួមពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលទាំងមូល។ ក៏ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែងកន្លងមក ស្ថាប័នមួយចំនួននៅមានភាពស្ទាក់ស្ទើរក្នុងការផ្ទេរសិទ្ធិអំណាច ការទទួលខុសត្រូវមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ទោះបីស្ថាប័នមួយចំនួនបន្តការតាំងចិត្តខាងនយោបាយក្នុងការអនុវត្តគោលនយោបាយនេះក៏ដោយ ក៏ល្បឿន និងបែបផែននៃការអនុវត្តកិច្ចការនេះមានភាពខុសៗគ្នាផងដែរ។
លោកថា ថ្វីដ្បិតតែកម្មវិធីជាតិដំណាក់កាលទី ១ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅ ថា កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅតែបន្តអនុវត្តទៅមុខជាបន្តបន្ទាប់ដោយគ្មានកាលកំណត់ និងកាន់តែមានភាពស៊ីជម្រៅពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យជាចម្បងរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យប្រជាពលរដ្ឋ ទទួលបាននូវផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ផ្អែកលើចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំកម្មវិធីជាតិដំណាក់កាលទី ២ សម្រាប់រយៈពេល ១០ ឆ្នាំបន្ថែមទៀតគឺចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០»៕