ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល​មិន​រើសអើង​វត្តមាន​វ៉ាក់សាំង​នោះឡើយ ហើយនឹង​ទទួលយក​នូវ​ការផ្តល់​វ៉ាក់សាំង​ពី​គ្រប់​ប្រទេស​ទាំងអស់ ដោយហេតុ​វ៉ាក់សាំង​ទាំងនោះ​បានធ្វើឱ្យ​​រាជរដ្ឋាភិបាល បាននិងកំពុង​តែ​ដើរ​ដល់​កម្រិត​មួយ​ដែល​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​អាច​ចាត់ទុកថា កម្ពុជា​បាន​ដើរ​លឿន​នៅលើ​ការ​គ្រប់គ្រង​កូវីដ​នេះ​ទាន់​សភាពការណ៍​។

លោក​បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​នៅ​ថ្ងៃទី​ ២១ ខែមីនា នេះ​បានបញ្ជាក់​ជាថ្មី​ថា ចិន​បានប្រកាស​ផ្តល់​វ៉ាក់សាំង​មក​កម្ពុជា​ចំនួន​ ២០​ លាន​ដូ​ស ដែល​ក្នុងនោះ​ ៥​ លាន​ដូស​នឹង​មកដល់​នៅ​ចុងខែ​មីនា​នេះ ដែល​នេះ​ធ្វើឱ្យ​កម្ពុជា​មានជំនឿថា មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែងថា​៖ «​បើ​និយាយ​ពី​សង្គ្រាម​គឺ​មានន័យថា​យើង​មាន​គ្រាប់ មាន​អាវុធ​គ្រប់គ្រាន់​ក្នុង​ដៃ​សម្រាប់​ការពារ​ប្រជាជន​របស់​យើង​ដែល​យើង​កំពុងតែ​ខិតខំ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​ដ៏កាច​សាហាវ​នេះ​ដែល​កម្ពុជា​កំពុង​ដើរ​មកដល់​កម្រិត​មួយ​ដែល​ប្រទេស​ក្នុង​តំបន់​ ឬ​ក្នុង​ពិភពលោក​អាច​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល​បាន​ដើរ​លឿន​ទៅលើ​ការគ្រប់គ្រង​កូវីដ នេះ​ទាន់សភាពការណ៍​»​។ «​ពិតមែន​យើង​មិនទាន់​អស់​កូវីដ គឺ​យើង​មិន​ប្រកាស​ពី​ជ័យជម្នះ​ថា យើង​ឈ្នះ​ទេ យើង​គ្រាន់តែ​ឈ្នះ​សមរ​ភូមិតូចៗ​តែប៉ុណ្ណោះ តែ​យើង​មិនទាន់​ឈ្នះ​លើ​សង្គ្រាម​ប្រឆាំងនឹង​កូវីដ​ទេ​។ ឈ្នះ​សង្គ្រាម និង​ឈ្នះ​សមរភូមិ មានន័យ​ខុសគ្នា​។ យើង​ធ្លាប់​ឈ្នះ​លើ​សមរភូមិ​ដែលតា អាល់ហ្វា ប៉ុន្តែ​យើង​មិនទាន់​បានឈ្នះ​លើ​សង្គ្រាម​កូវីដ​ទេ​»​។

វ៉ាក់សាំង​ចំនួន​ ៥​ លាន​ដូស​នឹង​ដឹក​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ១​ លាន​ដូស​មកពី​ប្រទេស​អ៊ីតាលី និង​ ១​ លាន​ដូស​ផ្សេងទៀត​មកពី​ប្រទេស​ប៉ូឡូញ ខណៈដែល​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​នៅសល់​ ៦ ​លាន​កន្លះ​ទៀត​។

លោក​ ហ៊ុន សែន ថា​៖ «​សុំ​កុំ​ថា​លោក ហ៊ុន សែន អាត្មានិយម គឺ​អត់​ទេ​។ ​វ៉ាក់សាំង បើ​គេ​ឱ្យមក​គឺ​យក​ទាំងអស់​»​។

លោក​បានបញ្ជាក់​ទាក់ទង​នឹង​វ៉ាក់សាំង​អាស៊ាន​ផងដែរ​ថា ដំបូង​ឡើយ​លោក​នឹង​ផ្តល់​វ៉ាក់សាំង​នេះ​ទៅដល់​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​ដោយសារតែ​វ៉ាក់សាំង​ប្រភេទ​ Pfizer ដែល​ទាមទារ​ឱ្យ​មានការ​រក្សាទុក​ក្នុង​ទូ​ត្រជាក់​ខ្លាំង ដែល​កម្ពុជា​មិនមាន​លទ្ធភាព​ដឹកជញ្ជូន​ទៅឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រៀបចំ​ធ្វើ​ផែនការ​រំកិល​ដោយ​អាច​អនុញ្ញាតឱ្យ​កុមារ​អាយុ​ជិត​ ៣​ ឆ្នាំ​ ឬ​អាយុ​ ២​ ឆ្នាំ​ ១០ ​ខែ​ ដើម្បី​ជំរុញ​ការចាក់​វ៉ាក់សាំង​ដល់​មូលដ្ឋាន​ និង​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ ២០២២ មនុស្ស​ចំនួន​ជាង​ ១៤,៧ ​លាន​នាក់ ​ឬ​ ៩២,៤០% បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ខណៈដែល​មនុស្ស​ជាង​ ៧,៧​ លាន​នាក់ បាន​ចាក់ដូស​ទី​ ៣ និង​មនុស្ស​ជាង​ ១ ​លាន​នាក់​បាន​ចាក់​ដូស​ទី​ ៤​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​ក្រុមគ្រូពេទ្យ​ខ្មែរ​ធ្វើការ​សហការ​ និង​ទាញយក​ផលប្រយោជន៍​ទៅលើ​ការអភិវឌ្ឍ​ផ្នែក​ថ្នាំបុរាណ​ចិន ដែល​ខាង​ភាគី​ចិន​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​ឱសថ​បុរាណ​ចិន​មកជួយ​បណ្តុះបណ្តាល​គ្រូពេទ្យ​ខ្មែរ​ពី​ការប្រើប្រាស់​ថ្នាំបុរាណ​ចិន​នេះ​។ ក្រុម​គ្រូពេទ្យ​ទាំងនេះ​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ត្រូវតែ​សហការ​ជាមួយ​គាត់ អាចមាន​លទ្ធភាព​ដែល​ពួកគាត់​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការផលិត​ឱសថ​នេះ​ផងដែរ ហើយ​ទាក់ទង​នឹង​ការផលិត​វ៉ាក់សាំង​ក៏​ត្រូវតែ​ធ្វើការ​បន្ត​ជំរុញ​ក្នុងការ​ពន្លឿន​ការធ្វើការ​ជាមួយនឹង​ភាគី​ចិន​ ដើម្បី​បង្កើតឱ្យមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​ផងដែរ​។ ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ចិន​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ​១៦ ខែមីនា កន្លងទៅនេះ​។ យោងតាម​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ថា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​នេះ​មាន​សមាជិក​ចំនួន​១២​រូប ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បុរាណ​ចិន​នៃ​ប្រទេស​ចិន គឺជា​ក្រុម​វេជ្ជសាស្ត្រ​ថា្នក់ជាតិ​ដំបូង​គេ​លើ​សកលលោក​ដែល​ភាគី​ចិន​បាន​ចាត់​បញ្ជូន​មកកាន់​ក្រៅប្រទេស​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ក្នុងនោះ​មាន​អ្នកជំនាញ​ផ្នែក​ជំងឺ​សួត ផ្នែក​សរសៃឈាម​បេះដូង ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ជាដើម​។ ពួកគេ​នឹង​រៀបចំ​ធ្វើ​រោគវិនិច្ឆ័យ ព្យាបាល និង​បណ្ដុះបណ្ដាល​ផ្នែក​ទប់ស្កាត់​ជំងឺ​វីរុស​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​- ចិន​ព្រះកុសុមៈ​រយៈពេល​ ៦០ ​ថ្ងៃ​ដោយ​ផ្អែកលើ​ខ្លឹមសារ​ដែល​បាន​ព្រមព្រៀង​ដោយ​រដ្ឋាភិបាល​ចិន​ និង​កម្ពុជា ដើម្បី​សហការ​ជាមួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​មួយ​នេះ​៕