The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន ស្នើ​ក្រសួង​សុខាភិបាល​សិក្សា​ពី​លទ្ធភាព​ក្នុងការ​វះកាត់ ប្តូរ​ក្រលៀន​ក្នុង​ប្រទេស ព្រោះ​កម្ពុជា​មាន​សមត្ថភាព

លោក​ ហ៊ុន សែន ស្នើ​ក្រសួង​សុខាភិបាល​សិក្សា​ពី​លទ្ធភាព​ក្នុងការ​វះកាត់ ប្តូរ​ក្រលៀន​ក្នុង​ប្រទេស ព្រោះ​កម្ពុជា​មាន​សមត្ថភាព

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត SPM

លោក​ ហ៊ុន សែន ស្នើ​ក្រសួង​សុខាភិបាល​សិក្សា​ពី​លទ្ធភាព​ក្នុងការ​វះកាត់ ប្តូរ​ក្រលៀន​ក្នុង​ប្រទេស ព្រោះ​កម្ពុជា​មាន​សមត្ថភាព

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើឱ្យ​ក្រសួង​សុខាភិបាល សិក្សា និង​ពិចារណា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ក្នុង​ប្រទេស ខណៈ​កម្ពុជា​មាន​សមត្ថភាព និង​បាន​ធ្វើការ​វះកាត់​ក្រលៀន​តាំងពី​ឆ្នាំ​ ២០១០ ហើយ​លោក​នៅតែ​ប្រកាស​ឱ្យ​គ្រូពេទ្យ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ វិជ្ជាជីវៈ និង​សីលធម៌​ដែល​ត្រូវតែ​ធ្វើឱ្យ​បានល្អ​បំផុត​សម្រាប់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ នា​ថ្ងៃទី​ ២១ មីនា ដែលជា​មន្ទីរពេទ្យ​បំពាក់​បរិក្ខារ​វេជ្ជសាស្ត្រ​បម្រើ​ការព្យាបាល​ដ៏ទំនើប និង​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ដោយ​ចំណាយ​ថវិកា​ជាង​ ៨០​ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។

នាឱកាស​នោះ លោក​ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ក្រសួង​សុខាភិបាល សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​នៅក្នុង​ប្រទេស ដោយសារ​ថា កម្ពុជា​បច្ចុប្បន្ន​ក៏មាន​សមត្ថភាព​ធ្វើ​បានដែរ គ្រាន់តែ​ថា កន្លងមក កម្ពុជា​មិនមាន​ការផ្សព្វផ្សាយ​​ឱ្យ​ទូលំទូលាយ ដោយសារ​តែ​ការបារម្ភ​ខ្លាច​មាន​ការជួញដូរ​ក្រលៀន ឬ​អវយវៈ​។ លោក​ក៏បាន​ជំរុញឱ្យមាន​ការបង្កើន​សមត្ថភាព​របស់​គ្រូពេទ្យ ដែល​វា​គឺជា​រឿង​សំខាន់ បូក​នឹង​ការពង្រឹង​បន្ថែមទៀត​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ពេទ្យ ដើម្បី​ធានា​ការព្យាបាល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។

លោក​ ហ៊ុន សែន មានប្រសាសន៍ ថា​៖ «​យើង​មានការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ឬ​មន្ទីរពេទ្យ​កងទ័ព​ដែលមាន​លទ្ធភាព​ដូរ​បាន ប៉ុន្តែ​គ្រាន់តែ​យើង​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ​។ មាន​បងប្អូន​យើង​មួយចំនួន​បានចេញ​ទៅ​ប្រទេសក្រៅ​ដែល​ត្រូវការ​ចំណាយលុយ​ច្រើន​។ ដូចនេះ តើ​យើង​គួរ​ធ្វើយ៉ាងណា​ទៅ​ថ្ងៃ​អនាគត​ពី​បញ្ហា​នេះ ព្រោះ​ទោះបី​ជា​យើង​មិនឱ្យ​ដូរ​ក៏​ពួកគាត់​ទៅ​ដូរ​នៅ​ប្រទេសក្រៅ​ដែរ​»​។

Content image - Phnom Penh Post
មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ដែល​ត្រូវបាន​សម្ពោធ​ដាក់​ប្រើ កាលពី​ម្សិលមិញ​។ ហុង មិនា

លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ក្រសួង​សុខាភិបាល ធ្វើ​យ៉ាងណា​ដោះស្រាយ​នូវ​បញ្ហា​នេះ ដោយ​ផ្តល់​លទ្ធភាព​ឱ្យក្លាយ​ទៅជា​ភាពស្របច្បាប់​តែម្តង​ពី​ការវះកាត់​ប្តូរ​ក្រលៀន​នេះ​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​សូម​គិតគូរ​ពី​បញ្ហា​នេះ ហើយ​កន្លងទៅនេះ​មានតែ​ជនជាតិ​បរទេស​ទេ ដែល​មក​ធ្វើ​ការប្តូរ​ក្រលៀន​នៅក្នុង​ប្រទេស​របស់​យើង ដោយ​ខ្ញុំ​ធ្លាប់បាន​ធ្វើការ​អន្តរាគមន៍​ជួយ​ដល់​អ្នក​ដែល​ធ្វើការ​វះកាត់​ប្តូរ​ក្រលៀន ដោយបាន​សង្គ្រោះ​ជីវិត​របស់​ពួកគេ​បាន​»​។

ជាមួយ​គ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន ដោយ​មិនត្រូវ​ឱ្យមាន​ការជួញដូរ​សរីរាង្គ​កើតមាន​នោះឡើយ​។

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ត្រូវបាន​សាងសង់ឡើង​អស់​រយៈពេល​ជិត​ ៤០ ​ខែ ដែលជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ចាប់ផ្តើម​សាងសង់​នា​ចុងខែ​តុលា ឆ្នាំ​ ២០១៨ និង​បញ្ចប់​ការសាងសង់​នា​ចុងខែ​មករា ឆ្នាំ​ ២០២២​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឱ្យដឹងថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ត្រូវបាន​សាងសង់​លើ​ទំហំ​ដី​ជាង ១៣​ ពាន់​ម៉ែត្រក្រឡា មាន​កម្ពស់​ ១១​ ជាន់ និង​ប្រវែង ៥៣ ​ម៉ែត្រ​។ ចែកចេញជា​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ទូទៅ ជំងឺ​វះកាត់ ផ្នែក​សម្ភព រោគ​ស្ត្រី ព្រមទាំង​សេវា​ជំនួយ​ផ្សេងៗ​ទៀត​។

បើតាម​លោក​រដ្ឋមន្ត្រី អគារ​ថ្មី​នេះ​មាន​អាយុកាល​ប្រើប្រាស់ ៥០ ​ឆ្នាំ និង​អាច​ធន់​នឹង​ការរញ្ជួយ​ដី បាន​កម្រិត​ ៦​ រ៉ិចទ័រ និង​មានការ​ចែកចេញជា​ផ្នែក​ឯកទេស​ជាច្រើន ផងដែរ ព្រមទាំង​អាចឱ្យ​ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់ ទម្ងន់​ចន្លោះ​ពី​ ៣ ​ទៅ​ ៥ ​តោន​ចុះចត​នៅលើ​ដំបូល​អគារ​នេះ​បាន​ផងដែរ​។

លោក​ ម៉ម ប៊ុនហេង ថ្លែងថា​៖ «​មន្ទីរពេទ្យ​នេះ​មាន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​រហូតដល់​ទៅ​ ៤០០ ​គ្រែ ហើយ​មន្ទីរពេទ្យ​ថ្មី​នេះ​ជា​មន្ទីរពេទ្យ​ដ៏ធំ​មួយ​ក្នុងប្រទេស​កម្ពុជា ដែល​អាច​ផ្តល់​សេវា​ថែទាំ​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស ដែលមាន​អាការ​ជំងឺ​ធ្ងន់ៗ ហើយក៏​ជា​កន្លែង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​មួយ​ដ៏សំខាន់​ផងដែរ​»​។

ចំណែក​លោក​ វ៉ាង វិនធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​មន្ទីរពេទ្យ​នេះ​ផងដែរ ដែល​កើតចេញ​ពី​ចំណងមិត្តភាព​ដ៏រឹងមាំ រវាង​ចិន​និង​កម្ពុជា​។ លោក​សម្តែង ក្តីសង្ឃឹម​ជឿជាក់ថា តាមរយៈ​មន្ទីរពេទ្យ​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការបម្រើ​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាជន​កម្ពុជា ដែល​មន្ទីរពេទ្យ​បាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើបៗ ថែមទាំង​មានការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សំខាន់ៗ​នៅ​មន្ទីរពេទ្យ​នេះ​ផងដែរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍