ភ្នំពេញៈ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ​គីស៊ីដា ហ្វូមិអូ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​វិស័យ​សន្តិសុខ​បន្ថែមទៀត​​តាមរយៈ​ការធ្វើ​ទស្សនកិច្ច​ជាបន្តបន្ទាប់ រួមទាំង​ការចូល​ចត​របស់​នាវា​កងកម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន និង​ការពង្រីក​សមយុទ្ធ​ទ្វេភាគី​។

ការឯកភាព​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​កាលពី​ថ្ងៃទី​ ២០ ខែមីនា ក្នុងឱកាស​ដែល​លោក គីស៊ីដា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ នៅ​ថ្ងៃទី​ ២០-២១ ខែមីនា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ ២​។

លោក គីស៊ីដា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពិត​ដែល​កម្ពុជា​បាន​ផ្លាស់ប្តូរ​ពី​ប្រទេស​ដែល​ទទួលយក​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ទៅជា​ប្រទេស​ដែល​បញ្ជូន​កងទ័ព​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ និង​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​រវាង​លោក ហ៊ុន សែន និង​លោក គីស៊ីដា​នា​ថ្ងៃទី​ ២០ ខែមីនា​។

ប្រភព​ដដែល​បន្តថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ បាន​ស្វាគមន៍​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ «​ប្រកប​ដោយ​ជោគជ័យ​» របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​កម្ពុជា នៅ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន​។

លោក​ ហ៊ុន ម៉ាណែត បានធ្វើ​ទស្សនកិច្ច​ ៤ ​ថ្ងៃ​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​ ១៤ ដល់ទី​ ១៧ ខែកុម្ភៈ ដោយ​លោក​ក៏​​មាន​ជំនួប​ជាមួយ លោក គីស៊ីដា ផងដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។

នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​ស្វាគមន៍​ការចូល​ចត​របស់​នាវា​កងកម្លាំង​ស្វ័យការពារ​ជើងទឹក​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ការធ្វើ​សមយុទ្ធ​សុច្ឆន្ទៈ ក៏​​ដូចជា ដំណើរ​ទស្សនកិច្ច​ទៅ​​កាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​របស់​កងកម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​។

គួររំឭកថា នាវា​កង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន​ ២ ​គ្រឿង ​URAGA និង​ HIRADO ដែលមាន​នាវិក​ ១៨០​ នាក់​ចូល​សុំ​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នា​ថ្ងៃទី​ ១៤-១៧ ខែមីនា ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ពជើង​ទឹក​កម្ពុជា​ និង​សម្រេចបាន​នូវ​ «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់ថា​ «​នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​បន្ថែម​​ទៀត តាមរយៈ​ការធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់ រួមទាំង​ការចូល​ចត​របស់​នាវា​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក ការពង្រីក​សមយុទ្ធ​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រវាង​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន និង​កងទ័ពជើងគោក​ភូមិន្ទ​កម្ពុជា លើ​ផ្នែក​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​គ្រោះមហន្តរាយ​»​។

នាយករដ្ឋមន្ត្រី​ទាំង​ ២ ក៏បាន​យល់ព្រម​សម្របសម្រួល​សកម្មភាព​នានា​សម្រាប់​ការថែរក្សា​សន្តិភាព តាមរយៈ​ការកសាង​សមត្ថភាព​លើ​វិស័យ​ប្រតិបត្តិ​ការរក្សា​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ ក្នុង​ការចែករំលែក​បទពិសោធ​របស់​កម្ពុជា​ផ្នែក​បោសសម្អាត​មីន​ជាមួយ​ប្រទេស​ទី ​៣​។

លោក​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ «​យ៉ាងខ្លាំង​» របស់​ជប៉ុន​ដល់​ការបោសសម្អាត​មីន​នាពេល​កន្លងមក​។

ក្រោយ​បញ្ចប់​ជំនួប​ទ្វេភាគី លោក​ គីស៊ីដា និង​លោក ហ៊ុន សែន ក៏បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​គម្រោង​ទទួល​បាន​ថាមពល​កើតឡើង​វិញ​ប្រកបដោយ​បរិយាប័ន្ន​នៅ​តំបន់​ជនបទ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ​ ១,៧ ​លាន​ដុល្លារ​អាមេរិក​ និង​គម្រោង​ពង្រឹង​តម្លាភាព​ និង​គណនេយ្យភាព​នៅ​រដ្ឋបាល​តាមរយៈ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ២,៦​ លាន​ដុល្លារ​អាមេរិក​។

លោក​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ជំនួប​នេះ​ថា​៖ «​យើង​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ ការពារ​ជាតិ និង​ឯកភាពគ្នា​ពង្រឹង​វិស័យនេះ​បន្ថែមទៀត​ព្រមទាំង​សម្ដែង​ការរីករាយ​ និង​ពេញចិត្ត​ចំពោះ​លទ្ធផល​ទស្សនកិច្ច​ដោយ​ជោគជ័យ​របស់​ឯកឧត្តម​ ហ៊ុន ម៉ាណែត នៅ​ប្រទេស​ជប៉ុន​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ និង​ការចូល​ចត​នាវា​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​​ក្នុង​សប្តាហ៍​នេះ​ផងដែរ​»​។

ដោយឡែក​លោក គីស៊ីដា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នេះដែរ​ថា ប្រទេស​ជប៉ុន​នឹង​ពង្រឹង​វិស័យ​ការពារជាតិ​ជាមួយ កម្ពុជា​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សមុទ្រ​សេរី និង​បើកចំហ​តាម រយៈ​ទស្សនកិច្ច​ជា​បន្តបន្ទាប់ នៅ​មូលដ្ឋាន​រាម​ខេត្ត​ព្រះសីហនុ ព្រមទាំង​ការចូល​ចត​នាវា​កងកម្លាំង​ស្វ័យការពារ ជប៉ុន​។

លោក​ថ្លែងថា​៖ «​ការបំពេញបន្ថែម​នៃ​ការហ្វឹកហ្វឺន​ទ្វេភាគី​ និង​សហប្រតិបត្តិការ​វិស័យ​ជំនួយ​មនុស្សធម៌​ និង​ការសង្គ្រោះ​​គ្រោះមហន្តរាយ នឹង​នាំឱ្យ​ចំណង​រវាង​កងកម្លាំង​ស្វ័យការពារ​ជប៉ុន និង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​កាន់តែខ្លាំង​ឡើង​»៕